បទយកការណ៍៖ អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង រួម​គ្នា​ចង្អុល​ គ.ជ.ប (VDO)

ការចោទប្រកាន់លើ គ.ជ.ប ថាជាស្ថាប័នមួយមិនមានការទទូលខុសត្រូវ លើភារកិច្ចរបស់ខ្លួន ព្រោះភាគច្រើន​នៃបណ្តឹងតវ៉ាលើលទ្ធផលបោះឆ្នោត ត្រូវបានស្ថាប័នមួយនេះធ្វើការច្រានចោល ពិសេសបណ្តឹង ស្នើឲ្យមានការបើក​កញ្ចប់សុវត្ថិភាព«ក»។ ផ្ទុយទៅវិញ គ.ជ.ប តែងប្រកាសដោយខ្លួនឯងថា «ធ្វើអ្វីតាមតែច្បាប់»។ ប៉ុន្តែមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ និងក្រុមអ្នកគាំទ្រ បានថ្លែងរួមគ្នាថា ច្បាប់ដែល គ.ជ.ប យកមកអនុវត្តន៍នោះ ត្រូវបានបកស្រាយ​ស្រេចតែ មេដឹកនាំ គ.ជ.ប ចង់បាន។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ ៖ ការចោទប្រកាន់លើ គ.ជ.ប ថាជាស្ថាប័នមួយមិនមានការទទូលខុសត្រូវ លើភារកិច្ចរបស់ខ្លួន ព្រោះភាគច្រើន​នៃបណ្តឹងតវ៉ាលើលទ្ធផលបោះឆ្នោត ត្រូវបានស្ថាប័នមួយនេះធ្វើការច្រានចោល ពិសេសបណ្តឹង ស្នើឲ្យមានការបើក​កញ្ចប់សុវត្ថិភាព«ក»។ ផ្ទុយទៅវិញ គ.ជ.ប តែងប្រកាសដោយខ្លួនឯងថា «ធ្វើអ្វីតាមតែច្បាប់»។ ប៉ុន្តែមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ  និងក្រុមអ្នកគាំទ្រ បានថ្លែងរួមគ្នាថា ច្បាប់ដែល គ.ជ.ប យកមកអនុវត្តន៍នោះ ត្រូវបានបកស្រាយ​ស្រេចតែ មេដឹកនាំ គ.ជ.ប ចង់បាន។


ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឡើងលើវេទិកាដើម្បីបញ្ចេញមតិ នៅលើទីលានប្រជាធិតេយ្យថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ O. Vary)

លោក សម រង្ស៊ី ប្រធាននៃគណបក្សសង្គ្រោះជាតិ ក្នុង«វេទិការម្ចាស់ឆ្នោត ដើម្បីស្វែងរកយុត្តិធម៌» នារសៀលថ្ងៃទី២៦ ខែ​សីហានេះ នាទីលានប្រជាធិបតេយ្យ បានប្រកាសប្រាប់ប្រជាពលរដ្ឋដែលមានវត្តមាន ចូលរួមនៅទីនោះ ប្រមាណជា​«ពីរម៉ឺន»នាក់ថា គ.ជ.ប តាមការអនុញ្ញាតិឲ្យមានការបើក កញ្ចប់សុវត្តិភាពដោយក្រុមប្រឹក្សាធម្មនុញ្ញនោះ បង្ហាញថា គ.ជ.ប មាន​កំហុស​មួយ។ ក្រោយបើកកញ្ចប់សុវត្តិភាព«ក» ឃើញមានភាពមិនប្រក្រតីច្រើននោះ គ.ជ.ប មានកំហុសមួយ​ទៀត។ លោកសម រង្ស៊ី បានបន្ថែមថា គ.ជ.ប នៅតែមិនទទួលកំហុសដែលខ្លួនមាន បែរជាដាក់កំហុសនេះ ទៅមន្រ្តីថ្នាក់​ក្រោមដែលពួកគេ​គ្មានអំណាច ក្នុងការតវ៉ាប្រឆាំងនឹងខ្លួននោះទៅវិញ។

ទន្ទឹមនឹងការលេចចេញ នូវភាពមិនប្រក្រតីជាច្រើន ក្រោយការបើកកញ្ចប់សុវត្ថិភាព«ក» រួមនឹងការបដិសេធ​មិនទទួល​ខុសត្រូវ ដោយថ្នាក់ដឹកនាំ គ.ជ.ប នូវកំហុសរបស់ខ្លួន ទោះចេតនាឬអចេតនានោះ មហាជនដែលតំណាងឲ្យម្ចាស់ឆ្នោត និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិផង បានឡើងលើវេទិការ ចេញមកធ្វើការថ្កោលទោស លើការអនុវត្តរបស់គ.ជ.ប ដែលជានិច្ចកាលប្រកាសខ្លួនថា អ្វីតាមតែច្បាប់កំណត់នោះ។

«គ.ជ.ប ជាចោរ»

តំណាងអាជីវករក្រុងភ្នំពេញ ដែលមិនបានបង្ហាញឈ្មោះ បានបង្ហាញពីអារម្មណ៍របស់ខ្លួន ទៅកាន់សាធារណៈជន ចំពោះ​ទង្វើរបស់ គ.ជ.បយ៉ាងដូច្នេះថា ក្នុងនាមលោកជាប្រជាពលរដ្ឋខ្មែរ និងជាអាជីវករនៅទីក្រុងភ្នំពេញ ដែលស្រលាញ់​នូវ​យុត្តិធម៌ សង្ឃឹមថាមានលិទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោត។ លោកមិនសុខចិត្តទេភាពអយុត្តិធម៌ ដែលគ.ជ.ប បានបង្ក​ឡើង ហើយក្នុងនាមលោកជាម្ចាស់ឆ្នោតត្រូវតែទាមទារកយុត្តិធម៌មកវិញ។ លោកបានស្រែកខ្លាំងៗថា «គ.ជ.ប ចោរ គេ​បានដោះស្រាយស្រាយថា អនុវត្តទៅតាមច្បាប់ អនុវត្តទៅតាមច្បាប់ អនុវត្តទៅតាមច្បាប់ ពីរោះណាស់!!។ (...) ច្បាប់អ្វី?»

យុវជនម្នាក់ ដែលបានតាមដាននូវព្រឹត្តការណ៍នានា ទាក់ទងនឹងការបោះឆ្នោតនាពេលកន្លងមក បានថ្លែងថា ខ្លួនរក​ឃើញ​ថាមានបញ្ហាស្ទើគ្រប់កន្លែង។ យុវជននរូបនេះបន្តរថា អ្វីដែលបានបង្ហាញឲ្យឃើញ នូវភាពមិនប្រក្រតីពិតប្រាកដនោះបាន គឺក្រោយពេលបើកកញ្ចប់សុវត្តិភាព«ក»រួច គឺមានភាពមិនប្រក្រតីជាច្រើន។ «ក្នុងនាមជាយុវជន សូមស្នើរឲ្យមានការប្តឹង គ.ជ.ប ទៅតុលាការ ពីបទលួចបន្លំសន្លឹកឆ្នោត ដើម្បីភាពយុត្តិធម៌ដល់ម្ចាស់ឆ្នោត»។

«បើ គ.ជ.ប មិនមានបច្ចេកទេស មកធ្វើ គ.ជ.ប ធ្វើអី ?!»

យុវជនម្នាក់ទៀត ក៏បានបង្ហាញពីឆន្ទៈ និងការការពារនូវសន្លឹកខ្លួន ក្រោយពីបានបើកនូវកញ្ចប់សុវត្ថិភាព«ក»នៅឃុំជ្រះ ឃើញមានកញ្ចប់សុត្ថិភាពនោះចំហរ ទាំងនេះហើយដែលធ្វើឲ្យទទួលយកមិនបាននោះ។ យុវជននោះបន្តរថា «គ.ជ.ប ឆ្លើយថាម៉េចទេ? នេះជាបញ្ហាបច្ចេកទេស! បើខ្លួនឯងមិនមានបច្ចេកទេសផង មកធ្វើ គ.ជ.ប ធ្វើអី! (...) ខ្ញុំក៏ដូចជាយុវជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគាំទ្រឲ្យមានការរកយុត្តិធម៌ សម្រាប់ម្ចាស់ឆ្នោតទាំងអស់គ្នា។»

ជាមួយគ្នានេះដែរយុវជនទីបី បានចូលខ្លួនបង្ហាញនូវចំងល់របស់ខ្លួន ទៅដល់ប្រជាពលរដ្ឋទាំងអស់ថា «ខ្ញុំមានចំងល់ លើ​កញ្ចប់សុវត្ថិភាព “ក” ឃើញថា«ចំហ»ជាងពាក់កណ្តាល នេះជាបញ្ហា។ បញ្ហាមួយនេះ យើងអាចធ្វើការសន្និដ្ឋានបានថា ស្ទើរតែទូទាំងខេត្តក្រចេះក៏មានបញ្ហានោះ ទូទាំងប្រទេសកម្ពុជាទាំងមូលក៏អាចមានបញ្ហាដែរ។ កញ្ចប់សុវត្ថិភាព ដែល​មិន​មានការបិទជិត តើអាចចាត់ទុកថាជាកញ្ចប់សុវត្ថិភាពបានទេ? មិនបានទេ។ នេះគេចាត់ទុកថា ជាកកញ្ចប់​អសុវត្ថិភាពទៅ​វិញទេ (វា)ប្រៀបបានទៅនឹងការទុកអីវ៉ាន់ក្នុងទូដែកមួយ ដែលមិនចាក់សោរអញ្ចឹងដែរ។ (...) ខ្ញុំមានការសោកស្តាយ ដែល​គ.ជ.ប មិនទទួលស្គាល់កំហុសរបស់ខ្លួន បែរជាបង្វិលកំបុសនេះទៅលើ “ខ្យល់ គឺលើមន្រ្តីតូចតាច”។ ខ្ញុំមានការឈឺចាប់ ដែលធ្វើឲ្យមានការខកខាន នូវភាពយុត្តិធម៌ដល់ម្ចាស់ឆ្នោតទាំងមូល។»

«យុវជនខ្មែរក្រោកឈរហើយបងប្អូន យុវជនត្រូវការតែយុត្តិធម៌ អ្នកណាធ្វើនាយករដ្ឋមន្រ្តីមិនសំខាន់ទេ ឲ្យតែធ្វើបាន​ត្រឹម​ត្រូវ» នេះជាការស្រែករបស់យុវជនម្នាក់ទៀត ដែលមិនបានបង្ហាញឈ្មោះ។ យុវជនរូបនេះ ក៏ហាក់បីដូចជាមានកំហឹង​ជា​មួយនឹងគ.ជ.ប ដែរ តាមរយៈការចោទប្រកាន់ថា «គ.ជ.ប ជាចោរលួចសន្លឹកឆ្នោត! ម៉េចបានជាខ្ញុំថា (គាត់ជា)ចោរ ព្រោះ​មណ្ឌលបោះឆ្នោតសាលាបឹងត្របែកខាងកើត បានឲ្យអ្នកសង្កេតការចុះហត្ថលេខា ទទួលស្គាល់លទ្ធផលបោះឆ្នោត នៅ​ម៉ោងដប់មួយកន្លះ ត្រឹមត្រូវទេ! មិនត្រឹមត្រូវទេ នេះអាចជាលក្ខណៈជាប្រព័ន្ធ នៅទូទាំងប្រទេស។ (...) គាត់ចោរហើយ មិនអាចឲ្យគាត់ធ្វើជាអ្នកកាត់សេចក្តីបានទេ។»

«តស៊ូទាំងអស់គ្នា តស៊ូដើម្បីជាតិ ស្លាប់ដើម្បីជាតិក៏ស៊ូដែរ»

លោក ហ៊ូ សំនឹក ដែលជាយុវជនមកពីតាមខេត្ត ហើយបានធ្វើការរងចាំតាំងពីព្រឹក ដើម្បីចូលរួមក្នុងវេទិការនេះ សូមស្នើរ​សុំដល់ថ្នាក់ដឹកនាំសង្គ្រោះជាតិ មិនឲ្យមានការចុះចូលធ្វើជារដ្ឋាភិបាលចម្រុះ ជាមួយនឹងគណបក្សប្រជាជនទេ ព្រោះខ្លាច​មានវាសនាដូចគណបក្សហ្វុនស៊ីនប៉ិច ជាឧទាហរណ៍ស្រាប់។ លោកបានបន្តរ នូវជ័យឃោសខ្លាំងៗរបស់ខ្លួនថា «ខ្ញុំមិន​សុខចិត្តទេ គ.ជ.ប ចោ!»។

ព្រះភិក្ខុសង្ឃ យិន រតនសុភាវី ក៏បានឡើងបង្ហាញនូវការឈឺចាប់ របស់ព្រះអង្គដែលត្រូវបានយួនប្លន់យកដី ក្នុងភូមិដូង ខេត្តស្វាយរៀង គ្មានអាជ្ញាធរណាមួយដោះស្រាយ។ ជាងនេះទៅទៀតយួនទាំងនោះ បែរជាមានឈ្មោះចូលរួម​បោះឆ្នោត​សម្រេចវាសនាប្រទេសជាតិកម្ពុជាទៅវិញ។ «តស៊ូទាំងអស់គ្នា តស៊ូដើម្បីជាតិ ស្លាប់ដើម្បីជាតិក៏ស៊ូដែរ»។

និស្សិត ឃឿន ប៊ុនធឿន មកពីកម្ពុជាក្រោម ក៏បានបង្ហាញនូវការសោកស្តាយ ចំពោះការបាត់បង់នូវទឹកដីកម្ពុជាក្រោម កោះត្រល់ និងទឹកដីដទៃទៀត។ តែទោះជាយ៉ាងនេះ ក៍ដោយយុវជនរូបនេះនៅតែ ចាត់ទុកដីទាំងនោះជារបស់ខ្លួនជានិច្ច ហើយក៏មិនចង់បន្តរឲ្យមានការបាត់បង់ទឹកដីកម្ពុជាកណ្តាលនេះទៅឲ្យយួនទៀតដែរ តាមរយៈគ.ជ.ប រៀបចំឲ្យយួន​មាន​ឈ្មោះបោះឆ្នោតលើទឹកដីកម្ពុជា។

អំស្រីក្នុងវ័យជាងចិតសិបឆ្នាំ បានសម្តែងនូវឆន្ទៈប្រឆាំងជាមួយ គ.ជ.ប ថា «គ.ជ.ប ជាអ្នកបង្កើតបញ្ហា បើគ.ជ.ប មិនអាច​ដោះស្រាយបានទេ ក្នុងនាមជាស្រ្តីចំណាស់ម្នាក់ សូមចូលរូមធ្វើបាតុកម្ម។ (...) គ.ជ.ប ធ្វើឲ្យខ្ញុំទាល់ច្រក។ (...) ខ្ញុំមាន​ការ​សោកស្តាយដែលអ្នកដឹកនាំ ឲ្យជាតិសាសដ៏ទៃគេមករួមរឹត ទឹកដីតូចខ្សោយ ថ្ងៃក្រោយបុណ្យសក្ត័លោកក៏ផុយស្រួយ កូន​ចៅនឹងរងទុកវេទនា។»

រីឯបងស្រីម្នាក់មកពីស្រុកស្ទឹងត្រង់ បានបញ្ជាក់ពីការមិនពេញចិត្តចំពោះលោក ទេព នីថា ដែលធ្វើការបដិសេធ​លើទម្រង់​១១០៤ មិនអាចយកមកធ្វើជាផ្លូវការបាននោះ។ ការបដិសេធនេះ មិនអាចទទួលយកបាននោះទេ «គ.ជ.ប ជាគ.ជ.ចោរ»។

លោក សម រង្ស៊ី និងលោកកឹម សុខា និងមេដឹកនាំដឹកនាំគណបក្សសង្រ្គោះជាតិផ្សេងទៀត បានប្រកាសគម្រាម ពីការធ្វើ មហាបាតុកម្មដោយ​អហិង្សា ជាជម្រើសចុងក្រោយ បើមិនមានការបង្កើតគណកម្មការចម្រុះឯករាជ្យ ដែលផ្តល់​យុត្តិធម៌​ដល់​ម្ចាស់ឆ្នោត​នោះទេ។ មហាបាតុកម្មនេះ នឹងកើតមានមុន ការប្រកាសលទ្ធផលបោះឆ្នោត​ជាផ្លូវការ​ដោយ​គ.ជ.ប ក្នុង​ករណីមិនមានការដោះស្រាយ ចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោតនោះ។

លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងមុតមាំថា «យើងនឹងបំផុសប្រពលរដ្ឋខ្មែរ ឲ្យធ្វើបាតុកម្មទូទាំងប្រទេស ប្រសិនបើ​គណបក្សសង្គ្រោះជាតិ មិនត្រូវបានបង្ហាញនូវផ្លូវវិជ្ជមានណាមួយ ដើម្បីផ្តល់នូវយុត្តិធម៌ដល់ម្ចាស់ឆ្នោត តាមយន្តការច្បាប់ យន្តការនៃការបង្កើតគណម្មការចម្រុះឯករាជ្យ រួមទាងយន្តការនៃការចរចា។»

សូមទស្សនាវីដេអូ នៃការបញ្ចេញយោបល់ទាំងនេះ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែសីហា ដូចតទៅ៖

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...