វ៉ែន រ៉ូនី រងរបួសត្រូវត្រឡប់ទៅអង់គ្លេសវិញ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) នឹងឡើងយន្តហោះចាកចេញពីទីក្រុងបាងកក ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ នៅថ្ងៃសុក្រនេះ ដោយសារតែគាត់មានរបួស។
កីឡាករខ្សែប្រយុទ្ធ វ៉ែន រ៉ូនី របស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត។ (រូបថត Scanpix )
រយះពេលមួយថ្ងៃ បន្ទាប់ពីមកដល់ទីក្រុងបាងកកប្រទេសថៃ ក្លិបម៉ែនញូបានប្រាប់ឲ្យដឹងថារ៉ូនី បានរងរបួសសរសៃរពួរគន្លាក់ជើង នៅកំឡុងពេលហ្វឹកហាត់។
ក្លិបម្ចាស់ជើងឯកព្រីមែលីក (Premier League) បានប្រកាសនៅលើគេហទំព័ររបស់ក្លិបថា៖ «វាជារឿងគួរឲ្យសោកស្តាយមួយ ព្រោះគាត់នឹងមិនអាចចូលលេងបាន រហូតដល់រយះពេល១ខែ។»
បញ្ហារបួសនេះ ធ្វើឲ្យរ៉ូនីកាន់តែមានភាពស្ងប់ស្ងាត់បន្ថែមទៀត ខណៈដែលបច្ចុប្បន្នកំពុងតែមានពាក្យចចាមអារ៉ាម ថាគាត់នឹងអាចចាកចេញពីក្លិប។ មុនពេលដែលលោកអាឡិច ហ្វឺកឺសិន (Alex Ferguson) បានចូលនិវត្តន៏ គាត់បាននិយាយថា រ៉ូនីបានទៅប្រាប់គាត់ថា គាត់ចង់ទៅចូលរួមជាមួយក្លិបថ្មី។
គ្រូបង្វឹកថ្មី លោកដេវីដ ម៉យ (David Moyes) ក៏មិនធ្វើការផ្តល់ពត៌មានលំអិតចំពោះអនាគត របស់ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះដែរ។
កំឡុងពេលក្រុមមកដល់ទីក្រុងបាងកក រ៉ូនីហាក់ដូចមិនបញ្ចេញកាយវិការថាគាត់ចង់ចេញពីក្រុម ឬក៏នៅបន្តជាមួយក្រុមនោះទេ ដោយគាត់ធ្វើដូចសភាពធម្មតា។ ការធ្វើដំណើររបស់គាត់បន្ទាប់ពីចុះពីលើយន្តហោះ រ៉ូនីដើរឱនក្បាលចុះក្រោមរហូត ហើយមិនព្រមឆ្លើយទៅនឹងអ្នកការសែតអ្វីទាំងអស់។
គ្រូបង្វឹកម៉ែនញូ លោកម៉យ បាននិយាយកាលពីពេលកន្លងទៅថា៖ «ខ្ញុំបានជួបរ៉ូនី ពីរ បី ឬបួនលើក។ យើងបានជជែកគ្នាជាច្រើន អំពីការងាររយះពេលជាច្រើនឆ្នាំកន្លងទៅ ដែលគាត់បែកពីខ្ញុំ។ ហើយពេលនោះ ទំនាក់ទំនងរបស់យើងមានភាពប្រសើរខ្លាំងណាស់។»
បុរសវ័យ៥០ឆ្នាំ សញ្ជាតិស្កុតឡែន បានបន្ថែមថា៖ «គាត់ហ្វឹកហាត់បានល្អណាស់។ មានមនុស្សជាច្រើនប្រាប់ខ្ញុំថា ពួកគេបានឃើញរ៉ូនី ជាខ្សែប្រយុទ្ធដ៏មុតស្រួច ក្នុងរយះពេលជាច្រើនឆ្នាំកន្លងមក។ ខ្ញុំនឹងព្យាយាមជួយឲ្យរ៉ូនី កាន់តែល្អបន្ថែមទៀត តាមដែលខ្ញុំអាចធ្វើបាន៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ