ខ្សែបម្រើហូឡង់ វ៉ាន់ហ្គីនគែល ចូលលេងឲ្យឆែលស៊ី រយះពេល៥ឆ្នាំ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមតោខៀវឆែលស៊ី (Chelsea) បានប្រកាសកាលពីថ្ងៃសុក្រថា ក្លិបបានទិញយកខ្សែបម្រើហូឡង់ ម៉ាកូ វ៉ាន់ហ្គីនគែល (Marco van Ginkel) មកពីក្រុមវីតេស អាញេម (Vitesse Arnhem) បានជាផ្លូវការហើយ ហើយកីឡាកររូបនេះ បានចុះកិច្ចសន្យារយះពេល ៥ឆ្នាំ បន្ទាប់ពីព្រមព្រៀងគ្នាក្នុងតម្លៃ ៩លានផោន (១៣.៤១លានដុល្លាសហរដ្ឋអាមេរិក)។
កីឡាករបាល់ទាត់ខ្សែបម្រើហូឡង់ ម៉ាកូ វ៉ាន់ហ្គីនគែល ទាត់ឲ្យក្រុមវីតេស អាញេម។
វ៉ាន់ហ្គីនគែល បានប្រាប់ដល់គេហទំព័រក្លិបនៅភាគខាងលិចទីក្រុងឡុងដ៏ថា៖ «ខ្ញុំចូលចិត្តលេងក្បែរៗកន្លែងចាំទី។ ខ្ញុំអាចលេងជាទម្រង់គ្របដណ្តប់គូប្រកួត ហើយក៏មានឱកាសរកគ្រាប់បញ្ចូលទីដែរ។ ប៉ុន្តែខ្ញុំក៏ចូលចិត្តការពារដូចគ្នា ហើយខ្ញុំគិតថា ខ្លួនរបស់ខ្ញុំជាកីឡាករសំខាន់សម្រាប់ក្រុមពិតៗ។»
កីឡាករវ័យ ២០ឆ្នាំ ជាថ្នាល់បណ្តុះបណ្តាលរបស់ក្រុមវីតេស អាញេម (ក្រុមនៅប្រទេសហូឡង់)។ គាត់បានចូលហ្វឹកហាត់ តាំងតែពីវ័យកុម៉ានៅទីនោះ មុនពេលដែលគាត់ចូលលេងឲ្យឈុតធំដំបូង នៅចុងរដូវកាល ២០០៩-២០១០ នៅវ័យ ១៧ឆ្នាំ។
គាត់បានចូលរួមក្រុមជម្រើសជាតិហូឡង់លើកដំបូង កាលពីខែវិច្ឆិកា នៅពេលដែលគាត់បានត្រឹមតែជាកីឡាករបម្រុង ក្នុងការប្រកួតជាមួយនឹងក្រុមអាឡឺម៉ង់។ ហើយគាត់ក៏បានចូលលេងពានរង្វាន់អ៊ឺរ៉ុប អាយុក្រោម ២១ឆ្នាំ ក្នុងប្រទេសអ៊ីស្រាអែល កាលពីខែមុនផងដែរ។
វ៉ាន់ហ្គីនគែល រកគ្រាប់បាល់បញ្ចូលទីបាន ១១គ្រាប់ ក្នុងការបង្ហាញខ្លួន ៤១ប្រកួតឲ្យក្រុមវីតេស កាលពីរដូវកាលមុន ហើយគាត់បានជួយឲ្យក្រុមវីតេស បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ៤ និងបានកៅអីទៅលេងពានរង្វាន់អ៊ឺរ៉ូផាលីក (Europa League) ថែមទៀត។
សួរអំពីគោលដៅរបស់គាត់ជាមួយនឹងក្រុមឆែលស៊ី គាត់បាននិយាយថា៖ «ខ្ញុំចង់រៀនឲ្យបានច្រើន ដើម្បីអភិវឌ្ឍន៏ខ្លួនខ្ញុំ។ ខ្ញុំចង់ចូលលេង ហើយមិនចង់អង្គុយនៅតែនឹងកន្លែងកីឡាករបម្រុងនោះទេ។ នោះជាក្តីសង្ឃឹមរបស់ខ្ញុំ ដែលបានចូលលេងនៅក្នុងកីឡាដ្ឋានដ៏អស្ចារ្យមួយនេះ ហើយសង្ឃឹមថា ក្រុមនឹងទទួលបានជោគជ័យ។»
ខ្សែបម្រើរូបនេះដដែល បានបន្ថែមថា៖ «ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានមកទីនេះ បានមកចូលរួមជាមួយក្លិបដ៏ប្រណិត ជាមួយនឹងកីឡាករដ៏អស្ចារ្យ។ ខ្ញុំស្គាល់កីឡាករនៅទីនេះទាំងអស់ ហើយខ្ញុំនឹងជួបពួកគេនៅថ្ងៃច័ន្ទ។ ខ្ញុំធ្លាប់មើលក្រុមលេងតាមទូរទស្សន៏ដែរ ដោយមិននឹកស្មានថា ថ្ងៃនេះបានមកលេងឲ្យក្រុមឆែលស៊ីសោះ។ ខ្ញុំពិតជាពេញចិត្ត និងរីករាយបំផុត។»
វ៉ាន់ហ្គីនគែល បានក្លាយជាកីឡាករទី២ហើយ ដែលលោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ទិញចូលក្នុងរដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធអាឡឺម៉ង់ អេនដ្រេ ស្កឺរ៉ល (Andre Schurrle)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ