បាល់ទាត់៖ ក្រុមតោខៀវ ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​អ៊ឺរ៉ូផាលីក លើក​ដំបូង

ក្រុមបាល់ទាត់អង់គ្លេសតោខៀវ ឆែលស៊ី (Chelsea) បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អ៊ឺរ៉ុបលំដាប់ទី២ អ៊ឺរ៉ូផាលីក (Europa League) ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ជើងឯកប្រទេសស្វីស អេហ្វស៊ី បាស្ស៊ែល (FC Basel) ដោយលទ្ធផល ៣-១ ក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃព្រហស្បតិ៏។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់អង់គ្លេសតោខៀវ ឆែលស៊ី (Chelsea) បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អ៊ឺរ៉ុបលំដាប់ទី២ អ៊ឺរ៉ូផាលីក (Europa League) ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ជើងឯកប្រទេសស្វីស អេហ្វស៊ី បាស្ស៊ែល (FC Basel) ដោយលទ្ធផល ៣-១ ក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃព្រហស្បតិ៏។


ក្រុមកីឡាកររបស់ឆែលស៊ី កំពុងសប្បាយរីករាយ ក្រោយពេលរកគ្រាប់បាល់បាន។

បន្ទាប់ពីនាំមុខ ២-១ ក្នុងជើងទី១ កាលពីសប្តាហ៏មុន នៅក្នុងប្រទេសស្វីស ក្រុមឆែលស៊ី មានក្តីកង្វល់មួយ ក្រោយពេល​កីឡាករ ម៉ូហាមេដ សាឡា (Mohamed Salah) រកគ្រាប់បាល់ឲ្យ បាស្ស៊ែល នាំមុខ ១-០ នៅម៉ោងបន្ថែមវគ្គទី១។

ប៉ុន្តែគ្រាប់បាល់របស់កីឡាករ ហ្វឺណាន់ដូ តូរែស (Fernando Torres), វីកទ័រ ម៉ូស៊េស (Victor Moses) និងខ្សែការពារ ដេវ៊ីដ ល្វីស (David Luiz) នៅវគ្គទី២ បានជួយឲ្យម្ចាស់ជើងឯកឆែមពានលីក (Champions League) កាលពីរដូវកាលមុន យក​ឈ្នះសរុបទាំង២ជើង ដោយលទ្ធផល ៥-២។

វាជាសំណាងមួយ របស់ក្រុមឆែលស៊ី ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ខណៈដែលក្រុមមួយនេះបានធ្លាក់ក្នុងពានរង្វាន់ លីកខាប់ (League Cup) និង អេហ្វអេខាប់ (FA Cup) ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំង២លើក ក្នុងរដូវកាលនេះ។ ចំណែក​ឯបាស្ស៊ែល ត្រូវខកបំណងរបស់ខ្លួន ដែលចង់ក្លាយជាក្រុម ឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌអ៊ឺរ៉ុបដំបូងគេ របស់ស្វីស។

គ្រូបង្វឹកបណ្តោះអាសន្នក្រុមឆែលស៊ី លោក រ៉ាហ្វាអែល បេនីតេស (Rafael Benitez) ចង់ឈ្នះពានរង្វាន់អ៊ឺរ៉ូផាលីក ជាលើក​ទី២ ក្នុងអាជីពរបស់គាត់ បន្ទាប់ពីគាត់បានដឹកនាំឲ្យក្រុម វ៉ាឡិនស្ស៊ែ (Valencia) ឈ្នះពានរង្វាន់នេះ កាលពីឆ្នាំ២០០៤។

លោក បេនីតេស បាននិយាយថា «ខ្ញុំមកទីនេះ ដើម្បីធ្វើការឲ្យបានល្អ ជាមួយនឹងការប្តេជ្ញាចិត្ត នឹងមានការតឹងរ៉ឹង​ចំពោះ​កីឡាករ។ ខ្ញុំរីករាយ ជាមួយពួកគេ និងអ្នកគ្រប់គ្នា ដែលនៅទីនេះ។ យើងមានបរិយាកាស ដ៏ល្អមួយ, កីឡាកររបស់​យើង​មានការខិតខំប្រឹងប្រែងខ្លាំង ហើយពួកគេបានធ្វើការបញ្ចប់ទៅ បានយ៉ាងល្អ។»

ចំណែកឯ ការប្រកួតមួយគូទៀត ក្រុមបិនហ្វីហ្គា (Benfica) បានយកឈ្នះក្រុម ហ្វឺណឺបាច់ (Fenerbahce) ដោយលទ្ធផល ៣-១ នាកីឡាដ្ឋាន អេស្តាឌីយ៉ូ ដាលុស (Estadio da Luz) ក្នុងទីក្រុង លីសបូន (Lisbon) ប្រទេសព័រទុយហ្គាល់ និងសរុប​ទាំង២ជើង បិនហ្វីហ្គា បានយកឈ្នះក្រុមមកពីប្រទេសតួគី ដោយលទ្ធផល ៣-២។

ខ្សែប្រយុទ្ធប៉ារ៉ាហ្គាយ អូស្កា កាដូសូ (Oscar Cardozo) បានក្លាយជាវីរបុរស របស់ក្រុមបិនហ្វីហ្គា បន្ទាប់ពីជួយរកគ្រាប់​បាល់ជ័យជំនះទាំង ២គ្រាប់ឲ្យក្រុម ខណៈដែល កីឡាករ នីកូឡាស ហ្គៃថែន (Nicolas Gaitan) រកគ្រាប់បាល់​បាននៅ​ដើមវគ្គទី១ តែត្រូវខ្សែប្រយុទ្ធក្រុម ហ្វឺណាបាច់ ដឺក ខាយ (Dirk Kuyt) ទាត់បាល់ពិន័យប៉េណាល់ទី តាមបានស្មើវិញ។

ក្រុមដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៏ ឆែលស៊ី នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រជាមួយនឹងក្រុម បិនហ្វីហ្គា របស់ប្រទេស​ព័រទុយហ្គាល់ នៅក្នុងទីក្រុងអាំស្ទើដាំ (Amsterdam) ប្រទេសហូឡង់ នាថ្ងៃទី១៥ ខែឧសភាខាងមុខ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...