វិភាគពីរដ្ឋប្រហារនៅអេហ្សីប៖ មូលហេតុ និងជំហានទៅរកសង្គ្រាមស៊ីវិល
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: July 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កណ្ដាប់ដៃដែករបស់កងទ័ព ដែលបានទម្លាក់លោកប្រធានាធិបតីជាប់ឆ្នោត មហាមេដ ម៉ូស្សី (Mohamed Morsi) ពីអំណាចកាលពីថ្ងៃពុធទី០៣ខែកក្កដា បានផ្លាស់ប្ដូរទិដ្ឋភាពនយោបាយទាំងស្រុងនៃប្រទេសអេហ្សីប ហើយអាចនឹងឈានទៅរកការកើតឡើងវិញ នូវអំពើហឹង្សាជាថ្មីនោះទៀតផង។ មនោរម្យព័ងអាំងហ្វូ សូមធ្វើការបកស្រាយជូន ជុំវិញបញ្ហានេះ។
ក្រុមអ្នកប្រឆាំងនឹងលោក មហាមេដ ម៉ូស្សី។ (រូបថត GIANLUIGI GUERCIA / AFP)
ហេតុអ្វីបានជាកងទ័ពចូលធ្វើអន្តរាគមន៍?
នៅចំពោះមុខកណ្ដាប់ដៃដែក របស់លោកប្រធានាធិបតី មហាមេដ ម៉ូស្សី និងក្រុមអ្នកប្រឆាំងដែលទាមទារឲ្យលោកម៉ូស្សីចាកចេញ កងទ័ពនៃប្រទេសអេហ្សីប បានធ្វើការសម្រេចចិត្តកាលពីថ្ងៃច័ន្ទ ផ្អៀកទៅរកក្រុមអ្នកប្រឆាំង ដោយកំណត់ឱសានវាទ ឲ្យប្រធានាធិបតីម៉ូស្សីជួបជជែកគ្នា ក្នុងរយៈពេល៤៨ម៉ោង ដើម្បីបំពេញចិត្តប្រជាជន។ ប៉ុន្តែការសម្រេចចិត្តរបស់កងទ័ពនេះ មានគោលដៅចង់ការពារប្រយោជន៍របស់ខ្លួនច្រើនជាង។ ព្រោះលោក មហាមេដ ម៉ូស្សី ជាប្រធានាធិបតីស៊ីវិល លើកដំបូងគេបង្អស់របស់ប្រទេស បន្ទាប់ពីការរំលំរបបរាជានិយមអេហ្សីប ក្នុងឆ្នាំ១៩៥២ ហើយបានដកសិទ្ធិរបស់ពួកកងទ័ព ចេញពីឆាកនយោបាយ។
ជាការដកហូតសិទ្ធមួយ ដែលពួកកងទ័ពដ៏មានឥទ្ធិពលទាំងក្នុងនយោបាយ និងសេដ្ឋកិច្ច ពិបាកនឹងទ្រាំទ្រ។ ជាមួយនឹងសកម្មភាពនេះ កងទ័ពចង់បង្ហាញទៅដល់ក្រុមបងប្អូនម៉ូស្លីម ដែលជាក្រុមរបស់ប្រធានាធិបតី ថាពួកខ្លួននៅតែមានតួនាទីសំខាន់ ក្នុងការដឹកនាំប្រទេស។ បើទោះជារដ្ឋប្រហារនេះ ត្រូវបានបាតុករជាច្រើនអបអរសាទរក៏ដោយ ប៉ុន្តែសម្រាប់អ្នកវិភាគស្ថានការណ៍នៅអេហ្សីប សកម្មភាពរបស់យោធាបានបង្កឲ្យមានមន្ទិល និងការព្រួយបារម្ភជាច្រើន។
តើអ្នកណាជាមេដឹកនាំអេហ្សីប ក្នុងពេលបច្ចុប្បន្ន?
បន្ទាប់ពីដកលោក ម៉ូស្សីពីអំណាចជាប្រធានាធិបតី កងទ័ពបានប្រកាសនៅថ្ងៃពុធ ពីការផ្ទេរអំណាចនយោបាយទៅឲ្យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អាដលី ម៉ានសួរ (Adly Mansour) រហូតដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនកាលកំណត់មួយ ត្រូវបានធ្វើ ប៉ុន្តែមិនបានកំណត់ពេលវេលានៅពេលណានៅឡើយ។ ដូច្នេះលោកអាដលី ម៉ានសួរ បានក្លាយជាប្រធានាធិបតីបណ្ដោះអាសន្ននៃប្រទេសអេហ្សីប កាលពីថ្ងៃព្រហស្បត្តិកន្លងទៅ។
លោកម៉ានសួរ ដែលជាចៅក្រមមួយរូបផងនេះ នឹងធានានូវប្រយោជន៍របស់ប្រជាជនអេហ្សីប។ ប៉ុន្តែក្រមប្រតិបត្តិ ដែលត្រូវបានតាក់តែងឡើងដោយយោធា សម្រាប់ការរៀបចំរបត់នយោបាយរបស់អេហ្សីប ទំនងជាត្រូវបានទទួលជជែកពិភាក្សាយ៉ាងតឹងតែង ជាមួយក្រុមប្រឆាំង និងមេដឹកនាំសាសនានានា ក្នុងប្រទេស។
តើនឹងអាចមានសង្គ្រាមស៊ីវិលដែរទេ?
ជារឿងដ៏អាក្រក់មួយ ដែលនឹងអាចកើតមាន បើប្រៀបធៀបនឹងប្រទេសអាល់ហ្សេរី ក្នុងឆ្នាំ១៩៩០ ដែលមានរដ្ឋប្រហារមួយ ត្រូវបានធ្វើដើម្បីដាក់បញ្ចប់នូវនិតិវិធីបោះឆ្នោត និងលប់ចោលនូវជ័យជំនះគណបក្សនិយមឥស្លាមមួយ។ សង្គ្រាមស៊ីវិលក្នុងប្រទេសអាល់ហ្សេរី បានសម្លាប់មនុស្សប្រមាណជា ២០០ ០០០នាក់។
ប៉ុន្តែរឿងដ៏អាក្រក់នេះ ទំនងជាមិនទាន់មាននរណាម្នាក់ គិតដល់នៅឡើយ សម្រាប់ប្រទេសអេហ្សីបក្នុងពេលនេះ ព្រោះថា គ្រប់ភាគីទាំងអស់មិនបានមើលឃើញពីហេតុផល ដែលឈានទៅរកសង្គ្រាមនោះឡើយ។ តែគេត្រូវរងចាំមើល ប្រតិកម្មតបរបស់ក្រុមបងប្អូនម៉ូស្លីម ដែលជាកម្លាំងនយោបាយដ៏សំខាន់មួយនៅក្នុងប្រទេស នោះជាមុនសិន។
ក្រុមបងប្អូនម៉ូស្លីម ដែលជាប្រភពដើមនៃប្រធានាធិបតី ម៉ូស្សី នេះ មកទល់នឹងបច្ចុប្បន្ន បានអំពាវនាវឲ្យប្រជាពលរដ្ឋអេហ្សីប ងើបប្រឆាំងនឹងរដ្ឋប្រហារនេះ ដោយ«អហឹង្សា» ដូចពួកខ្លួនកំពុងតែធ្វើ និងមានគម្រោងនឹងធ្វើ។ ប៉ុន្តែការឃុំខ្លួន និងការតាមប្រម៉ាញ់តាមចាប់ខ្លួន សមាជិកសំខាន់ៗនៃចលនានិយមឥស្លាមនេះ ពីសំណាក់កងទ័ព ទំនងជាអាចចាក់«សាំង»បន្ថែមពីលើភ្លើង។ ដីការតាមចាប់ខ្លួន ប្រមាណជា៣០០ដីការ បានចេញដោយអាជ្ញាធរ ដើម្បីស្វែងរកចាប់ខ្លួនក្រុមបងប្អូនម៉ូស្លីម។
មានបណ្ដាជនរងគ្រោះចំនួន៥៧នាក់រួចមកហើយ រាប់តាំងពីថ្ងៃទី២៦ខែមិថុនាមកនេះ ក្នុងនោះ១០នាក់បានស្លាប់ នៅក្នុងការប្រឈមមុខគ្នារវាងកងកម្លាំងការពារសុវត្ថិភាព ជាមួយបាតុករ និងរវាងអ្នកគាំទ្រជាមួយអ្នកប្រឆាំងលោកប្រធានាធិបតីម៉ូស្សី កាលពីយប់ថ្ងៃពុធទី០៣ខែកក្កដា៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ