វិភាគ៖ តើកុមារគួចូលរួមក្នុងយុទ្ធនាការនៃការបោះឆ្នោតឬទេ?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: July 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ក្នុងរយៈកាលប្រាំបីថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលស្ទើរគ្រប់គណបក្សទាំងអស់ សង្កេតឃើញមានវត្តមានកុមារជាច្រើនបានចូលរួម។ ការចូលរូមនេះអាចបង្ហាញបានថា ពួកគាត់មាន និន្នាការ ឬគោលជំហរទៅលើបក្សណាមួយ ទៅតាមអាណាព្យាបាល ឬឪពុកម្តាយរបស់គាត់។
មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។
អ្វីដែលជាបញ្ហាទទួលបាននោះ នៅត្រង់ថា កុមារាកុមារីទាំងនេះ បានរក្សានូវរូបសញ្ញារបស់បក្ស ដែលគេបានចូលរួមដូចជា ទង់ជាតិ មួក ខិតប័ណ្ណនានាជាដើម យកទៅសាលារៀន ហើយធ្វើការបង្ហាញពីរការចូលរួមរបស់គេ ជាមួយអាណាព្យាបាលដល់មិត្តភ័ក្រ និងមានការជជែកគ្នាយកឈ្នះរៀងៗខ្លួនថា «បក្សរបស់ឪពុក-ម្តាយខ្លួនល្អជាងជាដើម»។ គេអាចនិយាយម្យ៉ាងទៀតថា សកម្មភាពនេះធ្វើឡើងក្នុងន័យ «បំប៉ោងក្រៅប្រហោងក្នុង» របស់គណបក្សនយោបាយទាំងនោះ។
អ្នកគ្រួម្នាក់សុំមិនបង្ហាញឈ្មោះ បង្រៀននៅសាលាបឋមសិក្សាមួយ ក្នុងរាជថានីភ្នំពេញ បានបង្ហើបប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ប៉ុន្មានថ្ងៃនៃការឃោសនាបោះឆ្នោតនេះ អ្នកគ្រូមានការលំបាកក្នុងការគ្រប់គ្រងពួកគេណាស់ ដោយពួកគេ មិនសូវយកចិត្តទុកដាក់ស្តាប់ទេ ជជែកគ្នាតែពីការចូលរូមហែរគណបក្ស។ ដោយទំនងជាព័ត៌មាននោះ ត្រូវបាននាយកសាលាហាមមិនឲ្យផ្សព្វផ្សាយចេញទៅក្រៅ អ្នកគ្រូលាក់ឈ្មោះរូបនេះ បានបន្តរថា មិនមានតែថ្នាក់អ្នកគ្រូនោះទេ ថ្នាក់ដ៏ទៃទៀតក៏មានដែរ គ្រាន់តែតិច និងច្រើន។ ពួកគេតែងតែ សុំអនុញ្ញាតិច្បាប់ជាញឹកញាប់ ដោយប្រាប់ថាទៅហែរគណបក្ស ទោះបីមិនអនុញ្ញាតិ ក៏ពួកគេមិនមកដែរ ដល់ពេលដាក់ទណ្ឌកម្មលើពួកគេ ឪពុក-ម្តាយ ឬអាណាព្យាបាលពួកគេទាំងនោះ មករករឿងដល់ថ្នាក់ថា «គ្រូគ្មានសិទ្ធិឯណា នឹងមិនឲ្យកូនពួកគេឈប់នោះទេ ទោះចង់ឈប់ធ្វើអ្វីក៏ដោយ»។
សិទ្ធក្នុងការបញ្ចេញមតិ ការជួបប្រជុំ និងការគាំទ្របុព្វហេតុអ្វីមួយ ត្រូវបានចែង និងការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ ដូច្នេះសិទ្ធិនយោបាយ ឬស្រឡាញ់គណបក្សនយោបាយណាមួយ ក្នុងនាមជាពលរដ្ឋមួយរូប ក៏ត្រូវមានដូចគ្នាទៅលើកុមារ បើសូម្បីគ្នាមិនទាន់គ្រប់អាយុបោះឆ្នោតនោះក៏ដោយ។
លោកអគ្គលេខាធិការ គ.ជ.ប លោកទេព នីថា ក្នុងសន្និសីទកាសែត នៅស្នាក់ការកណ្តាលគ.ជ.ប នាព្រឹកថ្ងៃទី៤ ខែកក្កដានេះ បានបង្ហាញក្ដីព្រួយបារម្ភ ដោយបញ្ជាក់ថា «ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ខ្ញុំឃើញមានកុមារជាច្រើនបានចូលរួម ហើយភាគច្រើនទៅជាមួយឪពុកម្តាយ។ ខ្ញុំមិនប្រាកដថា គាត់ជាកុមារ ឬយុវជននោះទេ។ តែអ្វីដែលខ្ញុំមានការព្រួយបារម្មណ៍នោះ ខ្លាចមានការប៉ះទង្គិចគ្នា ដែលបង្កើតឲ្យមានអំពើហិង្សាឡើង។»
អ្នកវិភាគនយោបាយមួយចំនួន បានធ្វើការកត់សម្គាល់ថា ក្នុងអាណត្ដិទីប្រាំ នៃការបោះឆ្នោតថ្នាក់ជាតិនេះមានពីរគណបក្សធំៗ ដែលជាគូប្រជែង។ ក្នុងយុទ្ធនាការឃោសនារបស់គណបក្សនីមួយៗនេះ ក្នុងឆ្នាំនេះ មានការចូលរួមយ៉ាងច្រើនផុសផុលពីយុវជន យុវនារី និងពីចំណោមនោះ ក៏មានកុមារមួយចំនួនដែរ។ ចំពោះយុវជនមិនមានអ្វី ជាការព្រួយបារម្មណ៍នោះទេ តែធ្វើយ៉ាងណាឲ្យពួកគាត់ទទួលព័ត៌មានច្រើន ទាក់ទងនឹងការបោះឆ្នោត។
លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព (PDP) និងជាប្រធានស្តីទីក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាយុវជនកម្ពុជា បានបញ្ជាក់ថា ក្នុងច្បាប់បោះឆ្នោតមិនបានហាមឃាត់ថា កុមារដែលមានអាយុក្រោម១៨ឆ្នាំ មិនអាចចូលរួមហែរគណបក្សនោះបានទេ គ្រាន់តែបញ្ជាក់ថា មិនអាចចូលរួមក្នុងការបោះឆ្នោត និងចូលរួមការគាំទ្រគណបក្សនយោបាយ បានតែប៉ុណ្ណោះ។ លោកបន្តរថា កុមារក៏ជាផ្នែកមួយសំខាន់ដែរ តែត្រូវធ្វើយ៉ាងណាឲ្យកុមារទាំងនោះ ទទួលបានព័ត៌មានគ្រប់គ្រាន់ ព្រោះថាពួកគាត់(កុមារ) ជាជនងាយនឹងរងគ្រោះជាងគេ នៅក្នុងសង្គម។ លោកបន្ថែមថា គួរតែតម្រង់ទិសនយោបាយរបស់ពួកគាត់ ធ្វើយ៉ាងណាឲ្យពួកគាត់ឆ្ពោះទៅរកនយោបាយ«ដែលល្អ»។
សម្រាប់ប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យពហុបក្ស ព្រឹត្តិការណ៍បោះឆ្នោតនីមួយៗ ជាព្រឹត្តិការណ៍ធម្មតា ដែលគេតែងតែផ្ដល់សម្លេងជ្រើសរើសអនាគតរបស់ប្រទេស ទៅឲ្យពលរដ្ឋដែលមានអាយុគ្រប់ ក្នុងការបោះឆ្នោត (នៅកម្ពុជា យ៉ាងតិច១៨ឆ្នាំ)។ ក្នុងសេចក្ដីនេះមានន័យថា ពលរដ្ឋទាំងនោះមានវិចារណញ្ញាណ និងការត្រិះរិះពិចារណាគ្រប់គ្រាន់ ដើម្បីនឹងធ្វើការសម្រេចចិត្ត ទៅតាមគោលការណ៍ច្បាប់។ ដូច្នេះ ទោះច្បាប់មិនបានហាមឃាត់ តែការកំណត់អាយុយ៉ាងតិច១៨ឆ្នាំ សម្រាប់សិទ្ធិបោះឆ្នោតនេះ បានន័យស្មើនឹង«ការមិនលើកទឹកចិត្ត» ឲ្យកុមារជាអនិថិជន ចូលរួមក្នុងសកម្មភាព របស់គណបក្សនយោបាយនោះដែរ។
អ្នកវិភាគស្ថានការណ៍នយោបាយ បានបន្ថែមថា សម្រាប់កុមារ ដែលជាវ័យមួយស្ថិតក្នុងការលូតលាស់ គេគប្បីសម្លឺងមើលទៅលើការបំប៉នស្មារតី (ការសិក្សា រៀនសូត្រ ...) និងរូបរាយកាយ (ចំណីអាហារ ធ្វើកីឡា ...) ដើម្បីឲ្យកុមារទាំងនោះ ត្រូវ«ស្នងឬស្សី» ប្រកបដោយមូលដ្ឋានគ្រឹះត្រឹមត្រូវ ពិតប្រាកដ ជៀសជាងការប្រមូលពពាក់ពពូន ទៅធ្វើការគាំទ្រគណបក្សនយោបាយ តាមឪពុកម្ដាយ ឬអាណាព្យាបាល។ ប្រការដែល«មិនគួ»ធ្វើទៅទៀតនោះ គឺប្រកូកប្រកាស ឬបង្ខំឲ្យទៅដង្ហែគណបក្សនយោបាយ ដែលធ្វើឲ្យប៉ះពាល់ដល់ការរៀនសូត្ររបស់កុមារ។
ឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវយល់ថា អ្វីដែលខ្លួនគិតថាត្រឹមត្រូវ និងចង់គាំទ្រនៅថ្ងៃនេះ អាចនឹងជាគំរូដ៏អាក្រក់មួយ សម្រាប់ឲ្យកុមារយកតម្រាប់តាមទៅថ្ងៃក្រោយ ហើយវាអាចជាមាគ៌ាមួយ ដែលនាំកុមារឲ្យដើរខុសគន្លង ពីមូលដ្ឋានគ្រឹះនៃភាពល្អបរិសុទ្ធពិតប្រាកដ។ ខុសពីការប្រលងប្រណាំងតាមបែបប្រជាធិបតេយ្យ កុមារបែរជាយល់តែពីរបៀប«ប៉ោងក្រៅប្រហោងក្នុង» និងមិនយល់ពីអំពើ«សឬខ្មៅ អាក្រក់ឬល្អ» ដែលឪពុកម្ដាយ ឬអាណាព្យាបាលខ្លួនឯង កំពុងធ្វើក្នុងពេលបច្ចុប្បន្ននេះទៅវិញ៕
-------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ