គ.ជ.ប ស្មើរ​ដល់​គ្រប់​ភាគី​នយោបាយ​ត្រូវ​អត់​ធ្មត់ ក្នុង​ពេល​ឃោសនា​បោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្មើរដល់គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានការអត់ធ្មត់ និងរក្សាទំនាក់ទំនងល្អ ធ្វើយ៉ាងដើម្បីឲ្យការបោះឆ្នោតអាណត្តិទីប្រាំ(៥)នេះ អាចប្រព្រឹត្តទៅបានល្អ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: July 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្មើរដល់គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានការអត់ធ្មត់ និងរក្សាទំនាក់ទំនងល្អ ធ្វើយ៉ាងដើម្បីឲ្យការបោះឆ្នោតអាណត្តិទីប្រាំ(៥)នេះ អាចប្រព្រឹត្តទៅបានល្អ។


សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ (រូបថត MONOROOM.info/ U. Bory)

លោកស្រី ស៊ីន ជុំបូ អនុប្រធានគណៈកម្មាការជាតិរៀបចំការបោះឆ្នោត បានថ្លែងទៅកាន់ តំណាងគណៈបក្សនយោបាយ សកម្មជនឯករាជ្យឃ្លាំមើលការបោះឆ្នោត និងអ្នកសារពត៌មាន នៅទីស្តីការគ.ជ.ប នាព្រឹកថ្ងៃទី០៤ខែកក្កដាថា កម្ពុជាបាន​ធ្វើការឆ្នោតទាំងថ្នាក់ឃុំសង្កាត់ និងតំណាងរាស្រ្តមានចំនួនដប់(១០)លើកហើយ និងមានភាពចាស់ទុំគ្រប់គ្រាន់​ក្នុងការ​រៀបចំព្រឹត្តិការណ៍នេះ។

លោកស្រី បានបញ្ជាក់ថា៖ «គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ រក្សាការ​អត់ធ្មត់ បន្តនៅភាពចាស់ទុំ ធ្វើយ៉ាងណាឲ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយសុខសន្តិភាព ជៀសវៀងនូវបញ្ហា និង​អំពើ​ហិង្សាគ្រប់បែបយ៉ាង»។ លោកស្រីក៏បានស្មើរដល់ អ្នកសារពត៌មាន អង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ចូលរួមក្នុងកិច្ចការនេះដែរ។

យោងតាមរបាយការណ៍របស់គ.ជ.ប បានបង្ហាញថា រហូតមកដល់ថ្ងៃឃោសនាទីប្រាំនេះ (គ.ជ.ប) បានទទួលពាក្យបណ្តឹង ចំនួនចិត្តសិបបណ្តឹង។ ហុកសិបមួយបណ្តឹង នៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ និងប្រាំបួនបណ្តឹងនៅ​គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី ខេត្ត។ ហើយបណ្តឹងទាំងនេះ កំពុងដោះស្រាយជាបន្តបន្ទាប់។

លោក ទេព នីថា អគ្គលេខាធិការ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា៖ «រហូតមកដល់ពេលនេះ ពុំទាន់មានបញ្ហាអ្វីធំដុំ ធ្ងន់ធ្ងរនោះទេ»។ លោក បានស្មើរសុំគ្រប់ភាគីទាំងអស់ ត្រូវដាក់ពាក្យបណ្តឹងក្នុងករណី​មានបញ្ហា​កើតឡើង។ លោកបន្តថា (គ.ជ.ប) កំពុងយកចិត្តទុកដាក់លើបញ្ហានេះ ហើយប្រសិនបើមានបណ្តឹង (គ.ជ.ប) នឹងធ្វើការ​ដោះស្រាយ អាស្រ័យលើភស្តុតាងជាក់ស្តែង។

សូមរំលឹកថា ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ សកម្មជនបក្សប្រឆាំងចំនួនប្រាំ(៦)នាក់ ត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ងធ្វើ​មនុស្ស​ឃាត។ តែលោក យឹម សុវណ្ណ តំណាងរាស្រ្តបក្សប្រឆាំងបានចាត់ទុកថា ការចាប់ខ្លួននេះ ជាការគំរាមកំហែង និងបំភិត​បំភៃ​សកម្មជនរបស់គណបក្សរបស់លោក ហើយក៏ជាការរំខានដល់យុទ្ធនាការឃោសនាបោះឆ្នោត។

ទាក់ទងនឹងការចាប់ខ្លួននេះ លោក ទេព នីថា អគ្គលេខាធិការ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែង​ប្រាប់តំណាងគណបក្សប្រឆាំង និងអ្នកសារពត៌មានថា សូមកុំមានការវាយតំលៃលឿនពេក និងចោទប្រកាន់ថា ជាការ​បំភិតបំភៃ ឬពាក់ព័ន្ធនឹងរឿងនយោបាយនោះ។ លោក បន្ថែមថា រឿងនេះគួរទុកឲ្យអ្នកជំនាញគេធ្វើ។

លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (COMFREL) បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃនេះ នៅតែមានបញ្ហាចោទឡើង ដូចជា គ្នានភាពយុត្តិធម៌ ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ការបំផ្លាញស្លាកគណបក្ស​នយោបាយ និងការរារាំងពីអាជ្ញាធរនោះជាដើម។

សូមរំលឹកថា បេក្ខជនតំណាងរាស្រ្តម្នាក់របស់ គណបក្សប្រឆាំងត្រូវបានរារាំងដោយ សន្តិសុខផ្សារទូលទំពូងកាលពីប៉ុន្មាន​ថ្ងៃមុននេះ ខណៈដែលបេក្ខជនតំណាងរាស្រ្តរូបនោះ កំពុងធ្វើការឃោសនាចែកខិត្តប័ណ្ណ។

លោក សូរិយ៉ា ស៊ូប៊ើឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ធ្លាប់​បាន​ផ្តល់អានុសាសន៍ ដល់គ្រប់ភាគីដែលចូលរួមបោះឆ្នោតទាំងអស់ ត្រូវឈរលើគោលការណ៍ច្បាប់មានតម្លាភាព មាន​យុត្តិធម៌ និងស្របតាមលទ្ធិប្រជាធិបតេយ្យ។

នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៣ ប្រតិភូអ៊ឺរ៉ុបប្រចាំកម្ពុជា ក៏បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដែលមានខ្លឹមសារ​ស្រដៀង​នឹងអានុសាសន៍ របស់លោក សូរិយ៉ា ស៊ូបាឌី ដែរ តែត្រូវបានច្រានចោល ដោយរដ្ឋាភិបាលកម្ពុជា៕

-------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...