សហគមន៍​និង​សង្គម​ស៊ីវិល ជម្រុញ​ឲ្យ​អនុម័ត​ច្បាប់​ស្តី​ពី​លក្ខន្ដិកៈ​ចៅក្រម​និង​ព្រះរាជអាជ្ញា

នៅខណៈដែលអ្នកមានអំណាច និងក្រុមហ៊ុនឯកជន បានកំពុងយកប្រព័ន្ធតុលាការមកគម្រាមកំហែង មកលើសកម្មជនសិទ្ធិមនុស្ស ដីធ្លី នៅពេលដែលចេញមុខប្រឆាំងតវ៉ាការពារដីធ្លី និងផ្ទះសម្បែងនោះ ប្រជាសហគមន៍ព្រៃឈើ ដីធ្លី នេសាទ និងអង្គការក្រៅរដ្ឋាភិបាល បានអំពាវនាវឲ្យរដ្ឋាភិបាល ជម្រុញឲ្យរដ្ឋសភាពអនុម័តច្បាប់ ស្តីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា ដើម្បីពង្រឹងប្រព័ន្ធតុលាការនៅកម្ពុជា។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: July 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ នៅខណៈដែលអ្នកមានអំណាច និងក្រុមហ៊ុនឯកជន បានកំពុងយកប្រព័ន្ធតុលាការមកគម្រាមកំហែង មកលើ​សកម្មជនសិទ្ធិមនុស្ស ដីធ្លី នៅពេលដែលចេញមុខប្រឆាំងតវ៉ាការពារដីធ្លី និងផ្ទះសម្បែងនោះ ប្រជាសហគមន៍ព្រៃឈើ ដីធ្លី នេសាទ និងអង្គការក្រៅរដ្ឋាភិបាល បានអំពាវនាវឲ្យរដ្ឋាភិបាល ជម្រុញឲ្យរដ្ឋសភាពអនុម័តច្បាប់ ស្តីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា ដើម្បីពង្រឹងប្រព័ន្ធតុលាការនៅកម្ពុជា។


ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

ការអំពាវនាវរបស់ប្រជាសហគមន៍ទាំងនោះ នៅក្នុងសន្និសិទសាព័ត៌មាន ស្តីពីការប្រើអំណាចតុលាការគម្រាមកំហែង មក​លើអ្នកការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិនៅកម្ពុជា នៅឯទីស្នាក់ការអង្គការ NGOs Forum ដែលមានការចូលរួមពី ប្រជាសហគមន៍និងអង្គការចំនួន៨។

លោកថេង សាវឿន លេខាធិការដ្ខាននៃសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានថ្លែងឲ្យដឹងថា យោងតាមការស្រាវជ្រាវ​របស់​លោកក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ អ្នកការពារសិទ្ធិមនុស្ស ដីធ្លី ប្រមាណជា៥០០នាក់ ត្រូវបានទទួលនូវការ​គំរាម​កំហែង តាមរយៈប្រព័ន្ធតុលាការ ការចាប់ខ្លួនចោទប្រកាន់ដោយបំភ្លៃរឿងក្តីទៅជាបទល្មើសព្រហ្មទណ្ឌ ដូចជាបទញុះញ៉ង់ ឆបោក និងរំលោភសិទ្ធិកម្មសិទ្ធឯកជន។ លោកបានឲ្យដឹងទៀតថា ៖ «ការចោទប្រកាន់នោះគឺខុសពីការពិត ភាគច្រើន​មន្ត្រី​តុលាការ និងមន្ត្រីសមត្ថកិច្ចធ្វើការស៊ើបអង្កេតមិនបានល្អិតល្អន់នោះទេ។ ខ្ញុំសូមឲ្យរដ្ឋាភិបាលថ្មី ជម្រុញសភាបង្កើត​ច្បាប់​ស្តីពីលក្ខន្ដិកៈចៅក្រមនិងព្រះរាជអាជ្ញាដើម្បីដាក់ទោសមន្ត្រីទាំងនោះ បើមិនមានច្បាប់នេះទេ គឺពួកគេកាត់ក្តី​តាមតែអំពើ​ចិត្តរបស់គេ»។

លោកម៉េង ប៊ុនរឿន តំណាងប្រជាសហគមន៍មកពីខេត្តពោធិ៍សាត់បានលើកឡើងថា ក្រុមហ៊ុន និងអ្នកមានអំណាចបាន​ប្រើអំណាចតុលាការ ដើម្បីគំរាមអ្នកពារសិទ្ធិមនុស្ស ជាពិសេសពលរដ្ឋដែលតែងតែ​ចេញមុខការពារផ្ទះសម្បែង និងដី​ចម្ការ​របស់ពលរដ្ឋ ដោយចេញដីការកោះហៅប្រជាពលរដ្ឋ ឡើងតុលាការជាញឹកញ៉ាប់ ដើម្បីជាការគំរាមបំបាក់ស្មារតី​ឲ្យឈប់​ធ្វើការតវ៉ា។ លោកបានថ្លែងឲ្យដឹងថា ៖«ខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាលជម្រុញឲ្យបង្កើតច្បាប់គ្រប់គ្រង់ចៅក្រម ព្រះរាជឲ្យ​បានឆាប់ និងចាត់វិធានការ និងដាក់ទោសជាបន្ទាន់ដល់ក្រុមតុលាការ ដែលមិនបានបំពេញទៅតាមវិជ្ជាជីវ ក្រមសីលធម៌ និងប្រព្រឹត្តអំពើពុករលួយទៅតាមផ្លូវច្បាប់»។

រីឯអ្នកស្រី ហង្ស ចិន្តា តំណាងបណ្តាញសហគមន៍មកពីខេត្តព្រះសីហនុបានថ្លែងឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំចុង​ក្រោយ​នេះគឺមានបញ្ហាយ៉ាងធ្ងន់ធ្ងរទៅ លើប្រព័ន្ធតុលាការ ដោយសារតែតុលាការមិនបានគោរព ទៅតាមតួនាទីរបស់ខ្លួន គឺធ្វើ​តាមតែអ្នកមានអំណាចនិងអ្នកមានលុយ។ អ្នកស្រីបានឲ្យដឹងទៀតថា ៖«ពួកយើងខិតខំតវ៉ាការពារផ្ទះសម្បែង ធនធាន​ធម្មជាតិ តែមិនបានគំាទ្ររឺក៏ស្វែងរកដំណោះស្រាយនោះទេ បែជាចេញដីការចាប់ខ្លួន​ដោយចោទ​ពីបទល្មើសព្រហ្មទណ្ឌ​ទៅវិញ។ ដូចរូបខ្ញុំការពារផ្ទះខ្លួនឯង ត្រូវបានតុលាការចាប់ដាក់គុកអស់មួយខែ ដោយចោទប្រកាន់ថា បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិអ្នកដទៃ។ ខ្ញុំមិនអាចទទួលយកបានទេ ចំពោះមន្ត្រីតុលាការដែលធ្វើបែបនេះ គួរតែរដ្ឋាភិបាល​ជម្រុញឲ្យបង្កើត​ច្បាប់ស្តីពីលក្ខន្ដិកៈចៅក្រមនិងព្រះរាជអាជ្ញាជាបន្ទាន់។»

យោងទៅតាមរដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជាណាចក្រកម្ពុជាក្នុងមាត្រា ១២៩ បញ្ញត្តិថា អំណាចតុលាការជាអំណាចឯករាជ្យ អំណាចតុលាការ ធានារក្សាអនាគត និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ អំណាចតុលាការ គ្របដណ្តប់​លើរឿង​ក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង។ អំណាចនេះ ត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែក និង​គ្រប់​ជាន់ថ្នាក់។ ការជម្រះក្ដីផ្ដល់យុត្ដិធម៌ត្រូវធ្វើក្នុងនាមប្រជារាស្ដ្រខ្មែរតាម នីតិវិធីនិងច្បាប់ជាធរមាន។ ចៅក្រម ត្រូវបំពេញ​ភារកិច្ច ដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន។

លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមនការពារសិទ្ធិមនុស្សអាដហុកបានថ្លែងឲ្យដឹងថា ក្នុងរយៈពេល​ចំនួន២០ឆ្នាំនេះមិនទាន់មានច្បាប់កម្រិតអំពីកំហុសឆ្គងរបស់ ចៅក្រមនិងព្រះរាជអាជ្ញាកំពុងបំពេញការងារ ក្នុងស្ថាប័ន​តុលាការឱ្យបានច្បាស់លាស់នៅឡើយ ពីព្រោះមិនទាន់មានច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា ជាហេតុធ្វើឱ្យ​ស្ថាប័នតុលាការកម្ពុជា បាត់បង់នូវជំនឿទុកចិត្ដពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ដោយសារបក្ខពួកនិយម និងឥទ្ធិពលជ្រៀត​ជ្រែកពីអំណាចគណបក្សនយោបាយ។ លោកបានថ្លែងឲ្យដឹងថា ៖ «យើងជម្រុញឲ្យមានច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និង​ព្រះរាជអាជ្ញា ដើម្បីកុំឲ្យមន្ត្រីទាំងនោះជិះសេះលែងដៃ ដូចឃើញស្រាប់ករណីលោក គុជ វ៉េង និង អ្នកស្រីយ៉ោម បុប្ផា ជា​ដើម»។

លោក សុក សំអឿន ជាប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានឲ្យដឹងថា ចៅក្រមនៅកម្ពុជា អាចជាសមាជិក​គណបក្ស ដែលជា«សំណួរ»សម្រាប់ភាពឯករាជ្យនៃប្រព័ន្ធតុលាការ ពេលខ្លះសង្កេតឃើញថា មានការដូចថា បញ្ហា​តំណែងតុលាការធំៗ ដូចជាប្រធាន ទាល់តែមានការឯកភាពពីគណបក្ស។ លោកបានថ្លែងឲ្យដឹងទៀតថា ៖«ប្រព័ន្ធ​តុលាការនៅកម្ពុជា នឹងអាចមានភាពល្អប្រសើរជាងនេះ ដោយអ្នកជំនាន់ក្រោយជាអ្នកកែប្រែ»។

លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តធម៌ ពុំអាចធ្វើការទំនាក់ទំនង ដើម្បីធ្វើការអត្ថាធិប្បាយបានទេ នៅថ្ងៃនេះ។

កាលពីខែសីហា ឆ្នាំ ២០១០ លោក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គ វង្សវឌ្ឍនា បានចេញលិខិតព្រមាន​ជាសាធារណៈ​ដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ព្រមទាំងអយ្យការទូទាំងប្រទេស ឲ្យគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបាន ល្អដោយ​បានព្រមានថានឹងដាក់ពិន័យ ចំពោះមន្ត្រីតុលាការណា ដែលបានប្រព្រឹត្តខុសឆ្គង។ នៅពេលនោះ​ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ដែលកំពុងបម្រើការងារនៅតាមសាលាដំបូងរាជធានី និងខេត្តព្រមទាំងអយ្យការទូទាំងប្រទេស ចៅក្រម​អាសនៈមួយចំនួន (ដែលសំដៅលើចៅក្រមស៊ើបអង្កេត និងចៅក្រមជំនុំជម្រះ) បានប្រគល់ភារកិច្ចឲ្យក្រឡាបញ្ជី ជាអ្នក​ស៊ើបសួរជំនួស និងធ្វើកំណត់ហេតុដោយគ្មានវត្តមានរបស់ពួកគេឡើយ៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...