រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ ប្រធានាធិបតី​ជាប់​ឆ្នោត​និង​បក្សពួក ត្រូវ​បាន​ឃាត់​ខ្លួន

ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃប្រទេសអេហ្សីប មហាមេដ ម៉ូស្សី (Mohamed Morsi) ត្រូវបានផ្ដួលរំលំដោយកងទ័ពនៅ​ថ្ងៃ​ពុធ និងត្រូវបានដឹកមកឃុំខ្លួន នៅថ្ងៃព្រហស្បត្តិទី០៤ខែកក្កដានេះ ក្នុងក្រសួងការពារជាតិរបស់ប្រទេស។ បក្សពួក​មួយ​ចំនួនរបស់លោកប្រធានាធិបតី កំពុងជាប់ឃុំនៅក្នុងអាគាររបស់កងទ័ព និងមួយចំនួនទៀត កំពុងត្រូវបានគេស្វែងរក​ចាប់​ខ្លួន។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: July 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃប្រទេសអេហ្សីប មហាមេដ ម៉ូស្សី (Mohamed Morsi) ត្រូវបានផ្ដួលរំលំដោយកងទ័ពនៅ​ថ្ងៃ​ពុធ និងត្រូវបានដឹកមកឃុំខ្លួន នៅថ្ងៃព្រហស្បត្តិទី០៤ខែកក្កដានេះ ក្នុងក្រសួងការពារជាតិរបស់ប្រទេស។ បក្សពួក​មួយ​ចំនួនរបស់លោកប្រធានាធិបតី កំពុងជាប់ឃុំនៅក្នុងអាគាររបស់កងទ័ព និងមួយចំនួនទៀត កំពុងត្រូវបានគេស្វែងរក​ចាប់​ខ្លួន។


ក្រុមអ្នកប្រឆាំងនឹងលោក ម៉ូស្សី។ (រូបថត Spencer Platt/Getty)

ប្រធានាធិបតីជាប់ឆ្នោតទីមួយ បន្ទាប់ពីរបបផ្ដាច់ការមុនត្រូវបានរំលំ ដោយកម្លាំងប្រជាជននោះមក ត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងវិធានការពង្រឹកសន្តិសុខមួយ ដែលបានរឹតបន្តឹងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដាក់ទៅលើក្រុមបងប្អូនម៉ូស្លីម (Frères musulmans)។ ប្រធានាធិបតីរូបនេះ មានប្រភពចេញពីក្រុមបងប្អូនម៉ូស្លីម (កាន់សាសនាឥស្លាមនិយមតឹង) នេះ ដែលជា​កម្លាំងនយោបាយមួយយ៉ាងរឹងមាំ និងចេះតែរីកដុះដាលទៅ នៅក្នុងប្រទេសអេហ្សីប។ កងទ័ពបានចេញ ដីការឃាត់ខ្លួន​ចំនួនជាង ៣០០ដីការ ដើម្បីតាមប្រម៉ាញ់រកក្រុមមេដឹកនាំជាន់ខ្ពស់ និងអ្នកជិតដិតមួយចំនួនទៀត របស់ប្រធានាធិបតី​ម៉ូស្សី។

ប្រតិកម្មរបស់បរទេស

រដ្ឋធម្មនុញ្ញរបស់ប្រទេស ត្រូវបានផ្អាកដោយកងទ័ព ដោយក្រុមយោធាបានជ្រើសរើសមនុស្សថ្មី មកជំនួសលោក ម. ម៉ូស្សី មានឈ្មោះ​ថា អាដលី ម៉ានសួរ (Adly Mansour)។ សកម្មភាពទាំងអស់នេះ បានជម្រុញឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពី​សំណាក់សហគមន៍អន្តរជាតិ។ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានស្នើឲ្យពិនិត្យមើល​ឡើង​វិញ ពីជំនួយដ៏សំខាន់ទៅឲ្យកងទ័ពអេហ្សីប ខណៈពេលដែលសហគមន៍អឺរ៉ុប បានទាមទារឲ្យមានប្រធានាធិបតីថ្មីមួយ មកជំនួសជាបន្ទាន់។

លោកអូបាម៉ា បានសម្ដែងការព្រួយបារម្ភរបស់លោក ហើយបានអំពាវនាវឲ្យមានការបោះឆ្នោតយ៉ាងលឿនជាទីបំផុត ដើម្បី​បង្កើតនូវរដ្ឋាភិបាលស៊ីវិលថ្មីមួយ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​បាន គីម៉ូន (Ban Ki-moon) បានវាយតម្លៃ​ថា ជា«អន្តរាគមន៍»របស់កងទ័ព ដ៏គួរឲ្យខ្វាយខ្វល់។

ទីក្រុងប៉ារីស បានយល់ពីព្រឹត្តិការណ៍នេះ ហើយស្នើសុំឲ្យមានការបោះឆ្នោតថ្មីមួយ និងរក្សាឲ្យបាននូវសន្តិភាព។ រីឯទីក្រុង​ឡុងដ៍ឯណោះវិញ បានអំពាវនាវឲ្យមានភាពស្ងប់ស្ងៀម ហើយបាននិយាយថា ខ្លួនប្រឆាំងនឹងអន្តរាគមន៍យោធា ដើម្បី​ផ្លាស់ប្ដូរ​របបដឹកនាំ។

តែផ្ទុយទៅវិញ ព្រះមហាក្សត្រប្រទេសអារ៉ាប៊ី សាអ៊ូឌីត អាបដាឡាស (Abdallah) ជាមេដឹកនាំដំបូងគេ ដែលបានស្វាគមន៍​លោក ម៉ានសួរ ដែលជាប្រធានាធិបតីថ្មីលើកឲ្យកាន់អំណាចដោយក្រុមយោធា។

«ម៉ូស្សី ត្រូវបានគេក្បត់»

រដ្ឋប្រហារយោធានេះ បានកើតឡើងនៅក្រោយពេលការប្រកាសរបស់លោកប្រធានាធិបតីម៉ូស្សី ដែលបានធ្វើកាល​ពីរាត្រី​ថ្ងៃអង្គារ ពីភាពស្របច្បាប់របស់លោកនៅក្នុងការកាន់អំណាចជាបន្ត។ តែជាការប្រកាសមួយ ដែលបង្កឲ្យមានការ​ព្រួយ​បារម្ភ ថាអំពើហឹង្សាអាចនឹងកើតមានឡើង នៅក្នុងផ្ទៃប្រទេសកាន់តែខ្លាំង ខណៈដែលព្រឹត្តិការណ៍ប៉ះទង្គិច​បង្ហូរឈាម​មួយ​ចំនួន បានកើតមានរួចមកហើយ។ អ្នកធ្វើបាតុកម្មម្នាក់ នៅទីលាន តាអៀរ (Tahrir) កណ្ដាលទីក្រុងកែរ ដែលពេញ​ប្រៀប​ដោយហ្វូងបាតុករប្រជាជន តាំងពី​ច្រើនថ្ងៃមកហើយនោះ បានថ្លែងថា «ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ព្រោះយើងបាន​បោសសំអាត ប្រធានាធិបតីម៉ូស្សី និងក្រុមបងប្អូនម៉ូស្លីមចេញ»។ ក្រុមបាតុករបានផ្ទុះប្រមូលគ្នារាប់សិបម៉ឺននាក់ មកជួប​ជុំ​គ្នានៅកណ្ដាលក្រុង ក្រោយ​ពី​ព្រឹត្តិការណ៍វាយបង្ក្រាបនៅថ្ងៃទី២៦ខែមិថុនា ដែលបានធ្វើឲ្យមនុស្ស៤៧នាក់ស្លាប់។

មនុស្សរាប់ពាន់នាក់ផ្សេងទៀត ដែលមានសមានចិត្ត នឹងប្រធានាធិបតីម៉ូស្សី ក៏បានមកជួបជុំគ្នាដែរ នៅទីលានមួយទៀត​កណ្ដាលទីក្រុង ហើយបានស្រែកថា «ម៉ូស្សីត្រូវបានក្បត់។ ជារដ្ឋប្រហារមួយ ប្រឆាំងនឹងប្រធានាធិបតីជាប់ឆ្នោត (ស្រប​ច្បាប់)»។

ការឃាត់ខ្លួនប្រធានាធិបតី

អ្នកទទួលខុសត្រូវម្នាក់របស់កងទ័ព ស្រង់សម្ដីដោយទីភ្នាក់ងារបារាំង អាអេហ្វប៉េ (AFP) បាននិយាយថា កងទ័ពបានចាប់​«អតីត»ប្រមុខរដ្ឋ ជាការត្រៀមការពារមួយ ហើយថាតាមទំនង អតីតប្រធានាធិបតីរូបនេះ នឹងអាចត្រូវបានជាប់​ពាក្យ​បណ្ដឹងទៅតុលាការ ជាមួយនឹងមេដឹកនាំស្និតនឹងលោកមួយចំនួនទៀត។ កងទ័ពបាដាក់កម្រិត ឲ្យមានការហាមឃាត់ក្រុម​មនុស្សទាំងនេះ មិនឲ្យធ្វើដំណើរចេញក្រៅប្រទេស ដើម្បីទុកឲ្យមានការស៊ើបអង្កេត រួមជាមួយនឹងសមាជិក​ក្រុម​បងប្អូន​ម៉ូស្លីម ៣៣នាក់ផ្សេងទៀត។

ប្រភពស្និតនឹងសន្តិសុខជាតិ បានបង្ហើបឲ្យដឹងដែរថា ប្រធានគណបក្សនយោបាយមួយ ដែលបង្កើតឡើងដោយ​ក្រុមបង​ប្អូនម៉ូស្លីម ក៏ត្រូវបានឃាត់ខ្លួនដែរ។ ក្រុមមេដឹកនាំនៃសារព័ត៌មានរបស់រដ្ឋាភិបាលមួយ ក៏សុទ្ធសឹង​ជាមនុស្សក្នុង​ចំណោម​ដីការទាំង ៣០០ ដែលត្រូវស្វែងរកចាប់ខ្លួនដែរ។

រដ្ឋប្រហារនេះ បានកើតឡើងតែ១៦ខែប៉ុណ្ណោះ បន្ទាប់ពីកម្លាំងប្រជាជនអេហ្សីប បានបណ្ដេញអតីតប្រធានាធិបតី ហ៊ូស្នី ម៉ូបារ៉ាក់ (Hosni Moubarak) ដែលរងការចោទប្រកាន់ថាបានបង្កើតនូវរបបផ្ដាច់ការ ជាច្រើនសិបឆ្នាំនៅអេហ្សីប។ អ្នក​ដឹក​នាំក្នុងយុទ្ធនាការរដ្ឋប្រហារនេះ គឺឧត្តមសេនីយ៍ អាបដែល ហ្វាតា អាល់ស៊ីស៊ី (Abdel Fattah al-Sissi) ដែលក្នុងពេលនេះ បានក្លាយជាបុរសខ្លាំងមួយរូប នៃប្រទេស។ លោកឧត្តមសេនីយ៍ បានចេញមកថ្លែងបង្ហាញពី«ក្រមប្រតិបត្តិ»មួយ ដែល​បើតាមមេដឹកនាំក្រុមប្រឆាំងនៅអេហ្សីបលោក មហាម៉េដ អេលបារ៉ាដី (Mohamed ElBaradei) ថា ក្រមប្រតិបត្តិនេះបាន​ឆ្លើយតបទាំងស្រុង ទៅនឹងការចង់បានរបស់ប្រជាជន៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...