គ្រីស្ទែណូ រ៉ូណាល់ដូ៖ ខ្ញុំនឹកម៉ែនឆេស្ទើ យូណៃធីត
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែបម្រើស្លាបក្រុមរៀលម៉ាឌ្រីដ (Real Madrid) គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) បាននិយាយថា គាត់នឹកដល់ពេលវេលា ដែលគាត់លេងឲ្យក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ខណៈដែលតារាឆ្នើមរបស់ព័រទុយហ្គាលរូបនេះ កំពុងតែមានពាក្យចចាមអារ៉ាមថា នឹងអាចត្រឡប់មកកាន់ទឹកដីអូលត្រាហ្វដ (Old Trafford) នៅរដូវក្តៅនេះ។ នេះបើតាមសេចក្ដីរាយការណ៍ របស់គេហទំព័រហ្គោលដតខម (Goal.com) ។
គ្រីស្ទែណូ រ៉ូណាល់ដូ កីឡាករបាល់ទាត់ របស់ក្រុមរៀលម៉ាឌ្រីដ ដ៏ល្បីនៃប្រទេសអេស្ប៉ាញ។
បើទោះបីជាគាត់និយាយថា គាត់នឹកក្រុមម៉ែនញូយ៉ាងនោះក៏ដោយ គាត់ក៏បាននិយាយថា គាត់រីករាយក្នុងការលេងឲ្យក្រុមរៀលម៉ាឌ្រីដ និងពេញចិត្តជីវិតរបស់គាត់ នៅក្នុងប្រទេសអេស្ប៉ាញដែរ។
ពាក្យចចាមអារ៉ាមជាច្រើននៅតែបន្តលើកឡើងថា រ៉ូណាល់ដូនឹងត្រឡប់ទៅកាន់ក្រុមម៉ែនញូវិញនៅរដូវក្តៅនេះ ខណៈដែលខ្សែបម្រើស្លាបឆ្វេងរូបនេះ មិនបានចុះកិច្ចសន្យាថ្មីជាមួយរៀលម៉ាឌ្រីដ ហើយកិច្ចសន្យារបស់គាត់ជាមួយក្លិបបច្ចុប្បន្ន នឹងបញ្ចប់នៅឆ្នាំ២០១៥។
រ៉ូណាល់ដូ បាននិយាយ ក្នុងដំណើរទស្សនៈកិច្ចរបស់គាត់ទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃពុធថា៖ «ខ្ញុំនឹកបាល់ទាត់ប្រទេសអង់គ្លេស។ សម្រាប់ខ្ញុំ វាជាពេលវេលា ដ៏អស្ចារ្យបំផុត នៅក្នុងអាជីពរបស់ខ្ញុំ នៅពេលដែលខ្ញុំបានលេងឲ្យក្រុមម៉ែនញូ។ គ្រប់គ្នាដឹងហើយថា នោះជាក្លិប ដែលស្ថិតក្នុងក្រអៅបេះដូងរបស់ខ្ញុំ ហើយខ្ញុំពិតជា ពិតជានឹកខ្លាំងណាស់។»
ប៉ុន្តែកីឡាករវ័យ ២៨ឆ្នាំរូបនេះ បានបន្តថា៖ «ពេលនេះការរស់នៅរបស់ខ្ញុំ នៅប្រទេសអេស្ប៉ាញ។ ខ្ញុំពេញចិត្តលេងនៅទីនោះ ប៉ុន្តែចំពោះអនាគតយ៉ាងណា យើងមិនដឹងនោះទេ។ ខ្ញុំពិតជាសប្បាយរីករាយ។»
កំឡុងពេលទស្សនៈកិច្ចរបស់គាត់នៅទីនោះ មានសិស្សសាលាសិង្ហបុរីជាច្រើន បានចោទជាសំនួរថា៖ «ហេតុអ្វីក៏អ្នកលេងបាល់ទាត់បានល្អម្លេះ?»
រ៉ូណាល់ដូ បានឆ្លើយតបវិញយ៉ាងសាមញ្ញថា៖ «ខ្ញុំខិតខំហ្វឹកហាត់យ៉ាងខ្លាំង។ បើអ្នកចង់លេងល្អបំផុត អ្នកត្រូវតែខិតខំហ្វឹកហាត់ ឲ្យបានម៉ត់ចត់ និងខិតខំជាទីបំផុតដែរ។ ជឿជាក់លើខ្លួនអ្នកផ្ទាល់ ហើយកុំខ្លាចអ្វីទាំងអស់។»
សរុបមក រ៉ូណាល់ដូ នៅតែបញ្ជាក់ពីអនាគតរបស់គាត់ ពុំច្បាស់លាស់ដដែល ពោលគឺគាត់និយាយបែបនេះ មានន័យថា គាត់បើកដៃឲ្យម៉ែនញូ ចូលចចារយកគាត់ទៅវិញ ប៉ុន្តែគាត់និយាយថា រីករាយនៅរៀលម៉ាឌ្រីដ ព្រោះគាត់កំពុងតែលេងនៅទីនោះនៅឡើយ និងដើម្បីផ្គាប់ចិត្តអ្នកគាំទ្ររៀលម៉ាឌ្រីដ កុំឲ្យមានប្រតិកម្មដាក់គាត់ខ្លាំងពេក៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ