រ៉ូណាល់ដូ ទាត់ចូលទី២គ្រាប់ ខណៈរៀលម៉ាឌ្រីដឈ្នះបឺណេម៉ូស៦-០
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ម្ចាស់ជើងអ៊ឺរ៉ុប៩សម័យកាល អធិរាជសរៀលម៉ាឌ្រីដ (Real Madrid) បានបើកឆាកយុទ្ធនាការប្រកួតមិត្តភាពរបស់ខ្លួន ជាមួយក្រុមមកពីលីកលំដាប់ទី២ នៃប្រទេសអង់គ្លេស បឺណេម៉ូស (Bournemouth) និងបានយកឈ្នះយ៉ាងចាស់ដៃ ដោយលទ្ធផល ៦-០ កាលពីយប់ថ្ងៃអាទិត្យ។
គ្រីស្ទែណូ រ៉ូណាល់ដូ កីឡាករបាល់ទាត់ របស់ក្រុមរៀលម៉ាឌ្រីដ ដ៏ល្បីនៃប្រទេសអេស្ប៉ាញ។
អ្នកគាំទ្រជាច្រើនកុះករបានប្រជែងគ្នាទិញសំបុត្រ នៅក្នុងកីឡាដ្ឋានហ្គូលសែន (Goldsands Stadium) ដែលអាចផ្ទុកទស្សនិកជនបានប្រមាណ ១២០០០នាក់ ដើម្បីចង់មើលតារាឆ្នើមរបស់ពិភពលោក គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ហើយពួកគេពិតជាមិនខកបំណងនោះទេ ខណៈដែលគ្រូបង្វឹកថ្មី លោកកាឡូ អេនសេឡូទី (Carlo Ancelotti) ដាក់បញ្ចូលកីឡាករខ្លាំងៗជាច្រើនឲ្យចូលលេង។
កីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុត នៅលើពិភពលោក បន្ទាប់ពីផ្ទេរពីក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) មកកាន់ក្រុមរៀលក្នុងតម្លៃ ៨០លានផោន កាលពីឆ្នាំ២០០៩ (រ៉ូណាល់ដូ) បានរកគ្រាប់ទី១ បានសម្រេចនៅនាទីទី២១ ដោយបាល់ហ្វ្រីឃីត (free kick) ហើយគាត់បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៤០ មុនពេលដែលកីឡាករសាមី ឃេឌីរ៉ា (Sami Khedira) រកគ្រាប់ទី៣បាន នៅនាទីទី៤៣។
ខ្សែប្រយុទ្ធបម្រុងហ្គុនស្ស៊ាឡូ ហៃហ្គូន (Gonzalo Higuain) បានបន្ថែម១គ្រាប់ទៀត នៅវគ្គទី២ ទើបចាប់ផ្តើមបាន២នាទី ខណៈដែលខ្សែបម្រើស្លាប អេនជេល ឌីម៉ារៀ (Angel Di Maria) រកគ្រាប់បាល់ទី៥ នៅនាទីទី៦៨ និងខ្សែបម្រើប្រេស៊ីល កាសេមីរ៉ូ (Casemiro) ជាអ្នកបង្ហើយគ្រាប់ទី៦ នៅ៨នាទី មុនបញ្ចប់ម៉ោងប្រកួត។
គ្រូបង្វឹកថ្មីរៀលម៉ាឌ្រីដ លោកអេនសេឡូទី បាននិយាយថា៖ «វាជាការប្រកួតដ៏សំខាន់មួយ ដូច្នេះយើងពិតជាពេញចិត្តនូវជ័យជំនះមួយនេះ។»
នៅពេលដែលសួរអំពីអនាគតរបស់រ៉ូណាល់ដូ លោកអេនសេឡូទីបាននិយាយថា៖ «គាត់ជាកីឡាករ ដែលសំខាន់បំផុតសម្រាប់ក្រុមយើង។ ហើយអនាគតរបស់គាត់ នឹងនៅជាមួយក្រុមរៀលម៉ាឌ្រីដជាបន្តទៀត។»
រីឯខ្សែប្រយុទ្ធហៃហ្គូន ដែលពាក់ព័ន្ធនឹងការផ្ទេរទៅកាន់ក្រុមអាសឺណល (Arsenal) លោកបាននិយាយថា៖ «គាត់ជាកីឡាករក្រុមរៀលម៉ាឌ្រីដ ហើយដរ៉ាបណាវានៅតែជាពត៌មាន យើងគិតថា គាត់នឹងនៅទីនេះជាមួយយើងទៀត៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ