លឺដំណឹងថា លី តែហុន មកដឹកនាំក្រុមជម្រើសជាតិកម្ពុជាវិញ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព័ត៌មានដ៏រសើបមួយ បានចុះផ្សាយនៅលើភ្នំពេញប៉ុស្តិ៏នាថ្ងៃនេះថា គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក លី តែហុន (Lee Tae Hoon) ទំនងនឹងអាចវិលត្រឡប់មកដឹកនាំ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាលើកទី២វិញ ខណៈដែលព័ត៌មានដំបូងបានឲ្យដឹងថា ការតែងតាំងនឹងត្រូវធ្វើឡើង នៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក លី តែហុន (រូបបែរមុខ) នៅលើលានប្រកួត។
គ្រូបង្វឹកវ័យ៤២ឆ្នាំរូបនេះ បានចូលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាលើកដំបូង នៅខែសីហា ឆ្នាំ២០១០។ ប៉ុន្តែក្រោមការដឹកនាំរបស់គាត់ ក្រុមជម្រើសជាតិកម្ពុជា ធ្វើមិនបានល្អនោះទេ ក្នុងការប្រកួតពានរង្វាន់ប្រចាំតំបន់ ឬការប្រកួតលក្ខណៈអន្តរជាតិនានា ដែលធ្វើឲ្យអ្នកគាំទ្របាល់ទាត់របស់កម្ពុជាជាច្រើន មានការរិះគន់យ៉ាងខ្លាំង ហើយទីបំផុតគាត់ក៏ត្រូវចុះចេញពីដំណែង នៅខែឧសភា ឆ្នាំ២០១២។
នៅពេលដែលលោក លី តែហុន បានចាកចេញ កីឡាករជើងចាស់របស់កម្ពុជា លោកហុក សុចិត្រា ក៏បានឡើងកាន់ដំណែងជាគ្រូបង្វឹកបណ្តោះអាសន្នបានមួយរយះពេលខ្លី មុនពេលដែលសហព័ន្ធបាល់ទាត់កម្ពុជា (FFC) សម្រេចតែងតាំងលោកប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្វឹកពេញសិទ្ធវិញ។
ទោះជាយ៉ាងណា លោកសុវណ្ណារ៉ា ដែលជាគ្រូបង្វឹកថ្មីនោះ ក៏មិនអាចជួយស្រោចស្រង់ក្រុមមួយនេះបានដែរ ពោលគឺកាន់តែមានសភាពយ៉ាប់យឺនជាងមុនទៀត ដោយសារក្រោមការដឹកនាំរបស់គាត់កន្លងមក កម្ពុជាមិនដែលស្គាល់ពាក្យថា «ឈ្នះ» សោះ។
រយះពេលដែលចាកចេញពីដំណែងគ្រូបង្វឹកកម្ពុជាកន្លងមក លោកលី តែហុន មិនដែលឃ្លាតឆ្ងាយពីបាល់ទាត់កម្ពុជានោះទេ ពោលគឺគាត់តែងតែសង្កេតមើលការប្រកួតទាំងក្នុងលីក និងក្រុមជម្រើសជាតិកម្ពុជាជានិច្ច។ ជាក់ស្តែងគ្រូបង្វឹកកូរ៉េខាងត្បូងរូបនេះ ក៏បានមកទស្សនាផ្ទាល់ ក្នុងការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់មិត្តហ្វូនខេមបូឌានលីក រវាងក្រុមបឹងកេត និងស្វាយរៀងផងដែរ។
សហព័ន្ធបាល់ទាត់កម្ពុជា កំពុងតែស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នា ជាមួយនឹងលោកលី តែហុន ដើម្បីធ្វើការតែងតាំងជាផ្លូវការមួយក្នុងពេលឆាប់ៗ ហើយគ្រូបង្វឹករូបនេះ អាចនឹងចាប់ផ្តើមការងារនៅខែក្រោយតែម្តង ដើម្បីដឹកនាំក្រុមកម្ពុជាត្រៀមទៅប្រកួតព្រឹត្តិការណ៏ស៊ីហ្គេម នៅប្រទេសមីយ៉ាន់ម៉ា នៅខែធ្នូរខាងមុខនេះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ