ចុះឡើង ៗ! ស្វារែស នឹងចូលលេងឲ្យហង្សក្រហម ប៉ះក្រុមមីលបឺន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធល្វីស ស្វារែស (Luis Suarez) នឹងត្រៀមពាក់អាវក្រុមលីវើភូល (Liverpool) ដើម្បីបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាព នាទីក្រុងមីលបឺន (Melbourne) នៅថ្ងៃពុធសប្តាហ៏នេះ ដែលជាការបង្ហាញខ្លួនលើទីលានប្រកួតជាលើកដំបូង បន្ទាប់ពីរូបគាត់ខាំដៃកីឡាករប្រែនីស្លាវ អ៊ីវ៉ាណូវីក (Branislav Ivanovic) កាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ។
ស្វារេស ចូលមកហាត់ជាមួយក្រុមលីវើភូល។
បន្ទាប់ពីមកដល់ប្រទេសអូស្ត្រាលី កាលពីយប់ថ្ងៃសៅរ៏ ស្វារែសត្រូវបានអ្នកកាសែតហ្វកស្ពត (FOX Sport) តាមសួរសំណួរថា «តើលោករីករាយដែរទេ ក្នុងការមកចូលរួមជាមួយក្រុមនេះ?» និងមួយសំណួរទៀត «មានអ្នកគាំទ្រជាច្រើននៅតែទិញអាវអ្នក ដែលមានឈ្មោះអ្នក និងអាវលេខ៧ តើអ្នកនឹងអាចនៅបន្តជាមួយលីវើភូលទៀតទេ?»
ប៉ុន្តែល្វីស ស្វារែស បានដើររុញវ៉ាលី ទាំងមិនព្រមហារស្តី និងគ្មានការឆ្លើយតបអ្វីទាំងអស់ ចំពោះសំនួរទាំងនោះ ធ្វើឲ្យមានសេចក្តីសន្និដ្ឋានផ្សេងៗពីគ្នា៖ សេចក្តីរាយការណ៏ខ្លះថា គាត់មិននិយាយព្រោះគាត់ចង់ចាកចេញពីក្លិប។ រីឯអ្នកធ្វើសេចក្តីរាយការណ៏មួយចំនួន យល់ថាគាត់ធ្វើដូចនោះ ប្រហែលជាក្លិបបានប្រាប់គាត់ថា កុំឲ្យនិយាយអ្វីទាំងអស់ នៅពេលដែលអ្នកកាសែតសួរ ហើយគាត់អាចនឹងនៅបន្តជាមួយលីវើភូលទៀត។
គ្រូបង្វឹកលីវើភូល បានរៀបចំដាក់បញ្ចូលឲ្យខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ ដែលមិនទាន់ប្រាកដប្រជាជាមួយក្រុមនៅឡើយនេះ ឲ្យចូលលេងជាមួយក្រុមមីលបឺន វីកតូរៀ (Melbourne Victory) នៅក្នុងកីឡាដ្ឋាន អិមស៊ីជី (MCG) មុនពេលដែលគាត់ត្រូវនិយាយអំពីអនាគតរបស់កីឡាកររូបនេះឲ្យបានច្បាស់លាស់ នៅពេលការប្រកួតបញ្ចប់រួចរាល់។
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ ត្រូវបានក្រុមកាំភ្លើងធំអាសឺណល (Arsenal) តាមទិញ និងដេញថ្លៃជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែលីវើភូលព្យាយាមរកលេសដោះសារជានិច្ច ព្រោះពួកគេមិនចង់លក់កីឡាករឆ្នើមរបស់គេ បើទោះបីជាកន្លងមក ខ្សែប្រយុទ្ធលេខ៧រូបនេះ ធ្លាប់និយាយថា ចង់ចាកចេញពីក្រុមក៏ដោយ។
ថ្ងៃនេះ ស្វារែសបានធ្វើការហ្វឹកហាត់ជាមួយសមាជិកក្រុមទាំងអស់ នៅក្នុងកីឡាដ្ឋានអេអិមអិមអាយ (AMMI Stadium) ហើយមើលទៅគាត់ដូចជាធម្មតា ដោយបញ្ចេញកាយវិការមានសើចរីករាយផង និងដូចជាក្រៀមក្រំផង ធ្វើឲ្យពិបាកក្នុងវិនិច្ឆ័យថា «គាត់ពិតជារីករាយជាមួយក្រុម ឬគ្រាន់តែមកដើម្បីបង្រ្គប់កិច្ច» តែយ៉ាងណានោះ យើងមិនទាន់ដឹងទេ។
គ្រូបង្វឹកលីវើភូល លោកប្រេដិន រ៉ដចឺ (Brendan Rodgers) បាននិយាយនៅក្នុងសន្និសីតកាសែត ក្នុងទីក្រុងមីលបឺនថា៖ «ខ្ញុំមិនទាន់បាននិយាយជាមួយគាត់ (ស្វារែស) នៅឡើយទេ ព្រោះពួកយើងទើបតែមកពីទីក្រុងចាកាតា រីឯគាត់មកពីប្រទេសអ៊ុយរ៉ាហ្គាយ ដូច្នេះយើងទុកពេលឲ្យគាត់សម្រាក់ និងហ្វឹកហាត់ឲ្យបានល្អ ដើម្បីបង្ហាញខ្លួនក្នុងការប្រកួតនេះ។ យើងនឹងជជែកពីរឿងអនាគតរបស់គាត់ នៅពេលក្រោយ។»
គ្រាន់តែលឺដំណឹងថា ប្រធានក្រុមស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) និងខ្សែប្រយុទ្ធ ល្វីស ស្វារែស នឹងចូលលេងក្នុងការប្រកូតមិត្តភាពនោះ សំបុត្រជិត១០ម៉ឺនកៅអី លក់គ្មានសល់សូមបី១សន្លឹក ព្រោះតែអ្នកគាំទ្រអស់នោះ អន្ទះសារចង់ឃើញស្វារែស បង្ហាញខ្លួនឲ្យហង្សក្រហមម្តងទៀត និងវីរបុរសរបស់ក្រុម (ចឺរ៉ាដ) ផងដែរ។ ហើយត្រូវបានគេសន្និដ្ឋានថា នោះជាចំនួនអ្នកទស្សនាច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ ក្រុមហង្សក្រហមលីវើភូល៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ