ខុទ្ធកាល័យអគ្គលេខា នៃ គ.ជ.ប នឹងត្រូវលប់ចោល?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី៣ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 03, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមសេចក្រីព្រាងចុងក្រោយ នៃអនុក្រិត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃអគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រង់មាត្រា៦ ស្តីពីរចនាសម្ព័ន្ធ អគ្គលេខាធិការនៃ គ.ជ .ប ឃ្លាលើត្រង់ត្រេ (-) ទីមួយ បានសរសេរថា៖ «លេខាធិការរដ្ឋាន នៃអគ្គលេខាធិការ នៃ គ.ជ.ប» ដែលមានន័យស្មើនឹងពាក្យថា «ខុទ្ធកាល័យ នៃអគ្គលេខាធិការ នៃ គ.ជ.ប។ នេះបើតាមការបង្ហើបឲ្យដឹង ពីមន្រ្តីម្នាក់ ដែលស្និតនឹងសមាជិក នៃ គ.ជ.ប ប្រាប់ទស្សនាវដ្តិមនោរម្យ.អាំងហ្វូ។
តាមការលើកឡើងរបស់មន្រ្តីនោះ បានឲ្យដឹងថា សមាជិកភាគច្រើនរបស់ គ.ជ.ប មិនឯកភាពឲ្យអគ្គលេខាធិការ នៃ គ.ជ.ប មាន«ខុទ្ធការល័យ»ដូចមុនចែង ក្នុងសេចក្តីព្រាងអនុក្រិត្យទេ។ មន្រ្តីដែលថ្លែងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានថ្លែងបន្តទៀតថា សេចក្តីព្រាងមុន គេបានប្រើប្រាស់ពាក្យថា «ខុទ្ធកាល័យ» តែសេចក្តីព្រាងចុងក្រោយនេះ ជំនួសមកពាក្យ «លេខាធិការដ្ឋាន»វិញ។ លោកបន្តថា យ់ាងណាក៏ដោយ ពាក្យទាំងពីរ មានន័យតែមួយដូចគ្នា គឺអគ្គលេខាធិការនៃគ.ជ.ប មាន«ខុទ្ធការល័យ» ដែលមានតម្លៃ ស្មើនឹងស្ថាប័ន គ.ជ.ប ទាំងមូលទៅហើយ។
មន្ត្រីរូបនោះ បានថ្លែងថា៖ «គ.ជ.ប មានខុទ្ធកាល័យហើយ។ ចុះអគ្គលេខាធិការនៃ គ.ជ.ប ហេតុអ្វីត្រូវមានខុទ្ធកាល័យទៀត? ចឹងមិនមានន័យថា មានថានៈស្មើ គ.ជ.ប ទៅហើយទេ?»
ទាក់ទងនឹងចំណោទសួរខាងលើនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា តាមសំណើរ ចំពោះកិច្ចអគ្គលេខាធិការដ្ឋាន មិនមានខុទ្ធកាល័យទេ ព្រោះខុទ្ធការល័យនេះ មាននៅ គ.ជ.ប ហើយ។ លោកបានបញ្ជាក់ថា៖ «ពីមុនមានខុទ្ធកាល័យពីរ មួយរបស់ គ.ជ.ប និងមួយទៀតរបស់អគ្គ។ ឥឡួវកំពុងពិនិត្យ ពិចារណាថា មិនត្រូវឲ្យមានខុទ្ធកាល័យពីរទេ។ អាចទៅជាក្រុមជំនួយការ ឬអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ប្រហែលជាអាចមាន។ (...) ក្នុងសេចក្តីព្រាង ទម្រង់នៅដដែល គ្រាន់តែប្តូឈ្មោះ មិនឲ្យមានដូចគ្នាប៉ុណ្ណោះ។»
អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានអះអាងទៀតថា សមាជិកទាំង៩ របស់ គ.ជ.ប បាននឹងកំពុងពិចារណា លើសំណើររបស់ក្រសួងពាក់ព័ន្ធ មួយចំនួន ដែលស្នើមកផងដែរ។ លោកបានលើកជាឧទាហរណ៍ ដូចករណី រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈស្នើរមក ដោយសុំមិនឲ្យ ក្នុងសេចក្តីព្រាងអនុក្រិត្យខាងលើនេះ មាន«ខុទ្ធកាល័យ» ពីរជាន់គ្នាក្នុងអនុក្រិត្យតែមួយ។ លោក ហង្ស ពុទ្ធា បានបន្តថា មកទល់ពេលនេះ ត្រង់ពាក្យថា ខុទ្ធកាល័យអគ្គលេខាធិការ នៃគ.ជ.ប អាចផ្លាស់ប្តូរមកជា លេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប ប៉ុន្តែរឿងនេះ កំពុងស្ថិតក្នុងការពិភាក្សា នៅឡើយ។
លោក ហង្ស ពុទ្ធា នៅតែទទួលស្គាល់ថា ពាក្យ «លេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប» មានន័យថា ជាខុទ្ធកាល័យតែម្តង គ្រាន់តែប្តូរ ឬប្រើពាក្យនេះជំនួសវិញ កុំឲ្យមានពាក្យជាន់គ្នាប៉ុណ្ណោះ។
សូមរំលឹកថា កាលពីថ្ងៃទី១ ខែកក្កដាកន្លងមកនេះ សមាជិកទាំង៩ របស់គ.ជ.ប បានជួបពិភាក្សាគ្នាលើ សេចក្ដីព្រាងអនុក្រិត្យ ស្តីពី ការរៀបចំនិងការប្រព្រឹត្តិទៅនៃអគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ តាមលោក ហង្ស ពុទ្ធា បញ្ជាក់ថា សេចក្តីព្រាងអនុក្រិត្យ នឹងបន្តពិភាក្សាគ្នា ក្រោយថ្ងៃទី១០ ខែកក្កដាជាបន្ត។ ក្រៅពីគម្រោងផ្លាស់ប្តូរឈ្មោះ «ខុទ្ធកាល័យ នៃ អគ្គលេខាធិការ» និងផ្លាស់ប្តូរទៅចែង ក្នុងបទបញ្ជាផ្ទៃក្នុងវិញនោះ សមាជិក គ.ជ.ប ទាំង៩ ក៏មានគម្រោង បង្កើតឲ្យមាន នូវនាយកដ្ឋានមួយបន្ថែមទៀត ទៅលើនាយកដ្ឋានទាំងប្រាំពីរ ដែលមានស្រាប់។ តែលោក ហង្ស ពុទ្ធា មិនទាន់បញ្ជាក់ថា នាយកដ្ឋានថ្មីនោះ ឈ្មោះអ្វីឡើយ ព្រោះកំពុងស្ថិតក្នុងគម្រោងនៅឡើយ។
សូមបញ្ជាក់ថា សេចក្រីព្រាងអនុក្រិត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅ នៃអគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុងក្រោយបង្អស់ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ មាន៦ជំពូក និង២៧ មាត្រា។