ហង្ស ពុទ្ធា៖ ត្រូវ​ធ្វើ​«វិសោធកម្ម»​ច្បាប់ ស្ដី​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់

«ច្បាប់ ស្ដីពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់»ចាស់ មិនអាចយកមកអនុវត្តបានទេ ព្រោះមានភាពប្រតិសកម្ម នឹងច្បាប់ជ្រើសតាំងតំណាសរាស្រ្ត។ នេះបើតាមអ្នកនាំពាក្យ គ.ជ.ប។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 03, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានថ្លែងថា គ.ជ.ប សម្រាប់ច្បាប់ ស្ដីពី ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ «ចាស់» ដែលមានស្រាប់នោះ មិនអាចយកមក អនុវត្តបានទេ ព្រោះតែមានភាពប្រតិសកម្ម ទៅនឹងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មន្រ្តីនាំពាក្យរូបនេះ បានពន្យល់ថា ដើម្បីឲ្យ​ច្បាប់​នោះ អាចយកមកអនុវត្ត ក្នុងពេលបច្ចុប្បន្នបាន ត្រូវតែធ្វើវិសោធកម្ម។ លោកបានថ្លែងឲ្យដឹងថា៖ «ច្បាប់ដែល​គណបក្សទាំងពីរ បានអនុម័តហើយ ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងដំណាងរាស្រ្ត ជាច្បាប់គោល សម្រាប់​ធ្វើការពិចារណា ទៅលើច្បាប់ផ្សេងៗទៀត។ ខ្ញុំគិតថាច្បាប់ចាស់ (ច្បាប់ស្ដីពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំ​សង្កាត់) មិនអាចដំណើរការទេ។ លុះត្រាតែមានការកែប្រែ ធ្វើវិសោធកម្ម ដូចបញ្ជីបោះឆ្នោតអញ្ចឹង។ បច្ចុប្បន្ន គ.ជ.ប កំពុងធ្វើហើយ នឹងមានរូបថត ដែលកាលបញ្ជីចាស់ មិនមានរូបថតទេ។ អញ្ចឹងខ្ញុំគិតថា មិនអាចយក​មក​ប្រើការបានទេ។»

ការអះអាងរបស់អ្នកនាំពាក្យ គ.ជ.ប មិនមានភាពខុសប្លែងគ្នាប៉ុន្មាន ពីសមាជិករដ្ឋសភាឡើយ។ ក្នុងកិច្ច​សម្ភាស ជាមួយអ្នកសារព័ត៌មាន នាវិមានរដ្ឋសភា លោក អេង ឆៃអៀង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ បានថ្លែងថា ចំពោះ «ច្បាប់ស្ដីពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់» នឹងត្រូវ​បានដាក់ឲ្យពិនិត្យមើល លទ្ធភាពក្នុងការធ្វើវិសោធកម្ម នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ដើមសប្តាហ៍​ក្រោយ​នេះ។

លោក ឆៃអៀង ដែលជាប្រធានក្រុមបច្ចេកទេស នៃគណបក្សសង្គ្រោះជាតិ បានបន្តថា មន្រ្តីបច្ចេកទេស​នៃ​គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា គ្រោងនឹងជួបគ្នាជាថ្មី ដើម្បីពិនិត្យ ពិភាក្សា សម្រេចធ្វើ​វិសោធនកម្ម ទៅលើមាត្រាមួយចំនួន នៃច្បាប់ស្ដីពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់។ ចំពោះសំនួរថា តើ​មាត្រាណាខ្លះ ដែលនឹងត្រូវធ្វើវិសោធកម្មនោះ មិនត្រូវបានលោក អេង ឆៃអៀង បញ្ជាក់យ៉ាងណានៅឡើយ ដោយលោកគ្រាន់តែនិយាយថា ទាំងនោះកំពុងស្ថិត នៅជាគោលការណ៍។

សម្រាប់អ្នកនាំពាក្យ គ.ជ.ប វិញ ក៏មិនបានបង្ហាញ ពីមាត្រាមួយចំនួននៃច្បាប់នេះ ដែលលោកយល់ថា មាន​ប្រតិសកម្មនោះដែរ។ លោកលើកឡើងយ៉ាងខ្លីដូច្នេះថា៖ «គ.ជ.ប ជាអ្នកអនុវត្តតាមច្បាប់។ ការសម្រេច​ធ្វើ​វិសោធនកម្ម លើមាត្រាណាមួយនៃច្បាប់នេះ ទុកឲ្យក្រុមបច្ចេកទេស នៃគណបក្សនយោបាយ​ទាំងពីរ​ជា​អ្នក​សម្រេច។»

សូមរំលឹកថា ក្រុមការងារបច្ចេកទេស នៃគណបក្សទាំងពីរ កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងមកនេះ មានជំនួប​មួយជាមួយគ្នាម្តងហើយ ដើម្បីពិភាក្សា សម្រេចពាក់ព័ន្ធ នឹងច្បាប់បោះឆ្នោតឃុំសង្កាត់នេះ ថាតើត្រូវធ្វើ​វិសោធកម្ម លើមាត្រាណាខ្លះជាដើម។ យោងតាមជំនួប កាលពីម្សិលម៉ិញនេះ ភាគីមកពីគណបក្ស​ប្រជាជន​កម្ពុជា មានប្រាំនាក់ដឹកនាំដោយលោក សក់ សេដ្ឋា ខណៈភាគីមកពីគណបក្សសង្គ្រោះជាតិ មានប្រាំនាក់​ដូច​គ្នា ដឹកនាំដោយលោក អេង ឆៃអ៊ាង។

ទាក់ទិននឹងបញ្ហា ដាក់«ច្បាប់ស្ដីពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់» ដើម្បីធ្វើវិសោធនកម្មនេះ ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែម ពីលោក សក់ សេដ្ឋា ប្រធានក្រុមការងារបច្ចេកទេស មកពី​គណបក្សប្រជាជនកម្ពុជា បានទេ ដោយពុំអាចភ្ជាប់ទំនាក់ទំនងបាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...