អេហ្សីប៖ បំបែកបាតុកម្មគាំទ្រអតីតប្រធានាធិបតី ម៉ូស្សី ឈាមហូរជា«ស្ទឹង» (Pic)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: August 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាជ្ញាធរបានឱ្យដឹងនៅថ្ងៃពុធទី១៤ខែសីហានេះ ថាមានមនុស្សយ៉ាងហោចណាស់ ២៨០នាក់ត្រូវបានសម្លាប់ ក្នុងពេលចូលទៅបំបែកហ្វូងបាតុកម្ម នៃក្រុមអ្នកដែលស្និតនឹងអតីតប្រធានាធិបតី មហាមេដ ម៉ូស៊្សី (Mohamed Morsi) ដែលត្រូវបានកងទ័ព ធ្វើរដ្ឋប្រហារកាលពីព្រហស្បត្តិទី០៤ខែកក្កដាកន្លងទៅ។
នៅពេលមានការប្រឈមមុខគ្នាខ្លាំង ផ្សែងនិងអណ្ដាតភ្លើងបានឆេះឡើងយ៉ាងខ្មួលខ្មាញ់។ (រូបថត AP Photo/Sabry Khaled)
មានមនុស្សជិត ២៨០នាក់ត្រូវបានសម្លាប់នៅថ្ងៃពុធទី១៤ខែសីហានេះ នៅក្នុងប្រទេសអេហ្ស៊ីបនៅក្នុង យុទ្ធនាការបំបែកបាតុកម្មដ៏បង្ហូរឈាមមួយ ប្រឆាំងនឹងក្រុមបាតុករទាមទារឱ្យវិលត្រឡប់មកវិញ នូវអតីតប្រធានាធិបតីអ៊ីស្លាមនិយមរបស់ពួកគេ លោក មហាមេដ ម៉ូស៊្សី ដែលត្រូវបានទម្លាក់ពីតំណែង ដោយកងទ័ពកាលពីខែកក្កដាមុន។ អំពើហឹង្សាយ៉ាងរង្គាល បានឆ្លងរាលដាល យ៉ាងឆាប់រហ័សនៅទូទាំងប្រទេស។
អាជ្ញាធរបានបង្ហាញថា ប្រជាជនស្លូតត្រង់ប្រមាណជា ២៣៥នាក់ និងកងកម្លាំងនគរបាល ៤៣នាក់ ត្រូវបានសម្លាប់នៅទូទាំងប្រទេស។ ប៉ុន្ដែផលប៉ះពាល់ មានអាចមានតួលេខខ្ពស់ជាង។ ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានឃើញសាកសព ១២៤នាក់ នៅក្នុងកន្លែងរ៉ាបា អាល់ អាដាវីវា (Rabaa Al-Adawiya) តែមួយប៉ុណ្ណោះ ដែលជាកន្លែងដែលក្រុមអ្នកតវ៉ាគាំទ្រលោកម៉ូស្សី ជួបប្រជុំគ្នាយ៉ាងធំនៅកណ្ដាលទីក្រុងគែរ។ នៅទីកន្លែងនោះ ខាងអាជ្ញាធរសុខាភិបាល បានរាយការណ៍ថាមានមនុស្សស្លាប់តែ៦១នាក់ប៉ុណ្ណោះ។ ដោយឡែក ខាងចលនា«បងប្អូនម៉ូស្លីម» បាននិយាយថា មានមនុស្សច្រើនជាង២២០០នាក់ បានស្លាប់ និង១០ពាន់នាក់ផ្សេងទៀត រងរបួស។
ខណៈពេលដែលម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកមហាមេដ អែលបារ៉ាដី (Mohamed ElBaradei) បានលាលែងពីតំណែងជាអនុប្រធានាធិបតី ដើម្បីបដិសេធ «មិនទទួលយកផលវិបាក នៃការសម្រេចចិត្តមួយ» ដែលលោកមិនយល់ព្រមជាមួយ ក្នុងយុទ្ធនាការបំបែកហ្វូងបាតុកម្មនេះ ផ្ទុយទៅវិញនាយករដ្ឋមន្ដ្រីដែលតែងតាំងដោយកងទ័ព លោក ហាហ្សេន បេប្លាវី (Hazem Beblawi) បានថ្លែងសរសើរថាកងកម្លាំងនគរបាល បានអត់ធ្មត់ដល់កម្រិតខ្ពស់មួយ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននិយាយថា «នគរបាល បានទទួលសេចក្ដីណែនាំឱ្យប្រើតែឧស្ម័ន បង្ហូរទឹកភ្នែកប៉ុណ្ណោះ ហើយមិនមានអាវុធទេ។ ប៉ុន្តែនៅពេលដែលកងកម្លាំងសន្តិសុខបានមកដល់ ពួកគេត្រូវបានទទួលស្វាគមន៍ដោយគ្រាប់កាំភ្លើងពិត បាញ់ចេញពីក្រុមបាតុករ។»
បន្ទាប់ពីមួយថ្ងៃពេញ នៃការប៉ះទង្គិចគ្នា ប្រកបដោយភាពរង្គាលនេះ អាជ្ញាធរបានប្រកាសដាក់ប្រទេស ក្នុង«ភាពអាសន្ន» និងដាក់បំរាម នៅតាមបណ្ដាខេត្តចំនួនជាងពាក់កណ្ដាលប្រទេស រួមទាំងទីក្រុងគែរ និងខេត្តអាឡិសង់ឌ្រី (Alexandrie នៅភាគខាងជើង) ផង។ មួយម៉ោងបន្ទាប់ ពីការប្រកាសនេះបានចូលជាធរមាន មន្ត្រីទទួលខុសត្រូវខាងសន្តិសុខមួយរូបបានប្រាប់ ទីភ្នាក់ងារបារាំងថា ភាពស្ងប់ស្ងាត់ បានត្រឡប់មកវិញនៅទូទាំងប្រទេស។
ភាពស្ងប់ស្ងាត់ជាបណ្ដោះអាសន្ន
ភាពស្ងប់ស្ងាត់ ប្រហែលជាអាចមានតែនៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយហេតុថាភាពតានតឹង នៅតែគ្របដណ្ដប់ពេញផ្ទៃប្រទេស។ ចលនានិយមអ៊ីស្លាម បានអំពាវនាវឲ្យមានការធ្វើបាតុកម្មជាថ្មីទៀត ខណៈពេលដែលកងកម្លាំងរក្សាសន្តិសុខ បានព្រមានថានឹងមិនអនុញ្ញាតឲ្យមាន បាតុកម្មក្នុងរយៈពេលយូរឡើយ។ ក្រុមអ្នកមានសមាណចិត្តនឹងអតីប្រធានាធិបតី បានចូលមកបោះជំរុំបាតុកម្មរបស់ពួកគេ ធ្វើឲ្យកកស្ទះ តាំងពីមួយខែកន្លះមកហើយ។
សហគមន៍អន្ដរជាតិដែលបានព្យាយាមដើម្បីជួយសម្រុះសម្រួល ក្រុមប្រឈមទាំងសងខាង បានថ្កោលទោសពីការប្រើប្រាស់អំពើហឹង្សា ដើម្បីបំបែកក្រុមបាតុករដែលមានចំនួនរាប់សិបពាន់នាក់ មានទាំងស្រ្តីនិងកុមារផងនោះ។
នាយករដ្ឋមន្ដ្រីដែលតែងតាំងដោយកងទ័ព លោក ហាហ្សេន បេប្លាវី បាននិយាយតាមកញ្ចក់ទូរទស្សន៍ថា គ្មានប្រទេសណាមួយ អត់អោនឲ្យមានការបោះជំរុំយ៉ាងយូបែបនេះទេ។ លោកបានសន្យាថានឹងបន្តការងាររបស់រដ្ឋាភិបាល ដើម្បីឈានទៅដល់ការបោះឆ្នោតឡើងវិញមួយ នៅដើមឆ្នាំ២០១៤។
ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកឯណោះវិញ រដ្ឋមន្ត្រីការបរទេស លោក ចន ឃែរី (John Kerry) បានថ្កោលទោសការបង្ហូឈាមគួរឲ្យស្អប់ខ្ពើមនេះ ហើយលោកបានជម្រុញឲ្យមាន ការបោះឆ្នោតឡើងវិញជាបន្ទាន់។ ប្រមុខការទូតអ៊ឺរ៉ុប លោកស្រី កាតឺរីន អាស្តុន (Catherine Ashton) បានសាកល្បងធ្វើជាអាជ្ញាកណ្ដាល ជុំវិញបញ្ហានៅប្រទេសអេហ្សីប ហើយលោកស្រីបានទាមទារឲ្យមាន ការលប់ចេញឲ្យបានឆាប់បំផុត នូវការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន៕
រូបថតបន្ថែមពីការប្រឈមមុខគ្នា៖
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ