បុរសម្នាក់នេះ កំពុងព្យាយាមហែលឆ្លងមហាសាគរអាត្លង់ទីក
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១៥ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: November 23, 2016
- ប្រធានបទ: ហែលទឹក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីការរៀបចំ ដែលប្រើរយៈពេលបីឆ្នាំកន្លះនោះមក លោក ប៊េន ហូភើរ (Ben Hooper) ជាតិអង់គ្លេសអាយុ៣៨ឆ្នាំ បានហក់ប្រូងទៅក្នុងទឹកសមុទ្រ នៅចំពោះអ្នកសារព័ត៌មានច្រើននាក់ កាលពីព្រឹកថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកាកន្លងមក ដើម្បីឆ្លងមហាសមុទ្រអាត្លង់ទីក ដោយ«ការហែល»។ បុរសដ៏ក្លាហាន នឹងត្រូវហែលទឹកសមុទ្រ ក្នុងរយៈចំងាយប្រមាណជា ៣០២៧គីឡូម៉ែត្រ រវាងរដ្ឋធានី ដាកា នៃប្រទេសសេនេហ្គាល់ (ទ្វីបអាហ្វ្រិកខាងលិច) ឆ្ពោះទៅកាន់ឆ្នេរខាងកើត នៃប្រទេសប្រេស៊ីល។
ការចេញដំណើរនេះ ទទួលការខកខានជាច្រើនដងហើយ បើធៀបនឹងគម្រោង ដែលចង់ចេញដំណើរ នៅថ្ងៃទី១ ខែវិច្ឆិកា។ តែមកដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ លោក ប៊េន ហូភើរ បានហែលនៅក្នុងសមុទ្រ បានចំងាយប្រមាណជា ៦០គីឡូម៉ែត្រហើយ។ នេះ បើតាមការឲ្យដឹង នៅលើគេហទំព័រ «Swim The Big Blue» ដែលជាគេហទំព័រផ្លូវការ នៃក្រុមការងារដ៏សកម្ម របស់លោក ប៊េន។
» រូបភាពផ្តិតពីអេក្រង់ របស់គេហទំព័រ បង្ហាញពីចំណុច ដែលលោក ហូភើរ កំពុងស្ថិតនៅ៖
ប៉ុន្តែលោក ហូភើរ មិនមែនចុះហែលទឹកសមុទ្រ តែម្នាក់ឯងនោះទេ ដោយហេតុថា លោកមានក្រុមការងាររបស់លោក ប្រមាណជាង១០នាក់ បានជិះនៅលើកាណូតមួយ ដើម្បីអមដំណើរលោក ក្នុងពេលដែលលោកហែលទឹកនោះ។ ការបំបែកឯកត្តកម្មនេះ នឹងត្រូវប្រើរយៈពេលប្រាំខែ ដោយក្នុងមួយថ្ងៃ លោក ហូភើរ គ្រោងហែលទឹក ក្នុងរយៈពេល៧ម៉ោង។ លោកបានពន្យល់ថា៖ «ដូចព្រឹកនេះអញ្ចឹង យើងនឹងចំណាយពេល៣ម៉ោង ដើម្បីការហែលទឹកនេះ ហើយបន្ទាប់មក យើងនឹងសម្រាក (នៅលើកាណូត ដែលអមដំណើរ) និងក្រោយមកទៀត យើងនឹងត្រឡប់មកក្នុងទឹកវិញ ដើម្បីបន្តហែលទឹក នៅក្នុងវគ្គទីពីរទៀត»។
លោក ប៊េន ហូភើរ មានអតីតភាព ជាមន្ត្រីនគរបាលអង់គ្លេសមួយរូប។ លោកធ្លាប់បានថ្លែង នៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថាគម្រោងដ៏អស្ចារ្យនេះ ត្រូវបានលោករៀបចំធ្វើឡើង ដើម្បីជាការជំនក់ចិត្តមួយ និងដើម្បីផ្ដល់«ន័យ» សម្រាប់ជីវិតរបស់លោក បន្ទាប់ពីលោកបានខូចចិត្ត នៅពេលលោកមានអាយុ២៧ឆ្នាំ រហូតដល់ថ្នាក់សម្រេចចិត្ត ដើរចេញពីការងារ ជាភ្នាក់ងារនគរបាល នៅពេលនោះ។ លោកបានអំពាវនាវ ឲ្យមានការជួយឧបត្ថម្ភ ហើយប្រាក់ដែលទទួលបាន នឹងត្រូវបញ្ជូនទៅឲ្យសមាគមមនុស្សធម៌ ផ្នែកសុខភាព និងសង្គមកិច្ច៕