ស៊ុន ចាន់ថុល សន្យាធ្វើកំណែទម្រង់ ទាក់ទាញអ្នកវិនិយោគអាមេរិក
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 01, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីលើកទឹកចិត្ត និងជំរុញអ្នកវិនិយោគទុនអាមេរិក ឲ្យមកដាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែច្រើន លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា បានធានាអះអាងចំពោះមុខអ្នកវិនិយោគទុន ទាំងនោះថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងធ្វើការកែទម្រង់ស៊ីជម្រៅ ដោយផ្តោតសំខាន់ការលុបបំបាត់អំពើពុករលួយ និងលើកកំពស់អភិបាលកិច្ចល្អរបស់ក្រសួង។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា។ (រូបថត wikipedia)
ពាណិជ្ជកម្ម - រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា លោក ស៊ុន ចាន់ថុល បានពន្យល់ប្រាប់ក្រុមហ៊ុនធំៗ យ៉ាងតិចចំនួន៥០របស់សហរដ្ឋអាមេរិកថា រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងតែធ្វើការកំណែទម្រង់ពិសេសមួយ ដើម្បីបង្កលក្ខណៈងាយស្រួសដល់អ្នកវិនិយោគទុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា តាមរយៈការលុបបំបាត់អំពើពុករលួយ លើកកំពស់អភិបាលកិច្ចល្អ ក្នុងវិស័យពាក់ព័ន្ធ និងការធានាសុវត្ថិភាពដល់ក្រុមហ៊ុនបរទេស ជាដើម។
ក្នុងកិច្ចសម្ភាសជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក ផ្សាយជាខេមរភាសា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិក លោក ស៊ុន ចាន់ថុល បានថ្លែងថា វិស័យដែលប្រទេសកម្ពុជាចង់ឲ្យក្រុមហ៊ុនអាមេរិក មកវិនិយោគរួមមាន បច្ចេកវិទ្យា ឧស្សាហកម្ម អាហារ ហេដ្ឋារចនាសម្ព័ន្ធ កសិឧស្សាហកម្ម ទេសចរណ៍ និងវិស័យសណ្ឋាគារជាដើម។
បើតាមរដ្ឋមន្រ្តីរូបនេះ បានពន្យល់ថា កម្ពុជាប្រៀបាននឹងកោះសន្តិភាព សម្រាប់អ្នកវិនិយោគទុនបរទេស នៅពេលដែលប្រទេសជិតខាងកម្ពុជា និងក្នុងតំបន់កំពុងមានវិបត្តិ ហើយកម្ពុជាត្រូវចាប់យកឱកាសនេះឲ្យបាន តាមរយៈការពង្រឹកការឯកភាពជាតិ។ លោកស៊ុនចាន់ថុល ដែលទំនងជាសំដៅដល់ជម្លោះនៅសមុទ្រចិនខាត្បូង និងវិបត្តិនយោបាយជ្រាលជ្រៅនៅប្រទេសថៃ បានលើកឡើងថា នេះជា«ឱកាសមាន» សម្រាប់ប្រទេសកម្ពុជាដែលមិនត្រូវឲ្យរំលង។
បើទោះជាលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានសន្យាពីការកំណែទម្រង់យ៉ាងមុតមាំក៏ដោយ ក៏ការសន្យានោះនឹងនៅតែជាមន្ទិលសង្ស័យនៅឡើយ ដរាបណាលទ្ធផលជាក់ស្តែងមិនទាន់លេចចេញជារូបរាង ខណៈអ្នកវិនិយោគទុនរបស់លោកខាងលិច ពិសេសសហរដ្ឋអាមេរិក បានសម្តែងការស្ទាក់ស្ទើរ ក្នុងការដាក់បោះទុននៅប្រទេសកម្ពុជា ដោយមកពីមូលហេតុច្រើនទៀត ដូចជាប្រព័ន្ធយុត្តិធម៌នៅមិនរឹងមាំជាដើម៕