សកម្មជន​តវ៉ា​សិទ្ធិ​លំនៅដ្ឋាន ហៅ​ការ​បាញ់​រថយន្ដ ជា​ការ​បំបាក់​ស្ប៉ាត

ក្រុមសកម្មជន អ្នកតវ៉ាសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន បានហៅការបាញ់ប្រហារ នៅយប់ថ្ងៃសៅរ៍ទី២២ ខែមីនាថា ជាការគម្រាមកំហែងបំភិតបំភ័យ ឬអាចជាករណីប៉ុនប៉ងធ្វើឃាត។ ការបាញ់ប្រហារ ដែលកើតឡើងនៅ​ចំណុច​ជិត​ស្ពានជ្រោយចង្វារ ដោយសារជនមិនស្គាល់អត្តសញ្ញាណមួយរូប បានដកកាំភ្លើងខ្លីបាញ់ប្រហើរមួយគ្រាប់ ធ្វើឲ្យ​បែកកញ្ចក់រថយន្ដក្រុង ដែលក្រុមសកម្មជនទាំងនោះ ជិះត្រឡប់ពីខេត្តសៀមរាបមកវិញ។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: March 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមសកម្មជន អ្នកតវ៉ាសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន បានហៅការបាញ់ប្រហារ នៅយប់ថ្ងៃសៅរ៍ទី២២ ខែមីនាថា ជាការគម្រាមកំហែងបំភិតបំភ័យ ឬអាចជាករណីប៉ុនប៉ងធ្វើឃាត។ ការបាញ់ប្រហារ ដែលកើតឡើងនៅ​ចំណុច​ជិត​ស្ពានជ្រោយចង្វារ ដោយសារជនមិនស្គាល់អត្តសញ្ញាណមួយរូប បានដកកាំភ្លើងខ្លីបាញ់ប្រហើរមួយគ្រាប់ ធ្វើឲ្យ​បែកកញ្ចក់រថយន្ដក្រុង ដែលក្រុមសកម្មជនទាំងនោះ ជិះត្រឡប់ពីខេត្តសៀមរាបមកវិញ។


ស្នាមធ្លុះកញ្ចក់រថយន្ដ ដោយគ្រាប់កាំភ្លើងរបស់ជនមិនស្គាល់អត្តសញ្ញាណ។ (រូបថត MONOROOM.info/ Channita)

អំពើបាញ់បោះ - ព្រះតេជគុណ លួន សូវាត ដែលគង់ក្នុងរថយន្ដក្រុងដែរនោះ បានហៅការបាញ់ប្រហារនេះ ថា​ជាការបំភិតបំភ័យ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ដោយព្រះអង្គបាន​សម្ដែងសង្ឃដីការ លើកជាភស្ដុតាងពីការបាញ់ប្រហារនេះឡើងថា «រាងបញ្ឆិតឡើងលើ ជាការបាញ់គំរាមគំហែង ជាងការធ្វើឃាតមនុស្ស»។ ព្រះសង្ឃដែលជាសកម្មជនទាមទារ ឲ្យមានការគោរពសិទ្ធមនុស្ស និងសិទ្ធិលំនៅដ្ឋាន​មិនចេះនឿយហត់អង្គនេះ បានសម្ដែងការសោកស្ដាយថា «កាំភ្លើងត្រូវបានគេប្រើប្រាស់ សម្រាប់ការគំរាមគំហែង​ខ្មែរយើង ហើយអាត្មាជឿថា ករណីនេះមិនមែនជាករណីចៃដន្យទេ»។

ការបាញ់ប្រហារ បានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែមីនា វេលាម៉ោងប្រមាណជា៧ និង៣០នាទីយប់ បន្ទាប់​ពី​ក្រុមសកម្មជនមកពី​សហគមន៍​បឹងកក់ បូរីកីឡា និងថ្មគោល បានត្រឡប់មកពីធ្វើបុណ្យខួប៥ឆ្នាំ ស្តីពីពីការបាញ់​បង្ក្រាបលើកសិករ នៅ​សហគមន៏​ជីក្រែង​នៅខេត្តសៀមរាប ដោយបានជិះក្នុងរថយន្ដក្រុងមួយ មកកាន់រាជធានី​ភ្នំពេញ។ ជនមិនស្គាល់​អត្តសញ្ញាណ​មួយរូប ជិះម៉ូតូវីវា ប្រដាប់ដោយកាំភ្លើងខ្លី បានបាញ់សំដៅលើរថយន្ដក្រុង បន្ទាប់ពីជននោះបញ្ជា​ឲ្យ​បញ្ឈប់រថយន្ដ តែតៃកុង​រថយន្តមួយនេះមិនធ្វើតាម បណ្តាលឲ្យធ្លុះ​កញ្ចាក់ខាងមុខ​ផ្នែក​ខាងឆ្វេង ប៉ុន្តែមិនបណ្តាល​ឲ្យជនណាម្នាក់​រងរបួស​ឡើយ។ រថយន្ដក្រុងបានបន្តដំណើររហូត មកដល់មុខស្ថានទូត​បារាំង ទើបឈប់។

អ្នកបើកបររថយន្ដឲ្យក្រុមហ៊ុនលីឈុនលី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែការភ័យខ្លាច បានថ្លែងថា៖ «មានម៉ូតូមួយជិះពីគីឡូលេខ៦ មកឲ្យខ្ញុំឈប់ ខ្ញុំមិនឈប់ទេ ព្រោះគ្មានកំហុសអីគ្មានអ្វីត្រូវឈប់ផង (...) ជិតស្ពាន​ជ្រោយចង្វារ វាទាញកាំភ្លើងមក បានបាញ់សំដៅឡានតែម្តង»។ លោកបានបន្តទៀតថា ជនដែលមានពាក់មួក​ធម្មតានេះ មុនដំបូងមានគ្នាម្នាក់ទៀត ជាស្រី។ បន្ទាប់មក ជននេះបានទម្លាក់ស្រ្តីនោះចុះ ហើយខ្លួនបានជិះម៉ូតូបន្ត មកហៅឡានឲ្យឈប់។ តៃកុងរថយន្ត ដែលទំនងជានៅភិតភ័យមិនទាន់បាត់រូបនេះ បានថ្លែងបញ្ជាក់ពីភិនភាគ ខ្មាន់កាំភ្លើងថា៖ «ពាក់អាវមួយឈុត ជាអង្គរក្សជិះម៉ូតូវីវា ពាក់មួកធម្មតាដោយមិនបាំងអ្វីទេ។»

អ្នកស្រីទេព វណ្ណនី ក៏បានអះអាងពីភិនភាគរបស់ជនដែលបាញ់បោះសេរី ដូច្នេះដែរ​ថា៖ «វីវា​ឥតពាក់ផ្លាកលេខទេ ពាក់អាវអង្គរក្សដៃខ្លី ពាក់អាវខ្មៅ។ អាអាវខ្មៅក្រៅក្រាស់ អាអាវប៉ូលីស ចំណាំតែ​ពាក់។»

ក្រុមអ្នករងការបាញ់ប្រហារទាំងនេះ បានដាក់ពាក្យបណ្តឹង ទៅប៉ុស្ត៏នគរបាលសង្កាត់ ស្រះចក នៅយប់ថ្ងៃដដែល។ បើតាមមន្ត្រីនគរបាល ដែលបានចុះទៅស៊ើបសួរ នៅទីនោះ បានហៅការបាញ់បោះនេះ ជាការសងសឹងទៅនឹង​ការ​ប៉ះពារគ្នា ផ្នែកចរាចរណ៍បន្តិចបន្តួច មិនមែនជាការគម្រាមកំហែងអ្វីទេ។ តែសម្រាប់អ្នកបើកបររថយន្ដក្រុងវិញ បាន​ថ្លែងថា លោកមិនដែលមានបញ្ហាជាមួយនរណាឡើយ តាំងពីលោកធ្វើអ្នកបើកបររថយន្ដ ឲ្យក្រុមហ៊ុនខាងលើអស់​រយៈកាលបួនឆ្នាំមកនេះ។

យ៉ាងណាក៏ដោយ ក្រុមសកម្មជនតវ៉ា ដែលមានវត្តមាននៅក្នុងរថយន្ដក្រុង នៅតែចាត់ទុកថា នោះជាសកម្មភាព​សំដៅ«បំបាក់ស្បាត» ក្រុមអ្នកហ៊ានចេញមុខតវ៉ា។ នៅក្នុងកិច្ចសម្ភាសដាច់ដោយឡែកមួយ ជាមួយទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ អ្នកស្រី ពៅ សោភា អនុប្រធានសមាគមសហគមន៍អ្នកភូមិបឹងកក់ បានទម្លាយថា មានសមាជិក​ក្រុមអាជ្ញាធរម្នាក់ ធ្លាប់បានបោះសម្ដីគំរាមពួកគាត់ថា៖ «ពួកង្ងែងតវ៉ាណ្នឹង គង់តែស្រីទេ បើប្រុសគេសម្លាប់ចោល​យូរហើយ»។ ពាក្យសម្ដី ដែលអ្នកស្រីបានយកមកប្រៀងធៀប នឹងការបោះសម្ដីរបស់ខ្មាន់កាំភ្លើងនៅយប់នេះ យ៉ាង​ដូច្នេះថា៖ «ពួកង្ងែងនៅណា អញស្គាល់ច្បាស់ណាស់» មិនបានធ្វើឲ្យក្រុមអ្នកស្រីសង្ស័យឡើយ ថាតើជនប្រដាប់​អាវុធរូបនេះ ជានរណា។ «អ្នកណានៅពីក្រោយខ្នង អ្នកណាចង់ឲ្យពួកយើងស្លាប់ គឺពួកយើងដឹងច្បាស់ណាស់។ តែអ្វីដែលពួកយើងធ្វើ គឺអត់ខ្លាចទេ៕»


ក្រុមសកម្មជនតវ៉ាសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន ដែលនៅក្នុងរថយន្ដរងការវាយប្រហារ។ (រូបថត MONOROOM.info/ O. Vary)


ស្នាមធ្លុះកញ្ចក់រថយន្ដ ដោយគ្រាប់កាំភ្លើង មើលពីក្នុងរថយន្ដមកវិញ។ (រូបថត MONOROOM.info/ O. Vary)


សម្បកកាំភ្លើង ត្រូវបានឃើញជ្រុះធ្លាក់នៅនឹងដី។ (រូបថត MONOROOM.info/ O. Vary)

--------------------------------------
ដោយ ក. ចាន់នីតា និង ក. សេងហុង (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ២៣ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...