កិច្ចសន្ទនាចុងក្រោយ របស់អ្នកបើកបរយន្ដហោះបាត់ខ្លួន MH370
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 24, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកដែលតាមដាន ពីការបាត់ខ្លួនដ៏ចម្លែករបស់យន្ដហោះប៊ូអីង កាលពីជាងពីរសប្ដាហ៍មុន ពិតជាចង់ដឹងណាស់ថាតើមានរឿងអ្វីកើតឡើង ដែលបង្កឲ្យយន្ដហោះដឹកមនុស្ស២៣៩នាក់ បានបាត់ស្រមោលរហូតឈឹង គ្មានដំណឹងរហូតមកដល់ថ្ងៃនេះ? រឿងកាន់តែចម្លែកទៅទៀត នៅពេលដែលការស៊ើបអង្កេតបានដាក់ការសង្ស័យ ទៅអ្នកបើកបរយន្ដហោះទាំងពីររូប ដែលពីមុនមកគ្មាននរណាម្នាក់នឹកស្មានដល់នោះ។ សារព័ត៌មានមួយរបស់អង់គ្លេស បានរកឃើញ «កិច្ចសន្ទនាចុងក្រោយបង្អស់» របស់អ្នកបើកបរយន្ដហោះទាំងពីរ នៅមុនប្រព័ន្ធទំនាក់ទំនងរបស់យន្ដហោះ ត្រូវបានកាត់ផ្ដាច់ចេញពីប្រព័ន្ធចាប់រលកអាកាស នៅលើផែនដី។
បន្ទប់បើកបររបស់យន្ដហោះ នៅពេលយប់។ (រូបថត Getty Images)
បាត់យន្ដហោះ - បើទោះជា យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីជាងពីរសប្ដាហ៍មកនោះ ទើបនឹងត្រូវបានប្រកាសជាផ្លូវការ ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថាបានធ្លាក់នៅលំហខាងត្បូង នៃមហាសមុទ្រឥណ្ឌានោះក៏ដោយ តែការស៊ើបអង្កេតស្ដីពី មូលហេតុដែលធ្វើឲ្យយន្ដហោះនេះ ចាកចេញពីផ្លូវរត់របស់ខ្លួន នៅតែបន្តធ្វើនៅឡើយ។
សារព័ត៌មាន តេឡេហ្គាហ្វ ( Telegraph) របស់អង់គ្លេស បានចេញផ្សាយអត្ថបទមួយរបស់ខ្លួន ស្ដីពីកិច្ចសន្ទនាចុងក្រោយរបស់អ្នកបើកបរទាំងពីរនាក់ ពីបន្ទប់បើកបរលើយន្ដហោះ មកកាន់បន្ទប់ត្រួតពិនិត្យការហោះហើរ នៅព្រលានយន្ដហោះអន្តរជាតិកូឡាឡំពួរ។
អ្នកជំនាញមួយរូប ដែលត្រូវបានដកស្រង់សម្ដីដោយ សារព័ត៌មានអង់គ្លេសនេះ បានវាយតម្លៃជារួមពីសារដែលទទួលបាន ទៅលើកិច្ចសន្ទនាទាំងនោះ ថាមានលក្ខណៈ«ធម្មតា»។ តែសារចំនួន«ពីរ» ពីក្នុងនោះ បានធ្វើឲ្យមានការសង្ស័យ ពីការចាប់ពង្រត់យន្ដហោះ។
កិច្ចសន្ទនាមានរយៈពេល៥៤នាទី ចាប់បីពេលដែលបន្ទប់ត្រួតពិនិត្យការហោះហើរ បានទាក់ទងជាមួយយន្ដហោះប៊ូអីងដំបូង (ម៉ោង ០ និង២៥នាទី នៅរដ្ឋធានីកូឡាឡំពួរ) រហូតដល់ពេលដែលការទាក់ទងបានបាត់ (វេលាម៉ោង ១ និង១៩នាទី។ យន្ដហោះបានបង្ហើបខ្លួនពីដី នៅម៉ោង០ និង៤២នាទី ដើម្បីអាចហោះនៅកំពស់បណ្ដែតខ្លួនមួយ នៅម៉ោង ០១ និង០១នាទី។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅ ៦នាទីក្រោយមក សារសម្លេងមួយ ផ្ញើរចេញពីបន្ទប់បើកបរយន្ដហោះ បានបង្ហាញឲ្យបន្ទប់ត្រួតពិនិត្យការហោះហើរ លើផែនដី ដឹងពី«បំណងចង់ឲ្យរក្សានូវរយៈកំពស់»នេះ។ សារព័ត៌មាន បានសរសេរថា «ជាសារសម្លេងមួយ ដែលមិនមានភាពចាំបាច់»។
កាលពីដើមសប្ដាហ៍មុន សម្ដីចុងក្រោយពីម៉ាត់ របស់អ្នកជំនួយការបើកបរ ក៏ត្រូវបានគេទម្លាយចេញមកឲ្យដឹងដែរ។ សម្ដីជូនពរ«អញ្ចឹង រាត្រីសួស្ដី!» របស់លោក ហ្វារីក អាឌុល ហាមីដ (Fariq Abdul Hamid) អាយុ ២៧ បានបន្លឺឡើងនៅ១៧នាទីក្រោយពេលប្រព័ន្ធទាក់ទងរបស់យន្ដហោះ ត្រូវបានកាត់ផ្ដាច់ ហើយបានបង្កឲ្យមានមន្ទិលកាន់តែខ្លាំង ពីការប៉ុនប៉ងចាប់ពង្រត់យន្ដហោះ ថាតើលោកនិយាយទៅរកនរណា នៅក្នុងបន្ទប់បើកបរ?
ចំណុចសំខាន់មួយទៀត ដែលអាចបង្ហាញពីការប៉ុនប៉ងចាប់ពង្រត់យន្ដហោះនោះ គឺយន្ដហោះ ប៊ូអីង ៧៧៧ បានងាកចេញពីផ្លូវហោះហើររបស់វា នៅក្រោយបន្តិចពីការហោះចេញផុតពីដែនអាកាសម៉ាឡេស៊ី និងនៅមុនបន្តិច ពេលដែលយន្ដហោះហោះទៅដល់ ដែនអាកាសរបស់ប្រទេសវៀតណាម។
អតីតអ្នកបើកបរយន្ដហោះមួយរូប បានថ្លែងប្រាប់សារព័ត៌មានថា «បើខ្ញុំចង់លួចពង្រត់យន្ដហោះ ខ្ញុំក៏ធ្វើសកម្មភាពនេះ នៅចំណុចនោះដែរ»។ អតីតបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍របស់អង់គ្លេស ប្រ៊ីធីស អ៊ែរឡាញ បានថ្លែងថា «ជាពេលតែមួយគត់ ដែលគេមិនអាចធ្វើការកត់សម្គាល់បាន ពីផែនដីមក»៕
-----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២៤ មីនា ២០១៤