ព្រះភិក្ខុ​លួន សុវ៉ាត៖ ការ​​បាញ់​​ប្រហារ ផ្គើន​សេចក្ដី​ថ្លែង​ការណ៍ពលរដ្ឋ

«យើងសូមអោយបញ្ឈប់ការប្រើប្រាស់កាំភ្លើង តែផ្ទុយទៅវិញថែមទាំងយកកាំភ្លើងមកបាញ់ទាំងស្រុង» នេះជា​សង្ឃដីការរបស់ព្រះតេជគុណ លួន សុវ៉ាត បន្ទាប់ពីមានខ្មាន់កាំភ្លើងប៉ងបាញ់ ដែលព្រះអង្គហៅថា ដើម្បីជា​ការ​គម្រាម​កំហែងទៅ​សកម្មជនដីធ្លី ខណៈព្រះអង្គនិងប្រជាពលរដ្ឋមួយចំនួនទៀត បានចេញសេចក្តីថ្លែងការណ៍ សូម​អោយបញ្ឈប់​ការការប្រើប្រាស់កាំភ្លើង បាញ់ទៅលើអ្នកតវ៉ាបញ្ចេញមតិ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើងសូមអោយបញ្ឈប់ការប្រើប្រាស់កាំភ្លើង តែផ្ទុយទៅវិញថែមទាំងយកកាំភ្លើងមកបាញ់ទាំងស្រុង» នេះជា​សង្ឃដីការរបស់ព្រះតេជគុណ លួន សុវ៉ាត បន្ទាប់ពីមានខ្មាន់កាំភ្លើងប៉ងបាញ់ ដែលព្រះអង្គហៅថា ដើម្បីជា​ការ​គម្រាម​កំហែងទៅ​សកម្មជនដីធ្លី ខណៈព្រះអង្គនិងប្រជាពលរដ្ឋមួយចំនួនទៀត បានចេញសេចក្តីថ្លែងការណ៍ សូម​អោយបញ្ឈប់​ការការប្រើប្រាស់កាំភ្លើង បាញ់ទៅលើអ្នកតវ៉ាបញ្ចេញមតិ។


ក្រុមសកម្មជនតវ៉ាសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន ដែលនៅក្នុងរថយន្ដរងការវាយប្រហារ។ (រូបថត MONOROOM.info/ O. Vary)

ការបាញ់បោះ -កាលពីយប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៤ ម្សិលមិញនេះ ក្នុងអំឡុងពេលប្រហែលជា​ម៉ោង៧ និង ៣០នាទី យប់បានបង្ក អោយមានហេតុការណ៍គួរអោយភ្ញាក់ផ្អើលមួយ មានជនស្លៀកពាក់ឈុតខ្មៅមិនស្គាល់មុខ​ម្នាក់​បានជិះម៉ូតូ ម៉ាកវីវ៉ាមួយគ្រឿងតាមបាញ់ប្រហារមកលើឡានក្រុងរបស់អ្នកដំណើរដែលក្នុងនោះ រូមអ្នក​សហគមន៏​បុរីកីឡា បឹងកក់ ថ្មគោល និងគ្រួសារកម្មករដែលស្លាប់នៅផ្លូវវេងស្រេង ព្រមទាំងព្រះសង្ឃ ប្រមាណ​ជា៤៥នាក់​និងអង្គ ពេលកំពុងជិះក្នុងរថយន្តក្រុងមកពីធ្វើបុណ្យគំរប់ខួប៥ឆ្នាំនៃការបណ្តញចេញទាំងបង្ខំ រឿង​ជម្លោះដីធ្លី​កសិករសហគមន៏ជីក្រែង ខេត្តសៀមរាប។

ព្រះតេជគុណ លួន សុវ៉ាត ជាម្ចាស់កម្មវិធីបុណ្យ នឹងជាអ្នកដំណើរនៅក្នុងឡានក្រុងនោះដែរ មានថេរដីការថា វាជា​ការគម្រាមកំហែងប៉ះពាល់ ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និង​គម្រាមកំហែងលើតៃកុងឡានក្រុមហ៊ុន​ឡាន ដើម្បីកុំអោយដឹកសកម្មជនដីធ្លី ជាពិសេសនោះគឺផ្គើនទៅលើខ្លឹមសារ នៃសេចក្តីថ្លែងការណ៍រួម របស់ពីធី​បុណ្យ​គំរប់ខួប៥ឆ្នាំ នៃព្រឹត្តិការណ៏ប្រើហិង្សាបាញ់ប្រហារកសិករ​សហគមន៏​ជីក្រែងនេះ។

ចំណុចមួយ ពីក្នុងសេចក្ដីថ្លែងការណ៍រួម របស់ក្រុមប្រជាពលរដ្ឋទាំងនោះ បានសរសេរថា៖ «សូមអោយ​បញ្ឈប់​នូវ​ការប្រើអំពើហិង្សា វ៉ៃ បាញ់ ទាត់ធាក់ បង្ករបូសស្នាមលើ ព្រះសង្ឃ ប្រជាពលរដ្ឋ និងការ​ប្រើ​កាំភ្លើងបាញ់ប្រហារ​ប្រជាពលរដ្ឋខ្មែរដែលគ្រាន់តែប្រើសិទ្ធសេរីភាពសម្តែងមតិ»។

តែសេចក្ដីថ្លែងការណ៍ពលរដ្ឋ ស្ថិតនៅលើតែក្រដាស រីឯខ្មាន់កាំភ្លើង បានយកការបាញ់ប្រហារ មកអនុវត្តដោយ​ជាក់ស្ដែង​តែម្ដង។ ហេតុការណ៍ បានកើតឡើងនៅលើផ្លូវជាតិលេខ៥ ខាងជើងស្ពានជ្រោយចង្វា ចម្ងាយ​ប្រមាណ​តែ៥០មែត្រ ប៉ុណ្ណោះ ហើយបណ្តាលអោយបែកកញ្ចក់រថយន្តផ្ទាំងខាងមុខ និងមិនបណ្តាលឲ្យមានអ្នករងរបួសទេ រីឯជន​ស្លៀក​ពាក់ឈុតខ្មៅ មិនស្គាល់មុខក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ ដោយសុវត្ថភាព។ សម្រាប់នគរបាល ដែល​បានចុះមកសាកសួរ នៅផ្ទាល់កន្លែងកាលពីយប់ថ្ងៃទី២២ ខែមីនា បានធ្វើការសន្និដ្ឋានក្នុងជំហានដំបូងថា នេះជា​ការសងសឹងទៅនឹង​ការ​ប៉ះពារគ្នា ផ្នែកចរាចរណ៍បន្តិចបន្តួច មិនមែនជាការគម្រាមកំហែងអ្វីឡើយ។

យ៉ាងណាក៏ដោយ ព្រះភិក្ខុ លួន សុវ៉ាត នៅតែមានសង្ឃដីការអះអាងថា «វាមិនមែនជារឿងចៃដន្យនោះទេ វាជា​រឿង​គ្រោងទុក (...) ហើយបញ្ជាក់អោយឃើញការពិតថា ខ្មាន់កាំភ្លើងដែលមកបាញ់នៅកណ្តាលទីក្រុងដូច្នេះ គឺ​មិន​មែន​ជាមនុស្ស​ធម្មតា ដែលហ៊ានប្រើប្រាស់កាំភ្លើងនោះទេ។»

ព្រះតេជគុណមានសង្ឃដីការពន្យល់បន្ថែមថា «បើជនបាញ់បោះជាចោប្លន់ ក៏អត់មានករណីមកប្លន់ឡានក្រុងដែរ រឿងអីដែលគ្រាន់តែមកបាញ់ហើយរត់ទៅ។ (...) អញ្ចឹងសមត្ថកិច្ចអាជ្ញាធរគួតែដឹង ត្រូវតែស្រាវជ្រាវរក​អោយឃើញ​ថាជនដៃដល់ ជនប្រើប្រាស់កាំភ្លើងជានណា៕»
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៣ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...