ពលរដ្ឋសហគមន៍ខ្វា អំពាវនាវឲ្យ ហ៊ុន សែន ជួយរឿងដីធ្លី
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ០៦ មករា ២០១៥
- កែប្រែចុងក្រោយ: January 06, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពលរដ្ឋប្រមាណជា១០គ្រួសារ នៅសហគមន៍ភូមិខ្វា សង្កាត់ដង្កោ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរងការបណ្ដេញចេញ ដោយកម្លាំងប្រដាប់អាវុធរាប់សិបនាក់ របស់អាជ្ញាធរកាលពីថ្ងៃទី ៥ ខែមករា ម្សិលម៉ិញនេះ បានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ហាជំរកផ្ទះសម្បែង ឲ្យដល់ពួកគាត់ផង។ ការអំពាវនាវនេះ បានធ្វើឡើង នៅមួយថ្ងៃក្រោយពីការបណ្ដេញរើរុះផ្ទះសម្បែងរបស់ពួកគាត់ បណ្ដាលឲ្យពួកគាត់គ្មានជម្រក រស់នៅដោយគ្រាន់តែបោះតង់ នៅតាមចិញ្ចើមថ្នល់នោះ។
ប្រជាពលរដ្ឋដែលនៅតំបន់នោះ បាននិយាយថា ពួកគាត់មានការភ្ជាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការរុះរើផ្ទះសំបែងរបស់ពួកគាត់ ដោយគ្មានដំណឹងដូច្នេះ។ ផ្ទះប្រជាពលរដ្ឋខ្លះ ត្រូវបានកងកម្លាំងធ្វើការរុះរើទាំងគ្មានមនុស្សនៅ ហើយបានយកទ្រព្យសម្បត្តិនៅក្នុងផ្ទះនោះ ទៅជាមួយទៀតផង។
លោកយាយ សួ ឡេង បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូទាំងអួលដើមកថា គាត់បានរស់នៅក្នុងតំបន់នេះតាំងពីឆ្នាំ ១៩៨៣មកម្លេះ ហើយការរុះរើនេះ អាជ្ញាធរមិនបានជូនដំណឹងទៅពួកគាត់មុននោះទេ។ លោកយាយបាននិយាយថា បន្ទាប់ពីគាត់វិលត្រឡប់ មកពីស៊ីឈ្នួលកាត់ត្រកួនវិញ ស្រាប់តែផ្ទះរបស់គាត់ ត្រូវគេឈូសឆាយខ្ទេចខ្ទីអស់គ្មានសល់។
ស្ត្រីចំណាស់ បានបន្ថែមទៀតថា ប្រសិនបើការរុះរើនេះ បានជូនដំណឹងដល់រូបគាត់មុន ក៍គាត់មិនខឹងដែរ ប៉ុន្តែអាជ្ញាមិនបានឲ្យដំណឹងមុន ហើយធ្វើការឈូសឆាយទាំងផ្ទះសំបែង ទាំងទ្រព្យសម្បត្តិនៅក្នុងនោះ គ្មានសេសសល់អ្វីទាំងអស់ ថែមទាំងបណ្តេញប្រជាពលរដ្ឋឲ្យចេញ ដោយមិនអនុញ្ញាតិឲ្យនៅទីនោះទៀតទេនោះទេ។
ក្នុងចំនោមផ្ទះដែលបានរុះរើដោយកងកម្លាំងជម្រុះនេះ មានតែផ្ទះពីរប៉ុណ្ណោះ ដែលមិនត្រូវបានគេរុះរើ ព្រោះគ្រួសារទាំងពីរនេះបានសុំពន្យាពេល ក្នុងការរុះរើចំនួនមួយខែ ដើម្បីរកកន្លែងថ្មីរស់នៅ និងរកដំណោះស្រាយផងដែរ។ ប៉ុន្តែប្រសិនបើបន្ទាប់ពីមួយខែក្រោយគ្រួសារទាំងពីរនោះមិនព្រមរើចេញនោះទេ អាជ្ញាធរ និងរុះរើដូចគ្រួសារឯទៀតដែរ។
យ៉ាងណាក៏ដោយ ក៏ពលរដ្ឋទាំងនោះបានធ្វើការអំពាវនាវព្រមគ្នា ទៅអង្គការសង្គមស៊ីវិល អ្នកមានអំណាច អ្នកចេះច្បាប់ទម្លាប់ត្រឹមត្រូវ និងជាពិសេសនោះគឺលោក ហ៊ុន សែនដើម្បីជួយរកយុត្តិធម៌ ដល់សហគមន៍ខ្វា ដែលត្រូវបានអាជ្ញាធរធ្វើការឈូសឆាយផ្ទះសំបែងរបស់ពលរដ្ឋ ដោយគ្មានលក្ខខ័ណ្ឌដូច្នេះ។
មានអ្នកនយោបាយនៅពីក្រោយ...?
យោងតាមកំណត់ហេតុមួយ នៅក្នុងកិច្ចប្រជុំ ស្តីពីការទន្ទ្រានកាន់កាប់ដី ចំណុចព្រំប្រទល់តំបន់អភិវឌ្ឍន៍បឹងទំពុន បឹងជើងឯកស្ថិតក្នុងភូមិខ្វា លោក ប្រាជ្ញ សីហា អភិបាលរងខ័ណ្ឌដង្កោ បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា ដីនេះមានអនុក្រឹត្យ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងរបស់សាលារាជធានីភ្នំពេញ។ ទីតាំងដីនេះកន្លងមក មិនមានការសាងសង់រោង ឫខ្ទមនោះទេ ទើបតែមុនពេលយុទ្ធនាការបោះឆ្នោត ប្រហែលពីរខែ ទើបមានប្រជាពលរដ្ឋមកធ្វើការសាងសង់រោង ឫខ្ទមលើទីតាំងដីនេះ។ លោកបានថ្លែងឲ្យដឹងថា អាជ្ញាធរបានចុះទៅធ្វើការហាមឃាត់ តែពួកគាត់នាំគ្នាធ្វើការប្រឆាំងតវ៉ា ហើយក៍មានអ្នកនយោបាយនៅពីក្រោយរឿងនេះទៀត។
លោក ប្រាជ្ញ សីហា ដែលដឹកនាំកម្លាំងចម្រុះទៅរុះរើផ្ទះសម្បែងពលរដ្ឋដោយផ្ទាល់ បានបញ្ជាក់នៅក្នុងកំណត់ហេតុនោះទៀតថា ក្រោយពេលបោះឆ្នោតជ្រើសតាំងតណាងរាស្ត្រនីតិកាលទី ៥រួច ពលរដ្ឋទាំងនោះ នៅតែសាងសង់នៅលើទីតាំងនោះ ជាបន្តបន្ទាប់ដដែល ទោះបីអាជ្ញាធរចុះទៅហាមឃាត់ក៍ដោយ ។
សូមបញ្ជាក់ថា ការរុះរើផ្ទះសំបែងរបស់សហគមន៍ខ្វានៅខ័ណ្ឌដង្កោនេះ មិនអនុញ្ញាតិឲ្យអ្នកសារព័ត៌មានចូលទៅយកការណ៍នោះទេ ហើយព្រឹត្តការណ៍នេះ បានធ្វើឡើងស្របពេល ដែលអ្នកសារព័ត៌មានជាច្រើន កំពុងទៅយកការណ៍ នៅក្នុងសន្និសីទការសែតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធកាល ពីព្រឹកម្សិលម៉ិញនេះ។ រីឯគ្រួសារដែលត្រូវបានអាជ្ញាធររុះរើផ្ទះនេះ សុទ្ធសឹងតែមានឈ្មោះ ស្ថិតនៅក្នុងពាក្យបណ្តឹងរបស់ លោកឧកញ៉ា ម៉ៅ សុផល ដែលជាអ្នកមានទ្រព្យសម្បត្តិមួយរូបនៅក្នុងតំបន់ ប្ដឹងចោទប្រកាន់ទៅប្រជាពលរដ្ឋ ពីបទការកាប់ទន្ទ្រានយកដីស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ៕