អស្ចារ្យ... បង្ហោះយន្ដហោះ«ឡើងត្រង់»ទៅលើ! (vdo)
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី ១២ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 13, 2015
- ប្រធានបទ: អាកាសចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនផលិតយន្ដហោះ ប៊ូអីង ទើបនឹងបង្ហោះវីដេអូ ដ៏អស្ចារ្យមួយ របស់ខ្លួន នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប (YouTube) ពីយន្ដហោះ Boeing 787 ដែលមានឈ្មោះ ហៅក្រៅថា ឌ្រីមលីណ័រ (Dreamliner)។ ការបង្ហោះយន្ដហោះនេះ ជាការសាកល្បងខ្លះៗ នៅមុនការដាក់តាំងបង្ហាញ នៅក្នុងពិពណ៌យន្ដហោះ ក្នុងព្រលានយន្ដហោះ ប៊ូហ្សេ (Bourget) ក្បែរនឹងរដ្ឋធានីប៉ារីស ប្រទេសបារាំង ដែលនឹងត្រូវបើកទ្វា នៅថ្ងៃចន្ទខាងមុខ។
វីដេអូ ដែលថតនៅពីលើ បឹងម៉ូសេ (Moses Lake) ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ត្រូវបានបង្ហោះកាលពីមួយថ្ងៃមុន ប៉ុន្តែមានមនុស្សចុច ចូលទៅទស្សនា ដល់ទៅជាង៣លានដងហើយ។ រូបភាពដែលពិសេសបំផុតនោះ គឺនៅត្រង់ប្លង់មួយ ដែលថតពីលើអាកាស ឃើញយន្ដហោះ បានងើបខ្លួនពីដី ហោះត្រង់ឡើងទៅលើ ប្រៀបបីដូចជាការបង្ហោះ កាំជ្រួចផ្កាយរណបដូច្នេះ។
សាកសួរដោយបណ្ដាញទូរទស្សន៍អាមេរិក CNN អ្នកបើកបរយន្ដហោះខាងលើ លោក ប៉ាទ្រិក ស្មីត (Patrick Smith) បានថ្លែងបដិសេធ ដើម្បីរំងាប់ការអះអាង ដែលថាយន្ដហោះ បានងើបខ្លួន៩០ឌឺក្រេ ត្រង់ឡើងទៅលើ។ លោកថ្លែងឡើងថា៖ «ផ្នែកមួយនៃវីដេអូនេះ ជាបញ្ហានៃរូបនេត្រាទស្សន៍ (Perspective)។ យើងមើលទៅ ដូចជាយន្ដហោះ បានហោះឡើងត្រង់ទៅលើ។ ជឿខ្ញុំទៅថា មិនមានរឿងនេះកើតឡើងទេ។»
លោកបានពន្យល់ទៀតថា ជាទូទៅ យន្ដហោះប៊ូអីង ឌ្រីមលីណ័រ បានហោះងើបខ្លួនពីដី ដូចយន្ដហោះដទៃៗទៀតដែរ។ ប៉ុន្តែការហោះហើរ ងើបខ្លួនឡើងខ្លាំងរបៀបនេះ អាចកើតមានឡើង នៅពេលដែលគេចង់ត្រួតពិនិត្យ ពី«សុវត្ថិភាព»របស់យន្ដហោះ និងចង់បង្ហាញ ពីភាពអស្ចារ្យរបស់វា៕