ភាសាកូដរបស់ យូធូប ប្រកាសចុះចាញ់ Gangnam Style
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី០៦ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 06, 2014
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វីដេអូចម្រៀង ហ្គាំណាំស្ដាយ ដែលមានទាំងចម្រៀង និងចង្វាក់រាំដ៏ចម្លែករបស់ ព្សាយ ត្រូវបានដាក់បង្ហោះជាផ្លូវការ នៅឆ្នាំ២០១២ ហើយត្រូវបានមនុស្សចុចចូលទៅមើល មកដល់ពេលនេះ ជាង២,១៦ពាន់លានដងហើយ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប។ ចំនួននេះ បានស្មើពាក់កណ្ដាល នៃចំនួនចុចចូលទៅមើលវីដេអូទាំងអស់ នៅក្នុងពិភពលោក បើទោះជាមានមនុស្សម្នាក់បានចូលទៅមើលវីដេអូ ហ្គាំណាំស្តាយ ច្រើនដងក៏ដោយ។
នៅពេលបង្កើតគេហទំព័រដំបូង យូធូប មិនដែលបានគិតដល់ថា នឹងមានអ្នកចុចមើលវីដេអូ នៅលើគេហទំព័រខ្លួន ច្រើនដល់ថ្នាក់នេះឡើយ។ ហេតុអ្វី?
ព្រោះភាសាកូដ HTML PHP ឬ Java នៅក្នុងវិស័យព័ត៌មានវិជ្ជា បានធ្វើឡើងក្នុងកម្រិត ៣២ octets ហើយភាសានេះ បានកំណត់ឲ្យយូធូប ទទួលការចុចចូលទៅទស្សនាវីដេអូមួយ បានត្រឹមតែ ២ ១៤៧ ៤៨៣ ៦៤៧ ដងប៉ុណ្ណោះ។ នៅក្នុងទំព័រផ្លូវការមួយ របស់យូធូប នៅលើ ហ្គូហ្គ័លផ្លាស (Google+) មានឃើញសរសេរថា៖ «យើងមិនដែលបានគិតទាល់តែសោះថា ថាវីដេអូមួយដូចយ៉ាង ហ្គាំណាំស្ដាយ អាចឈានទៅដល់ការចុចចូលមើល ហួសពីកម្រិត ៣២ octets»។
ប៉ុន្តែយ៉ាងណាក៏ដោយ ក៏វិស្វករជំនាញខាងព័ត៌មានវិជ្ជា បានដឹងបញ្ហានេះជាមុន និងបានតម្លើងកម្លាំងភាសាកូដរបស់ យូធូប រហូតដល់កម្រិត ៦៤ octets។ បានន័យថា ពីថ្ងៃនេះទៅ វីដេអូចម្រៀង ហ្គាំណាំស្តាយ ឬចម្រៀងល្បីណាផ្សេងទៀត អាចនឹងទទួលបានការចុចចូលទៅមើល រហូតដល់ ៩ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ដង ដែលជាចំនួនប្រៀបបាននឹងអនន្ដ៕
ទស្សនាវីដេអូនេះឡើងវិញ៖