គម្រាមតាមអាំងធើណែត ធ្វើ​អោយ​យុវជន​​សម្លាប់​ខ្លួន

យុវជនម្នាក់ នៅទីក្រុងប្រ៊េស្ដ៍ ប្រទេសបារាំង បានស្លាប់កាលពីថ្ងៃទី១៧ តុលាកន្លងទៅ ក្រោយពីបានរងនូវការគម្រាម ពីរូបភាពវីដេអូមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ឪពុកម្ដាយរបស់យុវជននេះ បានត្រឡប់មកនិយាយបកស្រាយ ដើម្បីអោយ ឪពុកម្ដាយ ឬយុវជនផ្សេងទៀត មានការប្រុងប្រយ័ត្ន។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: October 29, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជនម្នាក់ នៅទីក្រុងប្រ៊េស្ដ៍ ប្រទេសបារាំង បានស្លាប់កាលពីថ្ងៃទី១៧ តុលាកន្លងទៅ ក្រោយពីបានរងនូវការគម្រាម ពីរូបភាពវីដេអូមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ឪពុកម្ដាយរបស់យុវជននេះ បានត្រឡប់មកនិយាយបកស្រាយ ដើម្បីអោយ ឪពុកម្ដាយ ឬយុវជនផ្សេងទៀត មានការប្រុងប្រយ័ត្ន។


នៅពីក្រោយហ្វេសប៊ុក មានមនុស្សរាប់សិបពាន់លាននាក់ ដែលគេមិនអាចដឹងបានពីអត្តសញ្ញាណ។

យុវជននោះ ឈ្មោះហ្គោទីជេ (Gauthier) បានចងករសម្លាប់ខ្លួន នៅក្រោមដំបូលផ្ទះមួយ ក្នុងសួនច្បាររបស់គ្រួសារខ្លួន កាលពីថ្ងៃ១០តុលា ហើយបានទទួលមរណភាពក្នុងរយះពេល ១សប្ដាហ៍ក្រោយមក។ ហ្គោទីជេទើបនឹងធ្វើបុណ្យ​ខួប​កំណើត គម្រប់១៨ឆ្នាំ កាលពីពីរខែមុននេះប៉ុណ្ណោះ។

ហើយនៅថ្ងៃនោះ ហ្គោទីជេ បានវិលត្រឡប់មកផ្ទះវិញធម្មតា ដែលស្ថិតនៅក្នុងសង្កាត់មួយ យ៉ាងស្ងប់ស្ងាត់ នៃ​ទីក្រុង​ប្រ៊េស្ដ៍ បន្ទាប់ពីចេញពីសាលារៀនមកវិញ។ ពេលនោះ ម្ដាយ ប្អូនស្រីទាំងពីរ អាយុ ១៥​ និង១០ឆ្នាំ របស់ហ្គោទីជេ មានវត្តមាន​នៅទីនោះទាំងអស់។​ ប៉ុន្តែគ្មាននរណាចាប់អារម្មណ៍ នឹងយុវជននេះទេ ព្រោះជាទំលាប់ ដែលហ្គោទីជេ​ត្រឡប់ពីរៀន ហើយចូលទៅសម្ងំក្នុងបន្ទប់របស់ខ្លួននោះ។

«ខ្ញុំនឹងផ្សាយវីដេអូ ទៅគ្រប់មិត្តភ័ក្ររបស់អ្នកឯង»

ប្រហែលជាពីរម៉ោងក្រោយមក យុវជននេះបានចុះជណ្ដើរ ហើយចេញយ៉ាងប្រញាប់ប្រញាលពីផ្ទះ ដៃជាប់ទូរស័ព្ទផង ហើយហាក់គ្មានបានខ្វល់ នឹងនរណាម្នាក់ឡើយ ដែលជាហេតុធ្វើអោយមនុស្សនៅក្នុងផ្ទះឆ្ងល់ តែមិនបានចាប់អារម្មណ៍​អ្វីអោយខ្លាំងនោះទេ។ តែនោះគឺជាអ្វីដែល ពួកគេយល់ និងស្ដាយក្រោយ នៅពេលបន្ទាប់ក្រោយមក។

នៅក្នុងបន្ទប់របស់ហ្គោទីជេ យុវជននេះបានភ្ជាប់ចូលទៅ គេហទំព័រស្កាត់ជួបដៃគូមួយ ដែលទំនងមើលទៅ មានលក្ខណៈ​ជាទំពក់សំរាប់ថ្ពក់យកនុយ។ ជាមួយនឹងការទាក់ទងគ្នាតាមវីដេអូ ស្រីរូបស្អាតម្នាក់ ដែលបានដោះខោអាវចេញពីខ្លួន នៅលើគេហទំព័រនោះ បានសុំអោយយុវជន អោយបង្ហាញ«របស់របរ»ខ្លួនម្ដងវិញ។ ហ្គោទីជេ បានដោះខោអាវចេញ ហើយគេទាំងពីរបានណាត់ជួបគ្នា នៅលើទំព័រ«ហ្វេសប៊ុក»។ ដំបូងឡើយ ហ្គោទីជេ មិនទុកចិត្តថា នារីរូបស្អាតនោះ​មាន​តែ ហ្គោទីជេតែម្នាក់ឯងប៉ុណ្ណោះទេ ជាមិត្តរបស់នាងនៅលើទំព័រមុខនៃហ្វេសប៊ុករបស់នាង។ តែនារីរូបស្អាតនោះ បាន​អះអាងមកវិញថា «ទំព័រមុខនៃហ្វេសប៊ុករបស់នាង ទើបនឹងបង្កើតថ្មីប៉ុណ្ណោះ»។ ជាការពន្យល់ដែលចង់និយាយាថា នារីនេះ មានតែហ្គោទីជេតែម្នាក់ប៉ុណ្ណោះ នៅទីនេះ។

តែដឹងអី ...

បន្ទាប់ពីទទួលបាន នូវអ្វីដែលនារីរូបស្អាតយ៉ាងអាថ៌កំបាំងនេះ ចង់បានរួចហើយ សង្រ្គាមពាក្យសម្ដីបានកើតឡើង ជាមួយនឹងសម្ដីរគម្រាមយ៉ាងខ្លាំង​ដូច្នេះថា «ខ្ញុំនឹងបំផ្លាញជីវិតអ្នកឯង ហើយខ្ញុំនឹងផ្សាយវីដេអូ ទៅគ្រប់មិត្តភ័ក្ររបស់​អ្នកឯង»។ ពេលនោះដែរ អ្នកគម្រាមស្ត្រីរូបនេះ បានចូលទៅមើលបានសម្រេច និងស្គាល់ នូវគ្រប់មិត្តភ័ក្ររបស់ហ្គោទីជេ ក្នុងទំព័រហ្វេសប៊ុក បើទោះជាយុវជនរងគ្រោះ ខិតខំសាកល្បងរារាំងយ៉ាងណាក៏ដោយ។ នារីនោះបានបន្ដទាមទារ នូវ​ទឹកប្រាក់ចំនួន ២០០អ៊ឺរ៉ូ ជាថ្នូរនឹងការលប់វីដេអូនេះចោលចេញ។ បងប្អូនជីដូនមួយ របស់ហ្គោទីជេ បានទទួលសារ​តាម​ទូរស័ព្ទ (SMS) មួយពីហ្គោទីជេ បញ្ជាក់ពីភាពភ័យតក់ស្លុត របស់យុវជនទើបនឹងពេញវ័យរូបនេះ។ ហើយការជជែក​វែកញែកជាមួយ នារីអាថកំបាំង បានបន្ដធ្វើ ដោយមានរយះពេលតែ ១០នាទីប៉ុណ្ណោះ។

តើអ្នកណាអាចដឹងថា នឹងមានរឿងអ្វីកើតឡើងបន្ទាប់ពីនោះ?  ជារឿងដែល ម្ដាយឪពុករបស់ហ្គោទីជេ ទទួលបាននូវ​ភាពរន្ធត់ញាប់ញ័រយ៉ាងខ្លាំងមួយ រហូតមកទល់នឹងថ្ងៃនេះ។ ពួកគាត់ធ្លាប់បានដាក់កំរិតយ៉ាងតឹងតែង ទៅលើកូនៗ​របស់​ពួកគាត់ អំពីការប្រើប្រាស់ ទូរស័ព្ទដៃ ទូរទស្សន៍ និងជាពិសេស ការចូលទៅក្នុងបណ្ដាញអាំងធើណែត។ «តែរឿងដែល​មិននឹកស្មានដល់ វាបានកើតឡើងនៅក្នុងទ្រនំនេះ ដែលពួកយើងគិតថា ជាជំរកសុខសាន្ដរបស់កូនចៅរបស់យើង។»

ជាការគម្រាម មកពីប្រទេសកូដ ឌឺវ័រ

ហ្គោទីជេ មិនមែនជាមនុស្សដែលអត់អាំងធើណែត មិនបាននោះទេ។ ឪពុកម្ដាយរបស់នាយ បានតំណាលពីនាយ​ឡើង​វិញថា ជាកូនប្រុសច្បងយ៉ាងល្អ និងជាកីឡាករដ៏ប្រពៃម្នាក់ផងដែរ។ ហ្គោទីជេ ជាមនុស្សបានសម្ដីជាមួយនឹងគ្រួសារ ហើយមានភាពស្និតស្នាលខ្លាំងជាទីបំផុត ជាមួយនឹងម្ដាយ ឬមិត្តភ័ក្ររបស់នាយ។

តែអ្វីដែល យុវជនរូបនេះ មិនដែលស្គាល់ គឺជនកំណាច ដែលបិតមុខយ៉ាងសម្ងាត់ តែបានប្រើប្រាសហ្វេសប៊ុក​ ជាអាវុធ។ ការស៊ើបអង្កេតរបស់ ភ្នាក់ងារនគរបាល បានបើកឡើង ហើយបានធ្វើការស្រាវជ្រាវទៅលើ អាស័យដ្ឋានអ៊ីប៉េ របស់​ម៉ាស៊ីន​​​កំព្យូទ័រ ដើម្បីរកអោយឃើញម្ចាស់ពាក្យសម្ដីគម្រាមទាំងប៉ុន្មានខាងលើ។ តែជាការអនិច្ចារ ជនកំណាចនេះ នឹង​នៅតែជាជនបិតមុខ ដែលនគរបាលមិនអាចរកឃើញអ្វីសោះឡើយ ដោយហេតុប្រភពដើម នៃការប្រើប្រាស់សម្ដី​គម្រាមនេះ បានចេញមកពីហាងសេវាអាំងធើណែតមួយ នៅប្រទេស កូដ ឌឺវ័រ។ នគរបាលបារាំង បាននិយាយសារភាព ពីភាពលំបាករបស់ខ្លួន ទល់នឹងប្រភេទបេសកកម្មឆ្លងដែន បែបនេះ។

តែមិនមែនមានតែហ្គោទីជេ តែម្នាក់ទេដែលរងគ្រោះ នឹងការគម្រាមបែបនេះ។ នៅថ្ងៃទី១១តុលា ប្រហាក់ប្រហែលគ្នានេះ ក្មេងស្រីជំទង់ជនជាតិកាណាដាម្នាក់ទៀត ឈ្មោះ អាមាដា ថូដ (Amanda Todd) អាយុ ១៥ឆ្នាំ  ក៏បានសម្លាប់ខ្លួនដែរ ដោយសារតែនាងទ្រាំមិនបាន នឹងការចំអកឡកឡើយនៅក្នុងជីវិតយ៉ាងសែនទារុណ ដូចដែលនាងបានបង្ហាញ នូវខ្សែរ វីដេអូមួយ នៅលើបណ្ដាញចែកផ្សាយ វីដេអូ យូទូប៕

បើហេតុការណ៍ដ៏អាក្រក់ចេះតែកើតមាន យ៉ាងដូច្នេះ តើរូបអ្នកផ្ទាល់ នឹងត្រូវការពារខ្លួនអ្នកយ៉ាងដូចម្ដេច? ហើយ​ចំណែក ឯកូនចៅរបស់អ្នក?

-----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...