៧ចំនុច ដែលត្រូវហាមឃាត់កុមារ កុំឲ្យនៅតែពីមុខ«អេក្រង់»
«អេក្រង់»ដែលជាកញ្ចក់មានរូបភាព បិតពីលើសម្ភារះជាច្រើន ដូចជាម៉ាស៊ីនកំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទ ក្ដាបញ្ជា ឬ ម៉ាស៊ីនល្បែងហ្គេម តែងមានផលប៉ះពាល់តិចឬច្រើន ទៅលើកុមារ។ ស្ថិតនៅក្នុងវ័យដែលចង់ដឹង ចង់ឃើញ ចង់យល់ពីអ្វីៗទាំងអស់នេះ កុមារភាគច្រើនបែរជាត្រូវរងគ្រោះ ក្នុងពេលប្រើប្រាស់ម៉ាស៊ីនអស់ទាំងនេះ ប្រសិនជាគេមិនបានគិតទៅដល់ ការកំណត់វិធានការ«ការពារ» អោយបានច្បាស់លាស់។ «វិធានការ» ដែលជារឿងដ៏សំខាន់ សម្រាប់ឪពុកម្ដាយគ្រប់រូប នៅក្នុងពិភពលោកតោងស្វែងយល់ និងអនុវត្តន៍តាម។
សូមកុំអោយសម្ភារះបញ្ជាកូនអ្នកបាន នៅមុនអ្នកអាចធ្វើបានដែរនោះ។ រូបភាព 3D។
សម្រាប់ប្រទេសដែលមានវិស័យបច្ចេកវិទ្យា កាន់តែជឿនលឿន និងសម្បូរបែប អ្នកជំនាញបានរកឃើញថា កុមារបានយកពេលទៅអង្គុយសំកុក នៅពីមុខអេក្រង់ (មិនថាតែកំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទ ក្ដាបញ្ជា ឬម៉ាស៊ីនល្បែងហ្គេម ។ល។ នោះទេ) ច្រើនជាងពេលវេលានៅសាលា។ ហើយជាពិសេសទៅទៀត ហេតុការណ៍អស់ទាំងនេះ បានបង្ហាញទៀតថា កុមារដែលមានអាយុ ៦ឆ្នាំ ដែលអង្គុយក្នុង រយះពេល២ម៉ោងជាប់រហូត នៅពីមុខ«អេក្រង់»នោះ កុមារនឹងអាចរងគ្រោះថ្នាក់ដល់សុខភាព ក្នុងពេលអនាគត ដូចជាមានការកើនឡើង នៃជំងឺបេះដូង លើសឈាម និងទឹកនោមផ្អែម នោះជាដើម។ ហើយនេះ គេនៅមិនទាន់រាប់ផងទេ ពីការកើនឡើងនៃជំងឺធាត់ចុកខ្លាញ់ ដែលនឹងអាចកើតមានដូចគ្នា ទៅលើកុមារដែលមានជីវិត ជាប់នៅពីមុខ«អេក្រង់»រហូតនោះ។
នៅចំពោះមុខបញ្ហាអស់ទាំងនេះ ឪពុកម្ដាយទាំងឡាយ ត្រូវលើកជាសំនួរ ប្រកបដោយភាពព្រួយបារម្ភឡើងថា៖ តើគេត្រូវហាមឃាត់ ឬកម្រិតការប្រើប្រាស់សម្ភារះ ដែលមាន«អេក្រង់» ឬទេ? ហើយតាមរបៀបណា? បណ្ឌិតសភាវិទ្យាសាស្ត្របារាំង ទើបនឹងចេញផ្សាយ «អនុសាសន៍»មួយ យ៉ាងក្បោះក្បាយស្តីពីបញ្ហានេះ ដោយធ្វើការវិភាគទៅតាម«អាយុ»របស់កុមារ ដូចតទៅ៖
១- «ពិភាក្សា» ជៀសជាង ការ«ហាមឃាត់»
វាសំខាន់ណាស់ ដែលឪពុកម្ដាយ ឬអ្នកអប់រំរបស់កុមារ ត្រូវសម្របខ្លួនទៅជាមួយ បច្ចេកវិទ្យាថ្មី ដើម្បីអោយត្រូវគំនិតគ្នាខ្លះជាមួយនឹងកូនក្មេងសម័យនេះ និងអាចជជែកជាមួយគ្នាបាន។ អនុសាសន៍នោះ បានសរសេរថា ករណីខ្លះ ដែលឪពុកម្ដាយមិនយល់ពីរឿងទាំងនេះ កុមារអាច«ប្រតិកម្មតបមកវិញ ដោយមានលក្ខណៈមិនសមស្រប ឬអាចបង្កអោយមាន ការប្រព្រឹត្តិផ្ទុយមកវិញ ឬអាចនឹងមិនយល់គ្នាយ៉ាងជ្រាលជ្រៅ ជាមួយនឹងឪពុកម្ដាយ» ទៀតផង។
ឪពុកម្ដាយគួរមាន កម្មវិធីត្រួតពិនិត្យអាជ្ញាមួយ ដើម្បីកំណត់ពីការអនុញ្ញាត អោយប្រើប្រាស់ប្រដាប់ប្រដា ទាំងអស់នេះ។ តែទោះជាមានកម្មវិធី យ៉ាងពិសេសបែបណាក៏ដោយ ក៏មិនមានអ្វីប្រសើរជាការជជែក«ពិភាក្សា» និងភាពទុកចិត្តមួយ ជាមួយកូនចៅរបស់លោកអ្នកនោះឡើយ។
២- លក្ខខ័ណ្ឌ ៣-៦-៩-១២ឆ្នាំ
លក្ខខ័ណ្ឌសមញ្ញនេះ បានបង្កើតឡើងដោយ បណ្ឌិតសភារបស់សហរដ្ឋអាមេរិក ដែលស្នើ៖ កុំអោយមាន«អេក្រង់» នៅក្នុងជីវិតដែលមានអាយុក្រោម ៣ឆ្នាំ - អាចប្រើប្រាស់អេក្រង់ បាន១ម៉ោងក្នុងមួយថ្ងៃ សម្រាប់អាយុពី៣ទៅ៦ឆ្នាំ - ២ម៉ោង ក្នុងមួយថ្ងៃ សម្រាប់អាយុពី៦ទៅ៩ឆ្នាំ និង៣ម៉ោង សម្រាប់អាយុលើលពី៩ឆ្នាំ។ ពេលវេលានេះ រាប់បញ្ចូលនូវការប្រើប្រាស់វត្ថុទាំងអស់បញ្ចូលគ្នា ទាំងទូរទស្សន៍ កំព្យូទ័រ ទូរស័ព្ទនិងទាំងម៉ាស៊ីនហ្គេមធំឬតូច។
៣- មុនអាយុពី២ទៅ៣ឆ្នាំ៖ កុំអោយមើលទូរទស្សន៍!
កម្មវិធីទូរទស្សន៍ និងចាក់បញ្ចាំងភាពយន្ដ ក្នុងថាសវីដេអូ (DVD) មិនមានឥទ្ធិពលល្អ ដល់កុមារអាយុតិចជាង ២ឬ៣ឆ្នាំនោះឡើយ តែផ្ទុយទៅវិញ នឹងបង្កបញ្ហាទៅអោយកុមារ ក្នុងពេលដែលកុមារចូលសាលារៀនសូត្រ នៅជាច្រើនឆ្នាំក្នុងអនាគត។ មិនត្រឹមតែប៉ុណ្ណោះ កុមារក៏អាចរងគ្រោះ នឹងការធាត់ចុកខ្លាញ ការក្រចេះនិយាយ មានអារម្មណ៍មិនមូលល្អ ខ្វះការប្រុងប្រយ័ត្នខ្ពស់ នឹងបញ្ហាដែលបង្កើតអោយមានចរិកទុយមុយ ក្នុងជីវិតថែមទៀត។ ការផ្សាយពាណិជ្ជកម្មនៅក្នុងទូរទស្សន៍ ក៏មិនត្រូវអោយកុមារទស្សនាដែរ ព្រោះអ្វីដែលចង់និយាយនៅក្នុងការផ្សាយពាណិជ្ជកម្មនោះ នឹងធ្វើអោយល្អក់ នូវចំនុចមូលដ្ឋានគ្រឹះជាច្រើនរបស់កុមារ ហើយករណីនេះ នឹងធ្វើអោយកុមារ ក្លាយខ្លួនជាមនុស្សមានះ ពេលខ្លះប្រឆាំងនឹងការស្ដីប្រដៅ របស់ឪពុកម្ដាយនោះជាដើម។
សូមប្រុងប្រយ័ត្នថា កុមារត្រូវការពេលវេលាជាក់ស្ដែង ជាមួយនឹងទីកន្លែង ដើម្បីដាក់ពង្រាយ នូវចំនុចមូលដ្ឋានគ្រឹះរបស់ខ្លួនតាមរយះ ការ«ប៉ះពាល់ ឃើញ ស្ដាប់ និងកម្រើក»។
៤- រវាងពី៣ទៅ៦ឆ្នាំ ហាមម៉ាស៊ីនហ្គេម (តូចឬធំ) ក្ដាបញ្ជា ឬពត៌មានតាមទូរទស្សន៍
នៅក្នុងអាយុនេះ ឪពុកម្ដាយ ឬអ្នកចិញ្ចឹមអប់រំ ត្រូវបញ្ជៀសកុមារ កុំអោយឈ្លក់ ពីអ្វីដែលវាបានឃើញនៅលើ«អេក្រង់» ជ្រុលពេក។ «មានម៉ាស៊ីនកំព្យូទ័រ និងម៉ាស៊ីនល្បែងហ្គេមមួយចំនួន អាចអោយកុមារលេងម្ដងម្កាល តែត្រូវមានការចូលរួមលេងជាមួយកុមារ ជាលក្ខណៈគ្រួសារ មិនគួរអោយកុមារលេងតែម្នាក់ឯងនោះឡើយ»។ និយាយជារួម នៅមុនអាយុ៦ឆ្នាំ គេមិនគួរអោយកុមារលេងអ្វីមួយ តែម្នាក់ឯងនោះទេ ព្រោះកុមារអាចនឹងមានចរិក ផ្លាស់ប្ដូរភ្លាមៗ ក្លាយទៅជាមនុស្ស«មិនប្រាកដនិយម» និងគេចចេញពី«ពិភពមនុស្សពិត» ហើយទៅសំងំខ្លួន នៅតែពីមុខ«អេក្រង់»នោះជាដើម។ ហើយជាពិសេស ឪពុកម្ដាយ និងអ្នកចិញ្ចឹមអប់រំ ត្រូវប្រុងប្រយ័ត្ន មិនត្រូវអោយកុមារឃើញ ពីរូបភាពហឹង្សា នៅតាមអាំងធើណែត ឬពត៌មានតាមទូរទស្សន៍ណាដែល និយាយតែពីរឿងមិនល្អនោះទេ។
៥- រវាងពី៦ទៅ១២ឆ្នាំ បង្រៀនអោយកុមារ ចេះ«ស្វ័យរៀបចំ»
គុណសម្បត្តិនៃវិស័យព័ត៌មានវិទ្យា សម្រាប់កុមារនៅក្នុងចន្លោះអាយុនេះ ចាប់ផ្ដើមមានរូបរាងពិតប្រាកដ។ កម្មវិធីខ្លះដូចជា សម្រាប់អំណាន ឬសម្រាប់គិតលេខ វានឹងជួយអោយកុមារយល់ពីអ្វីដែលល្អ ឬអាក្រក់ អាចគិតលេខបាន ឬមិនអាចគិតលេខបាន។ តែទោះយ៉ាងដូចម្ដេចក៏ដោយ ក៏រាល់ការប្រើប្រាស់នូវសម្ភារះទាំងនេះ តម្រូវអោយមានការពន្យល់ ពីឪពុកម្ដាយ ឬអ្នកចិញ្ចឹមអប់រំ ដោយខានមិនបាន។
ក្នុងដំណាក់កាលនេះ កុមារត្រូវទទួលបាន ការសិក្សាអប់រំមួយ សម្រាប់ចេះ«ស្វ័យរៀបចំខ្លួន» ដើម្បីត្រៀមខ្លួនចូលទៅក្នុងវ័យ«ជំទង់» ដែលជាវ័យមួយពិបាក ក្នុងការគ្រប់គ្រង។
៦- វ័យជំទង់៖ បញ្ញតិអាជ្ញាច្បាស់លាស់ សម្រាប់អាំងធើណែត និងល្បែងហ្គេម
ក្មេងជំទង់ តែងគិតថាខ្លួនឯងធំហើយ និងចង់ធ្វើខ្លួនទៅតាមការភ្លើតភ្លើន ដែលជាឥទ្ធិពលរបស់វត្ថុសម្ភារះនៅជុំវិញ ឬរបស់សង្គម។ បែបនេះហើយ គេត្រូវយល់ថា យុវជនវ័យជំទង់នៅត្រូវការការអប់រំ យោបល់ និងការជជែកពិភាក្សាជាចាំបាច់ ជាពិសេស ពីសំណាក់ឪពុកម្ដាយ ឬអ្នកចិញ្ចឹមអប់រំ។
ក្នុងអាយុនេះ យុវជនជំទង់ ក្នុងសម័យកាលនៃបច្ចេកវិទ្យាទំនើប ស្គាល់សឹងតែទាំងអស់ នូវសម្ភារះដែលខ្លួនគាត់ត្រូវប្រើប្រាស់ រាប់តាំងពីទូរស័ព្ទដៃឡើងទៅ។ យុវជន នឹងទទួលផលពីភាពឆ្លាតវៃ ការឆ្នៃប្រឌិត និងការវិវត្តន៍ថ្មីៗ ផ្ដល់ដោយសម្ភារះទាំងនោះ។ ល្បែងហ្គេមខ្លះ នឹងជួយអោយយុវជន ចេះសម្លឹងឃើញ និងប្រើនូវការសម្រេចចិត្តភ្លាមៗ ជាមួយនឹងការវិន្និច្ឆ័យរបស់ខ្លួន ក្នុងពេលជាមួយគ្នានោះ។
ប៉ុន្តែគេត្រូវបង្កើតការប្រុងប្រយ័ត្ន នូវសម្ភារះឬល្បែងហ្គេមខ្លះ ដែលយុវជនត្រូវប្រើ និងត្រូវដឹងថា ត្រូវលេងវា ឬប្រើប្រាស់តាមរបៀបដូចម្ដេច។ ការចូលទៅលេងអ៊ីនធើណែតច្រើនពេក ក៏នឹងបង្កើតអោយយុវជនមាន«គំនិតចម្រុះ»ច្រើនជ្រុល លើលពីអ្វីដែលការចង់ចាំ របស់មនុស្សធម្មតាមាន ហើយបង្កអោយគ្មានគោលជំហរក្នុងខ្លួនទៅវិញ។ គេត្រូវពន្យល់អោយយុវជនដឹងពីគ្រោះថ្នាក់ ដែលអាចកើតមានតាមបណ្ដាញសង្គម ឬតាមរូបភាព រូបថត ឬវីដេអូ ការផ្ញើរសារ ឬអ្វីក៏ដោយ ដែលចេញពីបច្ចេកវិទ្យាទំនើបៗ តែអាចនឹងជះឥទ្ធិពលអាក្រក់មកម្ចាស់ខ្លួន ឬអ្នកចូលរួមទាំងនោះ។
៧- ស្គាល់ពីចំនុចត្រូវប្រុងប្រយ័ត្ន
នៅពេលសង្កេតឃើញ មានបញ្ហាគេងមិនលក់ ពិបាកក្នុងការផ្ចង់អារម្មណ៍ ...ឬលទ្ធផលនៅការសិក្សាធ្លាក់ចុះរបស់កុមារ ឪពុកម្ដាយឬអ្នកចិញ្ចឹមអប់រំ ត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេឡើង និងត្រូវស្វែងរកពីឬសគល់នៃ ចំនុចអវិជ្ជមានទាំងនេះ។ រឿងខ្លះយើងអាចដោះស្រាយបាន ឬងាយដោះស្រាយបានភ្លាមៗ នៅពេលបញ្ហាកើតខុសពី«ធម្មតា» ពីដំបូងទី ដែលខុសពីការទុកបញ្ហា រហូតឡើងទុំជោរខ្លាំងនោះ។
ប៉ុន្មានចំនុចខាងលើ ជារឿងដែលសំខាន់សម្រាប់ការចិញ្ចឹមបីបាច់កុមារ តាមដំណាក់កាល នៅក្នុងសម័យកាលទំនើបរបស់យើង។ តែទោះជាយ៉ាងណាក៏ដោយ ក៏សូមកុំភ្លេចថា អ្វីដែលសំខាន់ជាងនេះ គឺ«ភាពកក់ក្ដៅ» និង«ការយល់ចិត្ត» ដែលកុមារត្រូវទទួលបានពីក្រុមគ្រួសារ ឬពីមជ្ឈដ្ឋានដែលកុមារកំពុងរស់នៅជាមួយ តែគេមិនត្រូវបំពាក់ទៅអោយកុមារ នូវសម្ភារះពោរពាស ទៅតាមសម័យកាល ទាំងខុសទំនងនោះទេ៕
----------------------------------------
ដោយ៖ ដ.កែវ - ប៉ារីស ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ