យន្ដហោះប្ដូរផ្លូវ ព្រោះមានការគម្រាមពី«គ្រាប់បែក?»
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣០ មិថុនា ២០១៥
- កែប្រែចុងក្រោយ: July 01, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះប៊ូអីង (Boeing 737) របស់ក្រុមហ៊ុនអាកាសចរណ៍កាណាដា «WestJet» ដែលជាជើងហោះហើរក្នុងស្រុក លេខ WS442 ហោះភ្ជាប់ក្រុង «Edmonton» និងក្រុង «Toronto» ត្រូវបានប្ដូរផ្លូវ ឆ្ពោះទៅកាន់ព្រលានយន្ដហោះ ក្រុង «Winnipeg» ក្រោមមូលហេតុ មានការគម្រាមមួយ។ នេះជាការប្រកាស របស់ក្រុមហ៊ុនអាកាសចរណ៍ខ្លួនឯង នៅក្នុងគណនីទ្វីសធើរផ្លូវការរបស់ខ្លួន នៅវេលាម៉ោងប្រមាណជិត ២២ (ម៉ោងក្នុងស្រុក) យប់ថ្ងៃចន្ទ។ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់លំអិត ថាតើការគម្រាមនោះ ជាអ្វី និងបណ្ដាលមកពីអ្វីនោះឡើយ។
បន្ទាប់ពីបានចុះចត នៅក្នុងក្រុង «Winnipeg» ក្រុមហ៊ុនបានរាយការណ៍ទៀតថា អ្នកដំណើរទាំង៥៤នាក់ និងបុគ្គលិកលើយន្ដហោះ ៥នាក់ ត្រូវបានជម្លៀសចេញពីយន្ដហោះ ដោយមានជំនួយការ ពីផ្នែកសុវត្ថិភាពព្រលានយន្ដហោះនោះផង។
ពោងសង្គ្រោះរបស់យន្ដហោះ ត្រូវបានពន្លា នៅតាមច្រកទ្វាយន្ដហោះ ដើម្បីរំដោះមនុស្សចេញ ហើយនៅក្នុងការរំដោះមនុស្ស ជាបន្ទាន់នេះ អ្នកដំណើរ៦នាក់ បានរងរបួសស្រាល។
ចាកចេញពីក្រុង «Edmonton» ផ្នែកខាងលិចនៃប្រទេសកាណាដា នៅម៉ោង១៨ និង០៥នាទី យន្ដហោះនេះត្រូវមកចុះចត ៣ម៉ោងក្រោយមក នៅព្រលានយន្ដហោះ ក្រុង«Toronto» ភាគខាងកើតនៃប្រទេស។ តែយន្ដហោះ បានចាប់ផ្ដើមប្ដូរទិសដៅរបស់ខ្លួន នៅពេលដែលហោះនៅពីលើក្រុង «Manitoba» និងបានទៅចុះចតនៅព្រលានយន្ដហោះ ភាគអាគ្នេយ៍នៃក្រុង«Winnipeg»។
នៅក្នុងយប់ថ្ងៃដដែលនោះ នគរបាលក្រុង បានចូលមកឆែកឆេរគ្រប់កន្លែងទាំងអស់ នៃតួយន្ដហោះ។ ដំណឹងក្រៅផ្លូវការមួយ បានឲ្យដឹងថា ការគម្រាមនោះ មានជាប់ទាក់ទងនឹងការដាក់គ្រាប់បែកមួយ ប្រឆាំងនឹងយន្ដហោះរបស់ក្រុមហ៊ុន។
ដំណឹងទើបនឹងធ្លាក់មកថ្មីទៀត បានឲ្យដឹងដែរថា យន្ដហោះមួយគ្រឿងទៀត ដែលហោះចេញពីក្រុង «Toronto» ឆ្ពោះទៅកាន់ក្រុង «Saskatoon» បានរងនូវការគម្រាមដូចគ្នា នៅវេលាយប់ម៉ិញនេះ ធ្វើឲ្យយន្ដហោះត្រូវចុះចត នៅក្រុង«Saskatoon» ជាបន្ទាន់ នៅនឹងកណ្ដាលព្រលានយន្ដហោះ។ ទាំងអ្នកដំណើរ និងបុគ្គលិបម្រើការទាំងអស់ បានចុះពីយន្ដហោះតាមជណ្ដើរ និងជិះរថយន្ដក្រុងបន្ត ដើម្បីមកដល់អាគារព្រលានយន្ដហោះ៕
» ព្រឹត្តិការណ៍ជម្លៀសមនុស្ស ចេញពីយន្ដហោះ ជាវីដេអូ៖