ពូទីន នឹងចេញពីតំណែងនៅឆ្នាំ២០២៤ តែមិនអស់អំណាចទេ!
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ ឧសភា ២០១៨
- កែប្រែចុងក្រោយ: May 28, 2018
- ប្រធានបទ: នយោបាយរ៉ូស្ស៊ី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន (Vladimir Poutine) អាចនឹងមិនទទួលឯកត្តកម្ម ជាមេដឹកនាំដែលស្ថិតក្នុងតំណែងយូរជាងគេ ក្នុងពិភពលោកទេ តែលោកអាចទទួលឯកត្តកម្ម ថាជាបុរសខ្លាំងរ៉ូស្ស៊ី ដែលមានអំណាចយូរជាងគេ។ លោក ពូទីន នឹងចេញពីតំណែងជាប្រធានាធិបតី នៃសហព័ន្ធរ៉ូស្ស៊ី ហើយអាចមកធ្វើជានាយករដ្ឋមន្ត្រី ជាថ្មីឡើងវិញ ដូចដែលលោកបានធ្វើរួចហើយ កាលពីឆ្នាំ២០០៨។
ខាងលើនេះ ជាការបង្ហើបឲ្យដឹងរបស់លោក វ្លាឌីមៀរ ពូទីន កាលពីចុងសប្ដាហ៍នេះ នៅក្នុងវេទិកាសេដ្ឋកិច្ច ក្រុងស៊ាំងភេធើស្បួរ (Saint-Pétersbourg - ភាគខាងលិចរ៉ូស្ស៊ី) តបនឹងសំនួរបស់អ្នកកាសែត ដែលចង់ដឹងថា តើលោកនឹងពិតជាចាកចេញ ពីតំណែងជាប្រធានាធិបតី នៅឆ្នាំ២០២៤ ចុងអាណត្តិនេះ ឬយ៉ាងណា។
បុរសខ្លាំងរ៉ូស្ស៊ី បានថ្លែងឡើងថា៖ «ខ្ញុំតែងតែគោរព និងនៅតែគោរពរដ្ឋធម្មនុញ្ញ របស់ប្រទេសរ៉ូស្ស៊ី។ នៅក្នុងរដ្ឋធម្មនុញ្ញ បានចែងយ៉ាងច្បាស់ថា មិនអាចកាន់តំណែង លើសពី២អាណត្តិជាប់គ្នាបានទេ។ នៅថ្ងៃនេះ ខ្ញុំកំពុងកាន់តំណែង ក្នុងអាណត្តិទីពីររបស់ខ្ញុំ។»។
លោកបានយកឧទាហរណ៍ ក្នុងឆ្នាំ២០០៨មកបញ្ជាក់ថា កាលនោះលោកបានចាកចេញ ពីតំណែងជាប្រធានាធិបតី ដើម្បីក្លាយជានាយករដ្ឋមន្ត្រី មុននឹងក្លាយជាប្រធានាធិបតីឡើងវិញ នៅ៤ឆ្នាំក្រោយមក។
នៅចំពោះសំនួរបស់អ្នកកាសែត ដែលបន្តសួរពីអនាគតរបស់លោក ក្នុងឆ្នាំ២០២៤ ថាលោកអាចក្លាយជានាយករដ្ឋមន្ត្រីជាថ្មី ដូចឆ្នាំ២០០៨ឬទេ? លោក ពូទីន បានឆ្លើយថា៖ «ខ្ញុំបានចេញពីតំណែងជាប្រធានាធិបតី ព្រោះរដ្ឋធម្មនុញ្ញមិនអនុញ្ញត ឲ្យឈរឈ្មោះជាលើកទី៣។ ចម្លើយខ្ញុំ មានតែប៉ុណ្ណឹងទេ ហើយខ្ញុំក៏ត្រៀមខ្លួនរួចជាស្រេចដែរ ថានឹងគោរពគោលការណ៍នេះ នៅថ្ងៃខាងមុខ។»។
លោក វ្លាឌីមៀរ ពូទីន ដែលមានអតីតភាព ជាភ្នាក់ងារគិញសម្ងាត់រ៉ូស្ស៊ី (KGB) បានក្លាយជាប្រធានាធិបតី នៅឆ្នាំ២០០០ និងបានកាន់តំណែងនេះ អស់រយៈពេល២អាណត្តិ រហូតដល់ឆ្នាំ២០០៨។ មកដល់ឆ្នាំនោះ លោកបានផ្អាកការឈរឈ្មោះ ដោយទុកឲ្យមនុស្សជំនិតរបស់លោក គឺលោក ឌីមីទ្រី ម៉េវើដេវ (Dmitri Medvedev) ឡើងធ្វើជាប្រធានាធិបតីម្ដង ខណៈរូបលោក ចុះមកធ្វើជានាយករដ្ឋមន្ត្រីវិញ។ បន្ទាប់មកនៅឆ្នាំ២០១២ លោក ពូទីន បានត្រឡប់មកធ្វើជាប្រធានាធិបតីជាថ្មីឡើងវិញ ហើយទើបនឹងបានបន្តមួយអាណត្តិទៀត នៅក្រោយការបោះឆ្នោត ក្នុងខែមីនា ឆ្នាំ២០១៨កន្លងទៅ។
ក្នុងឆ្នាំ២០២៤ ដែលជាឆ្នាំចុងបញ្ចប់ នៃអាណត្តិប្រធានាធិបតី លោក វ្លាឌីមៀរ ពូទីន នឹងមានអាយុ ៧១ឆ្នាំ។ កាលពីខែមីនាមុន លោកបានឆ្លើយទៅនឹងសំនួរអ្នកកាសែត ជុំវិញលទ្ធភាពបន្តអាណត្តិរហូតដល់ឆ្នាំ ២០៣០ ដូច្នេះថា៖ «អ្នកឯងត្រូវសើចសប្បាយហើយ! តើឲ្យខ្ញុំត្រូវធ្វើដូម្ដេច? នៅអញ្ចឹងរហូតដល់ អាយុ១០០ឆ្នាំឬ? មិនអញ្ចឹងទេ។»៕