នៅ​ពេល អូបាម៉ា រំភើប​នឹង​សំបុត្រ​របស់​កុមារ​​អាមេរិក​ម្នាក់...

កុមារជាតិអាមេរិកាំងម្នាក់នេះ មានបំណងចង់ទទួល មករស់នៅក្នុងសហរដ្ឋអាមេរិក នូវកុមារជាតិស៊ីរីមួយរូប ដែល​ត្រូវ​បាន​ថត​រូប​ផ្សាយ នៅពាសពេញពិភពលោក បន្ទាប់ពីហេតុការណ៍​ទម្លាក់​គ្រាប់​បែក​ដ៏​រន្ធត់​មួយ កាល​ពី​ខែ​សីហា​កន្លង​ទៅ។ វឿងរ៉ាវ ដែលបង្កការរំភើបចិត្ត នៅសេតវិមាន និងក្នុងអង្គមហាសន្និបាតទាំងមូល នៃ​អង្គការ​សហ​ប្រជា​ជាតិ។
ពីឆ្វេងទៅស្ដាំ៖ កុមារអាមេរិកាំង អេឡិច និងកុមារស៊ីរី អ៊ុំរ៉ាន។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៣ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 23, 2016
  • ប្រធានបទ: សង្គ្រាមស៊ីរី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងរ៉ាវ បានបង្កការរំភើបចិត្ត ដល់អង្គមហាសន្និបាតទាំងមូល នៃអង្គការសហប្រជាតិ កាលពីម្សិលម៉ិញ បន្ទាប់​ពី​ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានឡើងថ្លែង​រៀបរាប់ ពីរឿងនេះ នៅ​លើ​វេទិការ នៃមហាសន្និបាតនេះរួច។ បន្ទាប់ពីនោះរួច គេហទំព័ររបស់សេតវិមាន បានយកសំបុត្រនោះ មក​បង្ហោះ​ផ្សាយ ហើយទទួលបានការស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់​បណ្ដាញ​អ៊ិនធើណែត។ តើមាន​រឿ​​​​ងអ្វីឬ?

គេត្រូវរំលឹកឡើង ពីហេតុការណ៍ដ៏រន្ធត់មួយ កាលពីខែសីហាកន្លងទៅ ខណៈពេលដែល​​កុមារ​ជាតិ​អាមេរិកាំង ដែលមានអាយុ៦ឆ្នាំមួយរូប បាននៅពីមុខកញ្ចក់ទូរទស្សន៍ ហើយបានទស្សនារូបភាព ដ៏ខ្លោចផ្សារ​របស់​កុមារ​ជាតិ​ស៊ីរី​ម្នាក់ ឈ្មោះ «អ៊ុំរ៉ាន (Omran)» បន្ទាប់ពីការទម្លាក់គ្រាប់បែក ទៅលើលំនៅដ្ឋាន​របស់​កុមារ​ទាំង​កណ្ដាល​រាត្រី ក្នុងក្រុងអាឡិប (Alep) ស្ថិតក្នុងភាគពាយ័ព្យ នៃប្រទេសស៊ីរី។ រូបភាព (ទាំងរូបថត ទាំងវីដេអូ) នោះ ត្រូវ​បាន​ផ្តិត​ជាប់ នៅពេលដែលកុមារ អ៊ុំរ៉ាន អាយុ៥ឆ្នាំ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ ជួយលើកចេញ ពីគំនរ​អាគារ​​បែក​បាក់ ហើយដិតដាមនៅលើផ្ទៃមុខ និងដងខ្លួន ដោយធូលី ឈាម និងភាពតក់ស្លុត។

៤ថ្ងៃ ក្រោយពីរូបភាពនោះ ត្រូវបានផ្សាយ នៅពាសពេញពិភពលោករួច កុមារអាមេរិកាំង​ដែលមានឈ្មោះ អេឡិច (Alex) រស់នៅក្រុងញ៉ូយក បានចាប់ប៊ិចមកសរសេរជាសំបុត្រមួយ ទៅកាន់ប្រធានាធិបតីរបស់ខ្លួន។ សេចក្ដីសំបុត្រនោះ មានជាអាថ៌​ដូច្នេះ៖ «លោកប្រធានាធិបតី អូបាម៉ា ជាទីគោរព។ តើលោកមាននៅចាំឬទេ ពីកុមារម្នាក់​ដែល​ត្រូវ​ជួយ​សង្គ្រោះ ដោយរថយន្ដគិលានសង្គ្រោះ នៅក្នុងប្រទេសស៊ីរី? តើលោកអាច ទៅយកកុមារនោះ មកនៅ​ក្នុង​ផ្ទះ​ជា​មួយ​ខ្ញុំ? យើងនឹងរង់ចាំលោក នៅទីនេះ ជាមួយនឹងទង់ជាតិ ផ្កា និងប៉េងប៉ោងជាច្រើន។ យើងនឹងចាត់​ទុក​កុមារ​នោះ ដូចជាគ្រួសារតែមួយ ហើយដូចជាប្អូនប្រុសរបស់យើង។»។

កុមារ អេឡិច បានបញ្ជាក់ទៀតថា កុមារនឹងឲ្យលោក អូបាម៉ា ខ្ចីនូវកង់របស់ខ្លួន ហើយបង្រៀន​លោក​ប្រធានា​ធិបតី ឲ្យចេះជិះថែមទៀត ដោយកុមារបានគិតថា លោកអូបាម៉ា ទំនងជាលែងមានកង់ជិះ និងលែងចេះ​ជិះ​កង់​អស់​ហើយ។ មិនត្រឹមតែប៉ុណ្ណឹងទេ កុមារអាមេរិកាំងរូបនេះ នៅបានបន្តថា ប្អូនស្រីរបស់ខ្លួន នាង​តូច ខាថឺរីន (Catherine) ក៏នឹងចែករំលែក​ល្បែងលេង ជាមួយប្រធានាធិបតីអាមេរិក ដូចខ្លួនដែរ។

អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ិនធើណែត បានធ្វើការសាទរកុមារ អេឡិច ដែលមានវ័យ​នៅតូចនៅឡើយ តែបែរ​មាន​«មនុស្សធម៌ សេចក្ដីស្រឡាញ់ និងការយល់ដឹង» ច្រើនជាងមនុស្សធំជាច្រើននោះផង។ នៅក្នុងមហា​សន្និបាត របស់អង្គការ​សហប្រជាជាតិ លោក បារ៉ាក់ អូបាម៉ា បានបន្ថែមពីលើនេះ ដោយលោកសុំអញ្ជើញ មនុស្ស​«ធំៗ»​ទាំងឡាយ ឲ្យបំភ្លេចនូវគំនុំ និងការប្រកាន់​នូវការយកឈ្នះ​រៀងៗខ្លួន ហើយត្រឡប់មករក សមាន​ចិត្ត​ដ៏​ថ្លៃថ្លា ដូច​កុមារតូចៗទាំងនេះ បានធ្វើដូចខាងលើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...