ម៉ែន ណាត ប្រាប់ ហ៊ុន ម៉ាណែត ឲ្យ«ប្ដឹងយកកោះត្រល់វិញ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 01, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទះដៃមួយចំហៀង មិនឮទេ ! បើមានការបបួលភ្នាល់ ពីលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនឹងលក្ខខណ្ឌមួយចំនួននោះ ពេលនេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពីប្រទេសន័រវេស៍ ក៏បានលើកឡើងពីលក្ខខណ្ឌចំនួន៣ តបទៅលោក ម៉ាណែត វិញដែរ។ លក្ខខណ្ឌទាំងបីនេះ សុទ្ធសឹងទាក់ទង នឹងសំនុំរឿងព្រំដែន ខ្មែរ-យួន ដ៏រសើប។
ដើម្បីបំពេញលក្ខខណ្ឌទាំងបី លោក ម៉ែន ណាត ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីនោះ បានទុកពេល ៤ សប្តាហ៍ ឲ្យកូនប្រុសច្បងនាយករដ្ឋមន្ត្រី។ លោក ម៉ែន ណាត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ពីលក្ខខណ្ឌទាំងបីនោះ ក្នុងការដកស្រង់ទាំងស្រុង ដូចខាងក្រោម៖
១) ត្រូវយកបង្គោលព្រំដែន កម្ពុជា-វៀតណាមទាំង ១២៤ (ស្របតាមអនុសញ្ញាបារាំង កម្ពុជា និង កូសាំងស៊ីន ឆ្នាំ១៨៧៣) ដែលជាបង្គោលបន្សល់ទុកពីសម័យបារាំង មកដាក់ត្រង់កន្លែងដើមវិញទាំងអស់ ដូចដែលសម្តេចតា នរោត្តម សីហនុ បានស្នើទៅលោក ហ៊ុន សែន និងសម្តេចក្រុមព្រះ កាលពីឆ្នាំ១៩៩៣-១៩៩៤។
២) ត្រូវដកចោលបង្គលព្រំដែនថ្មី ទាំងអស់ បោះចោល ពីព្រោះវាបោះចូលក្នុងទឹកដីខ្មែរ តាមសន្ធិសញ្ញាព្រំដែនបន្ថែម ឆ្នាំ២០០៥ រួមទាំងត្រូវដកបង្គោលព្រំដែន នៅក្នុងស្រុកភូមិកំណើតរបស់លោកតា ហេង សំរិន នៅត្បូងឃ្មុំផង។
៣) ត្រូវចាប់ផ្តើមប្តឹងផ្តល់ ទៅតុលាការអន្តរជាតិ ទាមទារយក កោះត្រល់ និង កោះក្រចកសេះ មកឲ្យខ្មែរវិញ។ រឿងនេះគឺ ឪពុករបស់ ម៉ាណែត ជាអ្នកចុះសន្ធិសញ្ញាព្រំដែនទឹក ជាមួយ វៀតណាម ខែកក្កដា ឆ្នាំ១៩៨២។
កាលពីម្សិលម៉ិញ លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្ដាញសង្គម បបួលលោក ម៉ែន ណាត ភ្នាល់ដាក់ទឹកប្រាក់២០០លានដុលារ និងបញ្ចប់ជីវិតនយោបាយរបស់ខ្លួន បន្ទាប់ពីលោក ម៉ែន ណាត តែងបង្ហោះសារម្ដងហើយម្ដងទៀត នៅលើបណ្ដាញសង្គមថា លោក ហ៊ុន ម៉ាណែត បានលាក់ប្រាក់ ២០០លានដុល្លារនោះ នៅក្នុងធនាគារ បេអិនប៉េ (BNP) និងបានចូលរួមដេញថ្លៃ ក្នុងតម្លៃជាង៥០លានអ៊ឺរ៉ូ យកអាគារទីស្នាក់ការ របស់គណបក្សសង្គមនិយម ក្នុងប្រទេសបារាំង។ កូនប្រុសនាយករដ្ឋមន្ត្រី បានឲ្យពេលទៅលោក ម៉ែន ណាត ២សប្ដាហ៍ ដើម្បីបង្ហាញពីភស្ដុតាង នៃការលើកឡើងខាងលើ ឬបើមិនដូច្នេះទេ លោក ម៉ែន ណាត ត្រូវធ្វើលិខិតសុំទោស និងបញ្ចប់ជីវិតនយោបាយរបស់ខ្លួនដូចគ្នា។
«បោកក្មេង»
ការបបួលភ្នាល់ ខាងលើ ត្រូវបានលោក ម៉ែន ណាត បដិសេធភ្លាមៗ ដោយលើកយកហេតុផលថា៖ «ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់គេ រួមទាំងអាមេរិក គេចេះស៊ើបអង្កេត រឿងលុយកាក់របស់ត្រកូល ហ៊ុន ហើយ។ ហេតុនេះ ម៉ាណែត! ពួកយើងមិនបាច់ភ្នាល់ យកឈ្នះចាញ់គ្នាទេ។»។
រីឯលោក ប៉ាង សុខឿន ដែលមានរហស្សនាម «ខ្មែរ សុវណ្ណភូមិ» បានចាត់ទុកការបបួលភ្នាល់ របស់លោក ហ៊ុន ម៉ាណែត ថាធ្វើឡើង គ្រាន់ដើម្បី«បោកក្មេង» និងបោកអ្នកគាំទ្រឲ្យជឿ ទាំងគ្មានការពិចារណាប៉ុណ្ណោះ។ លោក ប៉ាង សុខឿន ដែលរស់នៅក្នុងប្រទេសន័វេស៍ដែរ បានសរសេរពន្យល់ ជំនួសលោក ម៉ែន ណាត នៅលើបណ្ដាញសង្កមថា ការភ្នាល់នេះ មិនអាចកើតឡើងបានឡើយ ព្រោះ«ហ៊ុន ម៉ាណែត ដឹងថា លោក ម៉ែន ណាត មិនអាចធ្វើបាន» ខណៈការស្នើសុំរកឯកសារធនធានរបស់នរណាម្នាក់ ពីធនាគារនៅបស្ចឹមលោក មិនមែននរណាៗ ក៏ចេះតែអាចចូលទៅយក ឬចូលទៅមើល បានដោយគ្មានច្បាប់ទម្លាប់នោះទេ។
«លើកទង់ជ័យស»
សម្រាប់លោក ហ៊ុន ម៉ាណែត វិញ បានចំអកចំពោះការបដិសេធ របស់លោក ម៉ែន ណាត ថាជាការ«លើកទង់ជ័យស ចុះចាញ់»យ៉ាងលឿន និងបានចាត់ទុកហេតុផល នៃការបដិសេធនេះ គឺជាការសារភាពថា លោក ម៉ែន ណាត និងក្រុមរបស់លោក មិនមាន«ភស្តុតាងពិតប្រាកដ»ឡើយ ចំពោះសំនុំរឿងលាក់ប្រាក់ ២០០លានដុល្លារ នៅឯធនាគារ និងការដេញថ្លៃអាគារទីស្នាក់ការគណបក្សសង្គមនិយម នៅក្នុងប្រទេសបារាំង។
ប៉ុន្តែលោក ម៉ែន ណាត មិនប្រាកដថា បានលើកទង់ជ័យសនោះទេ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ បានប្រាប់លោក ហ៊ុន ម៉ាណែត ឲ្យរង់ចាំដល់ប្រទេសកម្ពុជា មានមេដឹកនាំជាតិ«ល្អ»ជាមុនសិន និងបញ្ជោះឲ្យកូនប្រុសនាយករដ្ឋមន្ត្រី គួរបំពេញលក្ខខណ្ឌទាំង ៣ ខាងលើរបស់លោក ដែលសុទ្ធសឹងជាលក្ខណៈ ងាយនឹងធ្វើបាន ព្រោះលោក ហ៊ុន ម៉ាណែត មានឪពុកដែលអង្គុយក្នុងតំណែង តាំងពីជាង ៣០ ឆ្នាំ ហើយមាន«ទំនាក់ទំនងល្អ ជាមួយវៀតណាមស្រាប់ផង»។
លោក ម៉ែន ណាត បានសរសេរបន្តថា៖ «បើ ម៉ាណែត មិនអាចធ្វើកិច្ចការនេះបានទេ គឺថារឿងភ្នាល់គ្នានេះ ត្រូវរងចាំដល់កម្ពុជា មានអ្នកដឹកនាំល្អ ជាមុនសិន។ ដល់ពេលនោះ ខ្ញុំនឹងយកឯកសារពាក់ព័ន្ធរឿងលុយកាក់ របស់ក្រុមគ្រួសារម៉ាណែត ដែលផ្ញើនៅក្រៅប្រទេសទាំងអស់ ជូន ម៉ាណែត ជាទីពេញចិត្តតែម្តង។»៕