នាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត្រា សម្រេចរំលាយរដ្ឋសភា
លោកស្រី យីងឡាក់ នាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានសម្រេចចិត្តប្រកាសរំលាយសភារបស់ខ្លួន នៅព្រឹក ថ្ងៃចន្ទ ទី៩ នេះដោយទុកពេលសម្រាប់ការបោះឆ្នោត ជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកស្រីនឹងនៅជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូតមានរដ្ឋាភិបាលថ្មី។
នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងតាមកញ្ចក់ទូរទស្សន៍ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត ចម្លងពីអេក្រង់វីដេអូ)
នយោបាយថៃ - លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានទូលថ្វាយទៅព្រះមហាក្សត្រថៃ ពីសេចក្ដីសម្រចរបស់លោកស្រី រំលាយរដ្ឋសភាជាតិថៃ នៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះ ហើយនឹងរៀបចំធ្វើការបោះឆ្នោតសារជាថ្មីឡើងវិញ។ គេនៅមិនទាន់ដឹងថា ថ្ងៃបោះឆ្នោត នៅធ្វើនៅថ្ងៃណានៅឡើយ។ ប៉ុន្តែលោកស្រីបានថ្លែងនៅតាមកញ្ចក់ទូរទស្សន៍ ថាលោកស្រីនឹងពិគ្រោះជាមួយគណកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ ដើម្បីកំណត់ថ្ងៃបោះឆ្នោត ឲ្យបានលឿនបំផុត តាមដែលអាចធ្វើបាន។
ប្រភពពីបណ្ដាញទូរទស្សន៍ស៊ីអ៊ិនអ៊ិន បានឲ្យដឹងថា នៅមុនថ្ងៃចម្រើនព្រះជន្មរបស់ព្រះបាទ ភូមិបុល អាដុលយ៉ាដេត ដែលជាព្រះមហាក្សត្រអាទិទេពរបស់ប្រទេស និងប្រជាជនថៃនោះ លោកស្រី យីងឡាក់ ត្រូវបានក្រុមបាតុករប្រឆាំង ដឹកនាំលោកស៊ូថេប ថោងសូបាន (Suthep Thaugsuban) មកពីគណបក្សប្រឆាំង បានទាមទារឲ្យ រំលាយសភាចោល ជាច្រើនដង និងថែមទាំងដាក់ឱសានវាទជាច្រើនដងថែមទៀត។
បាតុកម្មរបស់ក្រុមប្រឆាំងនឹងលោកស្រី យីងឡាក់ ត្រូវបានផ្អាកមួយរយៈ ក្រោមការអំពាវនាវរបស់លោកស្រីផ្ទាល់ និងដោយមានការយល់ព្រមរបស់គណបក្សប្រឆាំងផង ដើម្បីបង្កបរិយាកាសល្អ និងរៀបចំពិធីចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ។ កម្លាំងរបស់ក្រុមបាតុកម្ម ទំនងជាបានកើនខ្លាំងឡើងវិញបន្ទាប់ពីរាជពិធីចម្រើនព្រះជន្ម បានបញ្ចប់។
បន្ទាប់ពីបានប្រកាសរំលាយសភាហើយ លោកស្រីក៏បាននិយាយដែរថា លោកស្រីនៅតែជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន រហូតទាល់តែមានការបោះឆ្នោតជ្រើសតាំងគណៈរដ្ឋមន្ត្រីថ្មី។
ដោយឡែក លោកស៊ូថេប បាននិយាយដែរថា ការរំលាយសភានេះ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ លុះត្រាណាតែ ឥទ្ធិពលរបស់លោកថាក់ស៊ីន ត្រូវបានបាត់បង់ពីប្រទេសថៃ៕
-------------------------------------------
ដោយ៖ ក. គីមហេង - ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ