ចំនួនកូដករថយចុះ ខណៈកំពុងរងចាំចចារ ទាមទារ៦ចំណុច
នៅថ្ងៃចន្ទទី៣០ ខែធ្នូខាងមុខនេះ នឹងមានការជួបគ្នាសារជាថ្មីទៀត រវាងតំណាងរបស់ក្រសួងការងារ និងតំណាងមកពីសហជីពដែលមិនយល់ស្រប ការប្រកាសតម្លើងប្រាក់ឈ្នូលដ៏តិចតួច របស់រដ្ឋមន្រ្តីក្រសួងការងារ កាលពីថ្ងៃទី២៤ ខែធ្នូរកន្លងទៅនេះ។ ទំនងជាកំពុងរងចាំថ្ងៃចចារនោះហើយ ទើបចំនួនកម្មករដែលចួលរួមធ្វើបាតុកម្មនៅថ្ងៃនេះ បានថយចុះជាងថ្ងៃមុនៗ។
ក្រុមកម្មករ ដែលបានធ្វើកូដកម្មនៅមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាផ្លូវជាតិលេខ៤ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
រលកបាតុកម្ម - បន្ទាប់ពីកិច្ចពិភាក្សាររបស់តំណាងសហជីពទាំងប្រាំមួយ ដែលបានចូលរួមប្រជុំជាមួយតំណាងក្រសួងការងារនៅថ្ងៃទី២៧ ខែធ្នូនេះរួចមក ក្រុមសហជីពទាំងនោះបានប្រកាសថា ពួកខ្លួនមិនទទួលបានជាលទ្ធផលអ្វីនោះទេ ក្រៅតែរដ្ឋមន្រ្តីបានទទួលសំណើរ របស់កម្មករក្នុងការទាមទារប្រាក់ខែគោល១៦០ដុល្លារនោះតែប៉ុណ្ណោះ។ ក្រុមសហជីពបានឲ្យដឹងទៀតថា ទាល់តែ ថ្ងៃច័ន្ទ ទី៣០ ខែធ្នូខាងមុខនេះ ទើបមានការពិភាក្សាគ្នាម្តងទៀត អំពីរឿងប្រាក់ខែនេះ។ តែក្រសួងសំណូមពរ អោយខាងសហជីបបញ្ឈប់ការធ្វើបាតុកូដកម្ម និងស្នើឲ្យកម្មករចូលធ្វើការវិញ។ សម្រាប់សហជីពវិញ ពួកគេនៅតែប្រកាន់បង្ហាញជំហរថា នឹងបន្តធ្វើបាតុកម្ម រហូតរដល់ថ្ងៃទី៣០ ដែលជាថ្ងៃចចារ។
តែទោះជាយ៉ាងណាក៏ដោយ ក៏ថ្ងៃនេះដែរនៅសួនកាដាឌីយ៉ា កម្មករដែលមានចំនួនថយចុះជាងថ្ងៃម្សិលមិញនោះ បានកំពុងធ្វើបាតុកម្ម ដោយមានចាក់ធុងបាសកម្សាន្ដនៅលើដងផ្លូវនៅឡើយ។ លោក លីវ ថារីន ប្រធានសហព័ន្ធសហជីពយុវជនឯករាជ្យ ដែលកំពុងចូលរួមធ្វើបាតុកម្ម ជាមួយកម្មករនៅមុខរោងចក្របានថ្លែងថា «ថ្ងៃនេះកម្មករមានចំនួនតែពីរម៉ឺននាក់នោះទេ ដែលចំនួននេះថយចុះជាងថ្ងៃម្សិលមិញ ដោយសារតែថ្ងៃនេះ យើងមិនមានការហែរនោះទេ គ្រាន់តែធ្វើនៅមុខសួន»។ លោកបានបញ្ជាក់បន្ថែមថា «បើថ្ងៃច័ន្ទចចារមិនបានសម្រេចទេនោះ ថ្ងៃទី២ មករា ២០១៤ហ្នឹង យើងនឹងដឹកនាំកម្មករធ្វើមហាកូដកម្មទូទាំងប្រទេសតែម្តង»។
លោកបានប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូអោយដឹងទៀតថា «បើខាងនិយោជក់ អាចតម្លើងលើសពី៩៥ដុល្លា ដែលអាចបានប្រហែល១០០ដុល្លាលើសតិចតួច កម្មករនឹងចូលធ្វើការវិញ»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ នាយិកាសម្ព័ន្ធសហជីបកម្ពុជា ដែលកំពុងដឹកនាំកម្មករធ្វើបាតុកម្ម នៅមុខរោងចក្រម៉េតហតធេន ខេត្តកំពង់ចាម ក៏បានទទួលស្គាល់ដែរថា «ថ្ងៃនេះកម្មករមានចំនួនថយចុះជាងថ្ងៃម្សិលមិញ ដោយសារតែការដើរក្បួនម្សិលមិញ ក៏ដូចជាប៉ុន្មានថ្ងៃមុនធ្វើអោយកម្មករអស់កំលាំង ហេតុដូច្នេះថ្ងៃនេះគាត់ឈប់សំរាក»។
«ទោះបីមានការថយចុះក៏ពិតមែន តែកម្មករនៅមានទឹកចិត្តមិនរាថយ គាត់នៅបន្តធ្វើកូដកម្ម មិនចូលធ្វើការនោះដដែល។ ដូចថ្ងៃនេះអញ្ចឹង នៅផ្លូវជាតិលេខ៤ កម្មករនៅតែបន្តបិទផ្លូវ។» នេះបើតាមដឹងរបស់នាយិការូបនេះ។
ផ្ទុយពីការលើកឡើងរបស់ លោក លីវ ថារីន ខាងលើ អ្នកស្រី យ៉ាង សុភ័ណ្ឌ បានបដិសេធយ៉ាងដាច់ខាត់ថា «បើរដ្ឋាភិបាលមិនអាចផ្តល់ជូននូវលក្ខខណ្ឌ៦ចំនុច ដែលខាងកម្មករចង់បានទេនោះ ពួកយើងនឹងមិនព្រមឈប់ឡើយ។ លក្ខខណ្ឌទាំងប្រាំមួយចំនុចនោះគឺ ទីមួយ ទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លាក្នុងមួយ ទីពីរ បញ្ឈប់ការប្រើប្រាស់កិច្ចសន្យាការងារខ្លី ទីបី ទាមទារអោយថ្លៃអាហារសំរាប់កម្មករចំនួនបីពេល ទីបួន ស្នើអោយក្រុមហ៊ុនតំកល់លុយនៅរតនាគារជាតិ នៃធគានាជាតិកម្ពុជា ដើម្បីអោយនៅពេលក្រុមរត់ចោល យកលុយ (នេះ) មកបើកជូនកម្មករ ទីប្រាំ បញ្ឍប់កុំអោយមានអ្នកធំធ្វើជាខ្នងបង្អែក និងចំនុចទីប្រាំមួយចុងក្រោយគឺ ស្នើអោយមានការដោះស្រាយវិវាទនៅរោងចក្រ អេសអិល»៕
-------------------------------------------------------------
ដោយ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ