សង្គមស៊ីវិលបន្ទោសគ.ជ.ប ជាអ្នកទទួលខុសត្រូវ ធ្វើឲ្យការបោះឆ្នោតខ្វះយុត្តិធម៌
ភ្នំពេញៈ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជាដែលហៅកាត់ថា ខុមហ្រ្វែល បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានថា គ.ជ.ប ពុំមានទម្រង់ ១២០២ នៅគ្រប់មណ្ឌលបោះឆ្នោត សម្រាប់ប្រជាជនប្តឹង នៅក្នុងថ្ងៃបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៨ កន្លងមកនេះ រហូតបង្កឲ្យមានអំពើហឹង្សាកើតឡើង។
ការបោះឆ្នោតរបស់ពលរដ្ឋកម្ពុជា នៅមណ្ឌលវត្តវង្គត្តបូរី ថ្ងៃទី២៨ខែកក្កដា។ (រូបថត MONOROOM.info/ O.Vary)
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជាដែលហៅកាត់ថា ខុមហ្រ្វែលបានថ្លែងឲ្យដឹងថា លោកមានការសោកស្តាយចំពោះគ.ជ.ប ដោយសារនៅមុនពេលបោះឆ្នោត គ.ជ.បបាននិយាយ ថាមិនអីទេគេនឹងទុកទូរស័ព្ទ៣ទៅ៤ខ្សែ ដើម្បីឲ្យពលរដ្ឋទូរស័ព្ទមកប្តឹងបើមានបញ្ហាបញ្ជីឈ្មោះ ប៉ុន្តែនៅក្នុងថ្ងៃបោះឆ្នោត ហាក់ដូចជាកើតជាប្រព័ន្ធ ដោយសារនៅការរិយាល័យទាំងអស់ អត់មានទម្រង់១២០២។ លោកបានអះអាងថា ៖«ប្រជាពលរដ្ឋមានការអត់ធ្មត់ខ្លាំងណាស់ គាត់ចង់ប្រើប្រាស់សិទ្ធិ ក្នុងការប្តឹងដើម្បីទាមទារសិទ្ធិបោះឆ្នោតរបស់គាត់ ហើយពលរដ្ឋបានទូរស័ព្ទមកច្រើន សួរនាំខ្ញុំអំពីរឿងនោះ ហើយខ្ញុំក៏បានជម្រុញឲ្យប្តឹង ប៉ុន្តែរកពាក្យបណ្តឹងនោះអត់មានគ្រប់ការរិយាល័យ»។
លោកបានថ្លែងឲ្យដឹងទៀតថា ប្រសិនបើគ.ជ.បបានធ្វើទម្រង់១២០២នោះ គឺពិតជាពុំមានរឿងកើតឡើង រហូតដល់មានហឹង្សានោះទេ ហើយគ.ជ.ប គួរតែរៀបចំយន្តការមួយ ឲ្យបានតម្លាភាពនៅក្នុងបញ្ហាប្រជាពលរដ្ឋរកឈ្មោះមិនឃើញនោះ។ លោកបានពន្យល់ថា ៖«ខ្ញុំមានការសោកស្តាយ ហើយមិនដឹងថាគ.ជ.ប មានចេតនាយ៉ាងម៉េច ដោយខ្លួនឯងនិយាយថាត្រូវឲ្យមានពលរដ្ឋដាក់ពាក្យបណ្តឹង ប៉ុន្តែនៅថ្ងៃម្សិលម៉ិញនោះ គ្នាយើងខលនោះខលៗ អត់លើកនិងអត់ចូល ដូច្នេះត្រូវតែអង្កេតបញ្ហានេះឲ្យបានច្បាស់ បើមិនដូច្នេះទេយើងចោទប្រជាពលរដ្ឋប្រើអំពើហឹង្សា ឃាត់អ្នកនេះឃាត់អ្នកនោះ យើងមិនអាចចោទប្រជាពលរដ្ឋកើតទេ គឺជាការទទួលខុសត្រូវរបស់គ.ជ.ប»។
លោកធន់ សារាយ ប្រធានសមាគមអាដហុកបានថ្លែងឲ្យដឹងថា ដើម្បីបញ្ចៀសបញ្ហាទាំងអស់នេះបាន គឺអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ជាតិនិងអន្តរជាតិនាំគ្នាធ្វើយ៉ាងម៉េចឲ្យមានការកែទម្រង នូវសមាសភាពគ.ជ.ប ហើយប្រសិនបើមានការកែទម្រងថ្នាក់ជាតិ ក៏អាចនឹងមានការកែរទម្រងដល់ថ្នាក់ខេត្ត ភូមិ ឃុំ ប្រសិនបើមានតុល្យភាព នៃសមាសភាពយ៉ាងហោចណាស់ អាចនឹងមានតុល្យភាពនៅក្នុងការរៀបចំការបោះឆ្នោត ឲ្យមានលក្ខណៈយុត្តិធម៌ច្រើនជាងនេះ។ លោកបានឲ្យផ្ដល់គំនិតថា ៖ «យើងសុំអំពាវនាវឲ្យគ.ជ.ប សហការជាមួយអង្គការសង្គមស៊ីវិល ដើម្បីផ្តល់នូវឯកសារនានា ដែលចង់បានពីព្រោះឯកសារទាំងនោះ មិនត្រូវលាកលៀមនោះទេ ហើយប្រសិនបើមិនមានការសហការទេនោះ គឺជាបញ្ហាមួយដ៏ធំ»។
រីឯលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការ និកហ្វិកបានថ្លែងឲ្យដឹងថា ដើម្បីកុំឲ្យមានវិបត្តិបញ្ជីបោះឆ្នោតនេះ គឺ គ.ជ.ប ត្រូវទទួលស្គាល់បញ្ជីដែលផលិតដោយ គ.ជ.បគឺមិនទាន់ល្អនៅឡើយទេ ហើយត្រូវធ្វើការកែរទម្រង់ ទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយលក្ខណៈបច្ចេកទេសគឺត្រូវទទួលស្គាល់ដោយសារធារណៈជនដែលចូលរួម។ លោកបានបញ្ជាក់ថា ៖ «គ.ជ.ប ឈ្មោះដែលត្រូវលប់មិនលប់ ហើយឈ្មោះដែលមិនត្រូវលប់គឺលប់»។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប ពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលម៉ុញ។
ទាក់ទិនទៅនិងភាពមិនប្រក្រតីនោះ កាលពីថ្ងៃទី ២៨ ខែកក្កដា នៅមណ្ឌលបោះឆ្នោតសាលាស្ទឹងមានជ័យ រថយន្ត ២ គ្រឿងប្រភេទ២បាំងកន្លះ របស់កងរាជអាវុធហត្ថ ត្រូវរងការកម្ទេចដោយក្រុមអ្នកតវ៉ា និងត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង បន្ទាប់ពីប្រធានមណ្ឌលបោះឆ្នោត បានព្យាយាមមិនដោះស្រាយការបាត់ឈ្មោះ របស់អ្នកបោះឆ្នោតជាង ៣០០ ដែលពួកគេទាមទារឲ្យបង្ហាញភស្តុតាង និងហេតុផលដែលធ្វើឲ្យឈ្មោះទាំងនោះត្រូវបាត់ ខណៈដែលពួកគាត់មានឯកសារផ្លូវច្បាប់គ្រប់គ្រាន់។
សូមបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលបឋម និងមិនផ្លូវការនៃការបោះឆ្នោតជាតិ របស់អង្គការ ខុមហ្វ្រែល បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៧អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន៥៦អាសនៈ ដោយមានកំហុសត្រង់ខេត្តក្រចេះ គណបក្សប្រជាជនទទួលបាន១ អាសនៈ គណបក្សសង្គ្រោះជាតិទទួលបាន២ អាសនៈ ប៉ុន្តែ ការរាយការណ៍របស់ណបក្សប្រជាជនកម្ពុជា បានបង្ហាញថានៅក្នុងខេត្តក្រចេះគណបក្សនេះទទួលបាន២ អសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន១ អាសនៈ៕
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ