កីឡាករវាយកូនហ្គោល ថៃហ្គើវ៉ូត មានចំណូលខ្ពស់ជាងគេ ឆ្នាំ២០១៣
កីឡាករវាយកូនហ្គោល ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក ថៃហ្គើវ៉ូត (Tiger Woods) បានទទួលទឹកប្រាក់ច្រើនជាង១,៣ពាន់លានដុល្លារអាមេរិក ទៅលើចំណូលជាអាជីព ដើម្បីឡើងទៅឈរលេខ១នៅលើតារាងចំណាត់ថ្នាក់ ហ្គោល ឌីចេស ៥០ (Golf Digest 50) សម្រាប់ការរកចំណូលបាន៨៣លានដុល្លារ កាលពីឆ្នាំទៅម៉ិញ។ នេះបើយោងតាមសេចក្ដីរាយការណ៍ របស់គេហទំព័រ bleacherreport.com កាលពីពេលថ្មីៗនេះ។
កីឡាករ ថៃហ្គើវ៉ូត ពូកែខាងវាយកូនហ្គោល ជាប់ចំណាត់ពិភពលោក។ (រូបថត Golfweed.com/ Tracy Wilcox)
កីឡាវាយកូនហ្គោល - ថៃហ្គើវ៉ូត ដែលជាម្ចាស់ជើងឯកពានរង្វាន់ធំៗ១៤សម័យកាល បានឡើងឈរលេខ១ជាលើកទី១១ក្នុងប្រវត្តិសាស្ត្ររយៈពេល១១ឆ្នាំ របស់ទស្សនាវដ្តី ហ្គោល ឌីចេស (Golf Digest) ជាមួយនឹងទឹកប្រាក់ចំណូលកាលពីឆ្នាំមុន ចំនួន៨៣.០៩១.៥០៨ដុល្លារអាមេរិក ក្នុងនោះរាប់បញ្ចូលទាំងទឹកប្រាក់៧១លានដុល្លារ ដែលបានមកពីចំណូលក្រៅពីការប្រកួត និងច្រើនជាង១២លានដុល្លារអាមេរិកសម្រាប់រង្វាន់ជាទឹកប្រាក់។
ទស្សនាវដ្តីនេះ បញ្ជាក់ឲ្យដឹងទៀតថា ការឈ្នះរង្វាន់របស់ វ៉ូត ក្នុងទឹកប្រាក់ច្រើនជាង១៥៥លានដុល្លារ មានកម្រិតតិចជាង១២ភាគរយបើប្រៀបធៀបទៅនឹងចំណូលអាជីពរបស់គេ ខណៈដែលប្រាក់ចំណូលចំនួន១,១៦ពាន់លានដុល្លារ បានមកពីការចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មផ្សេងៗបើគិតចាប់ តាំងពីការបង្ហាញខ្លួនក្នុងការប្រកួតអាជីពជាលើកទី១កាលពីឆ្នាំ ១៩៩៦។ ហើយនេះជាតួលេខមួយដែលបន្តកើនឡើង បើទោះបីក្រោយពីមានរឿងអាស្រូវផ្លូវភេទ និងការខូចចិត្តពីការលែងលះគ្នាក៏ដោយ។
កិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុន Electronic Arts ទាក់ទងនឹងវីដេអូប្រកួតកីឡាវាយកូនគោល បានបញ្ចប់នៅក្នុងឆ្នាំ២០១៣ ហើយស្របពេលរូបគេមិនបានឈានដល់កិច្ចព្រមព្រៀងផ្សេងៗដែលនឹង ផ្តល់ចំណូលចំនួន១០០លានដុល្លារអាមេរិកក្នុងរយៈពេល១ឆ្នាំ កីឡាកររូបនេះបានវាយបកវិញ ក្នុងឆ្នាំ២០១១ជាមួយនឹង ចំណូល៦២លាន ដុល្លារក្នុងរយៈពេលមួយឆ្នាំ សម្រាប់ការចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មផ្សេងៗ។
អ្នក ដែលឈរលេខ២នៅលើបញ្ជីអ្នករកចំណូលខ្ពស់ជាងគេក្នុងឆ្នាំ២០១៣ របស់ទស្សនាវដ្តី ហ្គោល ឌីចេស បានធ្លាក់ទៅលើកីឡាករ ភិល ម៉ិកគិលស៊ុន (Phil Mickelson) ជាមួយនឹងការរកចំណូលបាន ៥២.០០៩.១៥៦ដុល្លារអាមេរិក ខណៈទឹកប្រាក់ប្រមាណជា៤៥លានដុល្លារ គឺបានមកពីការផ្សាយពាណិជ្ជកម្ម និងចំណូលមិនមែនជាប្រាក់រង្វាន់។ កីឡាករវាយកូនហ្គោលរបស់អាមេរិករូបនេះ បានឈ្នះពានរង្វាន់ ប្រ៊ីធីស អូផេន (British Open) កាលពីឆ្នាំមុន និងសង្ឃឹមថា នឹងបំពេញអាជីពក្នុងកម្មវិធី ហ្គ្រេន ស្លេម (Grand Slam) តាមរយៈការឈ្នះពានរង្វាន់ យូអេស អូផេន (US Open) នៅឆ្នាំនេះ។
លោក អាណូលដ៍ ភែលមើរ (Arnold Palmer) វ័យ៨៤ អតីតកីឡាករវាយកូនគោលម្នាក់ បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ជាមួយនឹងការរកបានចំណូល៤០លានដុល្លារអាមេរិក ដោយចំណូលភាគច្រើនបានមកពីកិច្ចព្រមព្រៀងលើសិទ្ធិផ្សាយតាមទូរទស្សន៍។ លោក ជែក និកក្លាស (Jack Nicklaus) ដែលនឹងឈានចូលវ័យ៧៤ឆ្នាំ នៅថ្ងៃទី២១ ខែមករា នោះ បានឈរក្នុងចំណាត់ថ្នាក់លេខ៤ជាមួយការរកចំណូលក្នុងឆ្នាំ ២០១៣ ចំនួន២៦លានដុល្លារ។
ម្ចាស់ជើងឯកពានរង្វាន់សំខាន់១៨ សម័យកាលរូបនេះ នឹងចូលរួមជាមួយនឹងលោក ភែលមើរ និង ហ្គារី ភ្លេយើរ (Gary Player) ក្នុងនាមជាភ្ញៀវកិត្តិយសដើម្បីអបអរការចាប់ផ្តើមការប្រកួត Masters ក្នុងឆ្នាំនីមួយៗ។
កីឡាករវាយកូនគោលរបស់ស៊ុយអែត ហ៊េនរិក ស្តេនស៊ុន (Henrik Stenson) ដែលបានឈ្នះពានរង្វាន់ក្នុងកម្មវិធីប្រកួត US PGA Tour និងព្រឹត្តិការណ៍ Race to Dubai របស់ក្របខ័ណ្ឌ European Tour នោះ បានឈរក្នុងចំណាត់ថ្នាក់លេខ៥ជាមួយនឹងប្រាក់ចំណូលចំនួន ២១.៤៤៤.៦៧០ដុល្លារ ខណៈទឹកប្រាក់ប្រមាណជា២,៨៥លានដុល្លារ បានមកពីប្រាក់រង្វាន់របស់គេ៕
--------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ខែមករា ឆ្នាំ២០១៤