សុខ ទូច៖ ទស្សនកិច្ច​មេ​ដឹកនាំ​វៀតណាម​ពាក់​ព័ន្ធ​នឹង​វិវាទ​នយោបាយ​កម្ពុជា

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំវៀតណាមមកកម្ពុជា ក្នុងពេលដែលកម្ពុជាកំពុង​មាន ការជាប់គាំង​នយោបាយ​យ៉ាងចម្រូងចម្រាសនោះ បានជម្រុញឲ្យមជ្ឈដ្ឋានមួយចំនួន មានការសង្ស័យចំពោះដំណើរទស្សនកិច្ច របស់មេដឹកនាំ​វៀតណាមក្នុងកាលៈទេសៈនេះ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាបានលើកឡើងថា ចង់ឬមិនចង់ តិច​ឬច្រើន ទស្សនកិច្ចរបស់មេដឹកវៀតណាម ក្នុងកាលៈទេសៈនេះប្រាកដជាមានផលប៉ះពាល់ ដល់វិវាទនយោបាយ​កម្ពុជា។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំវៀតណាមមកកម្ពុជា ក្នុងពេលដែលកម្ពុជាកំពុង​មាន ការជាប់គាំង​នយោបាយ​យ៉ាងចម្រូងចម្រាសនោះ បានជម្រុញឲ្យមជ្ឈដ្ឋានមួយចំនួន មានការសង្ស័យចំពោះដំណើរទស្សនកិច្ច របស់មេដឹកនាំ​វៀតណាមក្នុងកាលៈទេសៈនេះ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានលើកឡើងថា ចង់ឬមិនចង់ តិច​ឬច្រើន ទស្សនកិច្ចរបស់មេដឹកវៀតណាម ក្នុងកាលៈទេសៈនេះប្រាកដជាមានផលប៉ះពាល់ ដល់វិវាទនយោបាយ​កម្ពុជា។

ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន​ សែន (ខាងឆ្វេង) និងលោក នាយករដ្ឋមន្ត្រីវៀតណាម លោក ងឹយេន តាន់ដុង នៅទីក្រុងណានណីង ប្រទេសចិន។ (រូបថត VNA)

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ លោក សុខ ទូច ជាអ្នកវិភាគ​នយោបាយឯករាជ្យកម្ពុជាបានពន្យល់ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាមនៅកម្ពុជា ជាធម្មតាគេ​អាច​មើលឃើញពីរូបភាពខាងក្រៅ ដែលថាជាការរិតចំណងទាក់ទង រវាងបណ្តាប្រទេសសមាជិកក្នុងតំបន់អាស៊ាន ក៏ដូច​ជាបណ្តាប្រទេសនានា នៅជុំវិញពិភពលោកក្នុងវិស័យការទូត ឬជាការផ្តល់សេចក្តីទុកចិត្ត​ រវាងប្រទេស​ភូមិផងដែល​មាន​ព្រំដែនជាប់គ្នា ក្នុងពេលដែលប្រទេសមួយកំពុងជាប់គាំងនយោបាយ។

តែនៅពេលសួរថា តើទស្សកិច្ចរបស់មេដឹកនាំវៀតណាមនៅកម្ពុជា ក្នុងកាលៈទេសៈនេះ អាចមានជាប់ពាក់ព័ន្ធ ឬ​បង្ក​ផលប៉ះពាល់អ្វីខ្លះ ដល់ភាពជាប់គាំងនយោបាយនៅកម្ពុជា? លោក សុខ ទូច បានពន្យល់ថា គ្មានអ្វីចម្លែកទេ កាល​ដែលមេ​ដឹកនាំវៀតណាមធ្វើទស្សនកិច្ចនៅកម្ពុជា ព្រោះមេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ទើបតែ​បញ្ចប់​ទស្សកិច្ចផ្លូវការនៅវៀតណាមផងដែរ។ តែលោក សុខ ទូច បន្តថា អ្វីដែលមិនត្រូវមើលរំលង ឬជាផល​ប៉ះពាល់​នោះ គឺការព្រួយបារម្ភរបស់គណបក្សសង្រ្គោះជាតិ ជាគណបក្សជំទាស់ដែលតែងរម្លឹក ថាវៀតណាមបន្តមានឥទ្ធិពល​លើ​កម្ពុជា (អាណានិគមបែបថ្មី) ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យក្រុមហ៊ុនវៀតណាមយ៉ាងច្រើន​សន្ធឹកសន្ធាប់ក្នុង​រយៈពេលយ៉ាងយូរ បញ្ហាហូរចូលជនជាតិវៀតណាមមកកម្ពុជាយ៉ាងច្រើន ណដោយគ្នានការត្រួតពិនិត្យ និងបញ្ហា ព្រំដែន​ជាដើម។

លើសពីនេះអ្នកវិភាគនយោបាយឯករាជ្យដដែលនេះ បានសម្តែការសោកស្តាយថា កម្ពុជាអាចនឹងកំពុងធ្វើដំណើរ លើផ្លូវប្រវត្តិសាស្រ្តដ៏ជូរចត់ ដែលកើតចេញពីការអសមត្ថភាព ឬការមិនមានឯកភាពជាតិ ក្នុងការដោះស្រាយបញ្ហា ប្រទេសជាតិដោយខ្លួនឯង ព្រោះកន្លងមកម្នាក់ពឹងចិន រីឯម្នាក់ទៀតពឹងវៀតណាម ជាលទ្ធផលជាតិត្រូវបានបែកបាក់ ពីការកេងចំណេញរបស់ប្រទេសទាំងនោះ។

ជុំវិញករណីនេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទង មន្រ្តីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដើម្បីធ្វើការ​អត្ថាធិប្បាយបាននៅឡើយទេ។ តែលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយសំអាងលើ​ប្រវត្តិសាស្រ្ត​ផងនោះ កន្លងមកបានលើកឡើងថា លោក ហ៊ុន សែន គួរដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងរវាងខ្មែរ និង​ខ្មែរ ហើយត្រូវជៀសវៀងការពឹងពាក់ ឬជឿ«គ្រូ»វៀតណាម បើមិនដូចច្នោះទេ ប្រទេសកម្ពុជាអាចនឹងអន្តរាយ។

តែការអត្ថាធិប្បាយរបស់អនុប្រធានគណបក្សជំទាស់រូបនេះ នៅពេលនោះ ត្រូវបានមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្មថា គេត្រូវបែងចែកឲ្យបានច្បាស់ រវាងការធ្វើនយោបាយផ្ទៃក្នុងប្រទេស និង​នយោបាយ​ការទូត ដោយមិនត្រូវព្រោះតែចង់កេញចំណេញនយោបាយផ្ទៃក្នុងប្រទេស តែធ្វើឲ្យប៉ះពាល់ដល់​ទំនាក់​ទំនង​ការបរទេស​ទៅវិញ។

សូមរម្លឹកថា នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យុង (Nguyen Tan Dung) ក្នុងដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋ​រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានមកដល់រាជធានីភ្នំពេញ នៅ​រសៀសថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤។ ក្នុងដំណើរទស្សកិច្ចនេះ លោក ង្វៀន តាន់យុង ក៏គ្រោងនឹងចូលគាល់​ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី និងថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាមួយចំនួនទៀត។ ទន្ទឹមនឹងនេះ សមភាគី​ទាំងពីរ គឺលោក ហ៊ុន សែន និងលោក ង្វៀន តាន់យុង ក៏នឹងចូលរួមសម្ភោធ និងបើកការដ្ឋានសាងសង់​នូវសមិទ្ធិផល​មួយចំនួនទៀតដែលត្រូវបានវិនិយោគដោយក្រុមហ៊ុន និងរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងវៀតណាម។

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...