ខេង ទីតូ៖ កងកម្លាំងត្រៀមរួចរាល់ហើយ សម្រាប់មហាបាតុកម្មអហិង្សា
- ដោយ: អ៊ុំ បូរី ([email protected]) - ភ្នំពេញថ្ងៃទី៥ កញ្ញា ២០១៣
- កែប្រែចុងក្រោយ: September 05, 2013
- ប្រធានបទ: សិទ្ធិ-នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ខេង ទីតូ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣ នេះថា៖ «សមត្ថកិច្ចបានត្រៀមលក្ខណៈគ្រប់គ្រាន់ហើយ សម្រាប់ការគ្រប់គ្រងមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ»។ អ្នកនាំពាក្យរូបបានធ្វើការបដិសេធ មិនប្រាប់ឲ្យដឹងពីចំនួន និងប្រភេទកងកម្លាំង ដែលត្រូវដាក់ពង្រាយនោះទេ តែលោកបានទទួលស្គាល់ថា ពិតជាមានការដាក់ពង្រាយ សព្វាវុធធុនធ្ងន់ តាមបណ្តាខណ្ឌមួយចំនួន នៅជាយរាជធាធីភ្នំពេញ ពិតប្រាកដមែន។
ដាក់ពង្រាយកងកម្លាំង និងសព្វាវុធធុនធ្ងន់ ដើម្បីគ្រប់គ្រងបាតុកម្ម ?
ក្រោយការបោះឆ្នោតអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅបានសម្តែងការព្រួយបារម្ភ អំពីស្ថិរភាពនយោបាយនៅកម្ពុជា ជាពិសេសនៅពេលដែលរដ្ឋាភិបាលចាំផ្ទះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនកងកម្លាំងយោធា និងសព្វាវុធធុនធ្ងន់ជាច្រើន មកពីតាមបណ្តាខេត្ត ចូលមកកាន់រាជធានីភ្នំពេញ ក្រោមហេតុផលថារក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។
លោក ខេង ទីតូ អះអាងថាកងកម្លាំងសមត្ថកិច្ច និងអាវុធយុទ្ធភ័ណ្ឌមួយចំនួន ដែលបានដាក់ពង្រាយ គឺមានបំណងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គមតែប៉ុណ្ណោះ។ ប៉ុន្តែក្រុមអ្នកអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ បានវាយតម្លៃថាការចល័តកងកម្លាំងដ៏ហួសប្រមាណបែបនេះ មិនសមាមាត្រទៅនឹងរូបភាពនៃបាតុកម្ម ដែលធ្វើឡើងដោយពលរដ្ឋធម្មតា គ្មានអាវុធក្នុងដៃនោះទេ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក អ៊ូ វីរៈ ក៏បានជឿជាក់ជុំវិញបញ្ហានេះដែរ។ លោកបានថ្លែងតាមទូរស័ព្ទ ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូដូច្នេះថា៖ «មិនអាចមានការផ្ទុះអំពើហិង្សាទ្រង់ទ្រាយធំទេ ព្រោះប្រជាពលរដ្ឋដែលជាបាតុករគ្នានអាវុធនៅក្នុងដៃ និងធ្វើបាតុកម្មដោយសន្តិវិធី តែអាចនឹងមានការហាមឃាត់ពីសមត្ថកិច្ច មិនឲ្យប្រជាពលរដ្ឋចូលរួមមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ»។
មានអំពើហឹង្សរីករាលដាល នឹងអាចប៉ះពាល់ដល់អំណាចលោក ហ៊ុន សែន ?
ផ្ទុយទៅវិញ មន្ត្រីសង្គមស៊ីវិល ដែលសម្បូរដោយវោហាស័ព្ទរូបនេះ យល់ថាប្រសិនបើអំពើហិង្សាទ្រង់ទ្រាយធំកើតឡើង ហើយមានការរាលដាលនោះ វាអាចនឹងមានផលប៉ះពាល់ដល់«អំណាច»របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពេលអនាគត។ តែលោក អ៊ូ វីរះ មិនបានបញ្ជាក់ថា ផលប៉ះពាល់នេះ នឹងកើតមានយ៉ាងដូចម្ដេចនោះទេ។
គួររំឮកដែរថា កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយចុះ ដោយបញ្ជារឲ្យកងកម្លាំងសមត្ថកិច្ច និងអាជ្ញារធរពាក់ព័ន្ធត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងកំឡុងពេលធ្វើមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ។
មេបក្សប្រឆាំងអំពាវនាវជាបន្ត
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កំឡុងពេលចុះជួបជាមួយអាជីករលក់ដូរ ក្នុងផ្សារស្ទឹងមានជ័យនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣ នេះបានបន្តអំពាវឲ្យប្រជាពលរដ្ឋចូលរួម ឲ្យបានច្រើនក្នុងព្រឹត្តិការណ៍មហាបាតុកម្មអហិង្សាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ ដែលគណបក្សនេះចាត់ទុកថាជាមហាបាតុកម្មអហិង្សា ស្វែងរកយុត្តិធម៌ក្រោយការបោះឆ្នោត។
គណបក្សសង្គ្រោះជាតិ បានអះអាងថាមហាបាតុកម្មអហិង្សា ប្រឆាំងលទ្ធផលបោះឆ្នោតនេះ គឺជាជម្រើសចុងក្រោយរបស់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីសំណើរបង្កើតគណៈកម្មការពិសេសឯករាជ្យមួយ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត មិនត្រូវបានគណបក្សប្រជាជនកម្ពុជាយល់ស្របនោះមក។ គណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ចាត់ទុកថា គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នមានសមត្ថកិច្ចស្របតាមច្បាប់ ដែលទទួលខុសត្រូវក្នុងការរៀបចំការបោះឆ្នោត និងដោះស្រាយនូវភាពមិនប្រក្រតីទាំងឡាយ។ ជាការប្រកាន់ជំហរតែរៀងៗខ្លួន ដែលទំនងជាអាចមានភាពជាប់គាំងមួយ ខាងនយោបាយ៕