សាយ បូរី៖ ច្បាប់ គ.ជ.ប (ថ្មី) «ខុស»​រដ្ឋធម្មនុញ្ញ ត្រង់​«សញ្ជាតិ»

គោលការណ៍ទូទៅនៃនីតិរដ្ឋបាល ចំពោះច្បាប់ គ.ជ.ប«ថ្មី»។ សមាជិក គ.ជ.ប ត្រូវមានសញ្ជាតិ«ខ្មែរ»តែមួយ សញ្ជាតិ​បរទេស​ត្រូវ​លា​លែង​ជា​បណ្តោះ​អាសន្ន។ សម្រាប់លោកបណ្ឌិត សាយ បូរី ថា«មិន»ចាំលាលែងទេ តែអាច​ធ្វើការ​«ព្យួ»​បាន។ ទោះយ៉ា​ង​នេះ​ក៏ដោយ ក៏ច្បាប់ថ្មីនេះ នៅតែរំលោភច្បាប់រដ្ឋធម្មនុញ្ញដដែលដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 08, 2014
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាស្រ្តចារ្យច្បាប់ជំនាញ​នីតិរដ្ឋបាល លោក​បណ្ឌិត សាយ បូរី បាន​ធ្វើការ​ពន្យល់​បញ្ហា​«សញ្ជាតិ»​តែ​មួយ ឬ​សញ្ជាតិ​ខ្មែរ​ពី​កំណើត ទាក់​ទង​នឹង​ច្បាប់ គ.ជ.ប ថ្មី ដោយ​ធ្វើការ​សន្និដ្ឋាន​ថា ជា​ការ​ឥត​ប្រយោជន៍។

ក្នុងបណ្តាញសង្គមផ្ទាល់ របស់​លោក​សាស្រ្តាចារ្យ​ច្បាប់ (Bory Say) រូប​នេះ បាន​សរសេរ​លើក​ឡើង​យ៉ាង​វែង​អន្លាយ នូវ​បញ្ហា​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ទាក់​ទង​នឹង​ការ​ចោទ​សួរ​មក​លោក​ថា ច្បាប់ គ.ជ.ប ថ្មី ដែល​គណបក្ស​នយោបាយធំៗ​ទាំង​ពីរ បាន​ព្រម​ព្រៀង​គ្នា ជា​គោលការណ៍​រួច​ហើយ​នោះ តើ​អាច​នឹង​«ខុស»​រដ្ឋធម្មនុញ្ញ​ត្រង់​ចំណុច​«សញ្ជាតិ»​តែ​មួយ​ឬ​ទេ បើ​សិន​ជា​ច្បាប់​ថ្មី​នោះ​ត្រូវ​បាន​អនុម័ត ?

លោកបានបញ្ជាក់ក្នុងបណ្តាញសង្គម កាលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៤ ថា នៅមិនទាន់ទទួលបានឯកសារ​ពាក់​ព័ន្ធទាំងនោះនៅឡើយ ប៉ុន្តែលោកបានឮដូច្នេះថា៖ «សមាជិកនិង​អគ្គលេខា​ធិការ-អគ្គលេខាធិការរងត្រូវ​មាន សញ្ជាតិខ្មែរតាំងពីកំណើត និងមានសញ្ជាតិតែមួយក្នុងពេលបំពេញតួនាទី គ.ជ.ប រយ:ពេលប្រាំឆ្នាំ។ អ្នក​ខ្លះ​ថា គេត្រូវ"ព្យួរ"សញ្ជាតិទីពីរ ទីបីដែលលើសពីមួយនោះសិន។ មិនឮនិយាយពីនីតិវិធីយ៉ាងម៉េច ចំពោះការ​ព្យួរ​នេះ។»

លោកសាស្រ្តាចារ្យ ដែលត្រូវបានលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ តែងតាំងជាទីប្រឹក្សា​រូប​នេះ បានដកស្រង់ការថ្លែងរបស់អ្នកនាំពាក្យគណបក្សទាំងពីរមកសរសេរទៀតថា «ច្បាប់» នោះមិនបង្ខំ ឲ្យ​លាសញ្ជាតិបរទេសនោះទេ គឺថាពេលចប់អាណត្តិ សាមីខ្លួនអាចប្រើសិទ្ធិដែលជាប់នឹងសញ្ជាតិទីពីរ ទីបី​វិញ​បានដូចធម្មតា។ ហេតុផលគឺ គេចង់ឲ្យបុគ្គលមិនជាប់ជំពាក់ នឹងផលប្រយោជន៍បរទេស គឺថាប្រាកដជា​ឯករាជ្យមែន។

តើច្បាប់ គ.ជ.ប ថ្មីនេះ ខុសនឹងរដ្ឋធម្មនុញ្ញឬទេ? លោកបានបង្ហាញចម្លើយ ក្នុងក្របខ័ណ្ឌបរិបទនេះមានពីរ​យ៉ាងដូចខាងក្រោម៖

ចំណុចទីមួយ - បើច្បាប់សរសេរត្រឹមថា «ត្រូវមានសញ្ជាតិជាខ្មែរតាំងពីកំណើត និងមានសញ្ជាតិតែមួយ» តាមក្បួននីតិសាស្ត្ររបៀបបារាំង មានគោលការណ៍ទូទៅនៃនីតិរដ្ឋបាល ដែលត្រូវចែកជាពីរ។ មួយ គោល​ការណ៍មានតំលៃ«រដ្ឋធម្មនុញ្ញ» និងមួយទៀតគោលការណ៍មានតំលៃដូច«ច្បាប់»។ គោលការណ៍ដែល​មាន​តំលៃរដ្ឋធម្មនុញ្ញ ត្រូវមានភ្ជាប់ទៅនឹងអត្ថបទច្បាប់រដ្ឋធម្មនុញ្ញ។

ករណីនេះលោកបានធ្វើការពន្យល់ថា ឃើញមានគោលការណ៍ស្តីពី«សញ្ជាតិខ្មែរពីកំណើត» ចែងនៅក្នុង​រដ្ឋធម្មនុញ្ញ ត្រង់មាត្រា៧៦ថ្មី (ចំណុច៤-តំណាងរាស្ត្រ), មាត្រា៩៩ថ្មី(ចំណុច៤-សមាជិកព្រឹទ្ធសភា)ជាដើម។ លោកបន្តថា ជាងនេះក្នុង«រដ្ឋធម្មនុញ្ញ មាត្រា១៤ ក៏បានចែងអំពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែល​ត្រូវជ្រើសរើសក្នុងចំណោមសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលជាព្រះរាជបច្ឆាញាតិ នៃព្រះមហាក្សត្រ អង្គឌួង ឬ ព្រះមហាក្សត្រ នរោត្តម ឬក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ»។

តាមគោលការណ៍នៃការបកស្រាយច្បាប់ លោកបានធ្វើការពន្យល់ថា ទាំងនេះជាសុទ្ធតែជាគោលការណ៍​«សញ្ជាតិជាខ្មែរតាំងពីកំណើត»។ ដូច្នេះនេះ ជាគោលការណ៍មានតំលៃរដ្ឋធម្មនុញ្ញ ដែលច្បាប់ធម្មតាមិនអាច​បំពានបានឡើយ។ ជាគោលការណ៍តឹងជាអតិបរមា សម្រាប់មុខងារសាធារណ: និងនយោបាយនៅកម្ពុជា។ ឯច្បាប់ធម្មតា មិនអាចមកបន្ថែមល័ក្ខខ័ណ្ឌ«បន្តឹង»ឲ្យហួសពីកំរិតអតិបរមានេះបានឡើយ។

លោកបានចាត់ទុកថា បើច្បាប់ គ.ជ.ប «ថ្មី» ចែងដូចក្នុងបញ្ញតិខាងលើ(មានសញ្ជាតិជាខ្មែរតាំងពីកំណើត និង​មានសញ្ជាតិតែមួយ) នោះនឹងខុសគោលការណ៏សញ្ជាតិជាខ្មែរតាំងពីកំណើត ដែលជា គោលការណ៍មានតំលៃ​រដ្ឋធម្មនុញ្ញ។ មានន័យថា ខុសរដ្ឋធម្មនុញ្ញ ។ លោកថា ច្បាប់នោះគ្រាន់តែជាច្បាប់ធម្មតាមួយប៉ុណ្ណោះ មិន​អាច​កែ​រដ្ឋធម្ននុញ្ញបានទេ ឬបើចង់កែរដ្ឋធម្មនុញ្ញ ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាមុនសិន។

លោកបានធ្វើការឧបមាថា បើអញ្ចឹង គេធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកែ«សញ្ញាតិ»នោះវិញ តើនឹងមាន​ផល​ប៉ះពាល់អ្វីខ្លះ? លោកឆ្លើយដោយខ្លួនឯងថា នៅតែមានផលប៉ះពាល់។ ហើយផលប៉ះពាល់ធំជាងគេ គឺគោល​ការណ៍ឯកភាពជាតិ ដែលឈរលើស្មារតីរួបរួមជាតិ និងមិនរើសអើង ដែលមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីសចុះថ្ងៃ២៣ ខែ តុលា ឆ្នាំ១៩៩១។

លោកថាបើពិនិត្យមើលក្នុងចំណុចទី៤ និងទី៣នៃឧបសម្ពន្ធទី៣ ស្តីពីការបោះឆ្នោត នៃកិច្ចព្រព្រៀងនេះ គោល​ការណ៍សញ្ជាតិជាខ្មែរតាំងពីកំណើត គឺជាល័ក្ខខ័ណ្ឌតឹងអតិបរមាតែមួយគត់ សម្រាប់ចុះ ឈ្មោះបោះឆ្នោត​និង​ឈរ​ឈ្មោះបោះឆ្នោត។

បើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញយកគោលការណ៍ថ្មី សញ្ជាតិជាខ្មែរតាំងពីកំណើត និងសញ្ជាតិតែមួយនោះ ក៏​អាច​នឹងប៉ះពាល់ ដល់ថ្នាក់ដឹកនាំកំពូលៗរបស់រដ្ឋ មានតាំងពី ព្រះមហាក្សត្រ សមាជិករាជរដ្ឋាភិបាល តំណាង​រាស្ត្រ សមាជិកព្រឹទ្ធសភា តុលាការ។ល។

ចំណុចទីពីរ - បើច្បាប់ថ្មីចែងថា «ខ្មែរដែលមានសញ្ជាតិបរទេស ត្រូវព្យួរសញ្ជាតិបរទេស ក្នុងរយ:ពេលនៃ​អាណត្តិ គ.ជ.ប»។ បើសិនជាគេចង់បាន ត្រឹមឲ្យឈប់ប្រើលិខិតឆ្លងដែនបរទេស ដោយយកមកតម្កល់ទុក នៅទីស្នាក់ការកណ្តាលរបស់ គ.ជ.ប ដើម្បីឲ្យសាមីខ្លួនបង្ហាញទឹកចិត្តថា ខ្លួនពិតជាចង់ឯករាជ្យមែន។ បើធ្វើ​ត្រឹមប៉ុណ្ណេះ តើនៅខុសរដ្ឋធម្មនុញ្ញដែរឬទេ ?

លោកបានបកស្រាយថា៖ «បើឈរលើគោលការណ៍ស្ម័គ្រចិត្ត សាមីខ្លួនមកធ្វើ គឺសន្មត់ថាស្ម័គ្រចិត្ត ឈប់ប្រើ​លិខិតឆ្លងដែនបរទេស។ ល័ក្ខខ័ណ្ឌនេះ ដូចជាគ្មានអ្វីខុសទេ។ ប៉ុន្តែ សួរថា មានប្រយោជន៍អី ? ជនដែលមាន​ចិត្តបំរើបរទេស ជាងជាតិខ្លួនឯង មិនចាំបាច់មានសញ្ជាតិពីរទេ។ ខ្មែរស្គាល់មុខអស់ហើយ។ (…) បញ្ហាសំខាន់​ស្ថិតនៅលើបុគ្គលនោះផ្ទាល់ មិនមែននៅត្រង់បញ្ហាសញ្ជាតិនោះទេ។»

លោកបញ្ជាក់ជាចុងក្រោយថា៖ «ជារួមមក ឥតប្រយោជន៍អ្វីសោះ ប៉ុន្តែមានផលអវិជ្ជមានច្រើនជាង»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...