បើ​ជា​ខ្មែរ ត្រូវ​ចេះ​«សំពះ» !

ឲ្យតែពេលជួបគ្នាជាលើកដំបូង គេតែងឃើញពលរដ្ឋខ្មែរ លើកដៃសំពះគ្នាទៅវិញទៅមក មិនថាក្មេងចាស់ ប្រុស​ឬ​ក៏​ស្រី​នោះ​ទេ។ ប៉ុន្តែរាល់ការសំពះទាំងអស់នោះ វាមានលក្ខណៈខុសៗពីគ្នា និងមានអត្ថន័យផ្សេងៗគ្នា។
បើ​ជា​ខ្មែរ ត្រូវ​ចេះ​«សំពះ» !
ក្រុមរបាំព្រះរាជទ្រព្យ លើកដៃសំពះទៅទស្សនិកជន។ (រូបថត Wikipedia)
Loading...
  • ដោយ: ក. សោភណ្ឌ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 08, 2014
  • ប្រធានបទ: ទំនៀម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្ពុជា ជា​ប្រទេស​មួយ​ដែល​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ទៅ​លើ​ទំនៀម​ទំលាប់ ជា​ពិសេស​បាន​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន នូវ​ព្រះ​ពុទ្ធ​សាសនា។ ដូច្នេះ ​រាល់​ការ​ប្រតិបត្តិ​អ្វី​ក៏​ដោយ មិន​មែន​ចេះ​តែ​ចង់​ធ្វើ ហើយ​អាច​ធ្វើ​បាន​ស្រេច​នឹង​ចិត្ត​នោះ​ទេ គឺ​ខ្មែរ​មាន​របៀប​របប​ច្បាស់​លាស់​ ជា​ពិសេស​នៅ​ពេល​គេ​និយាយ​ដល់ ពី​ការ​«សំពះ»។

រាប់តាំងពីការគោរព​អារក្ខ​ទេវតា ឆ្លង​កាត់​តាម​ស្ដេច​ផែនដី ឬ​ព្រះ​សង្ឃ រហូត​មក​ដល់​មនុស្ស​ធម្មតា ការ​សំពះ​របស់​ខ្មែរ សុទ្ធ​តែ​មាន​អត្ថន័យ នៅ​ក្នុង​ការ​ប្រើប្រាស់​របស់​វា។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូម​លើក​មក​រំលឹក​ជូន ពី​ការ​សំពះ​ដ៏​ទន់ភ្លន់ និង​សុភាព​រាបសារ​ទាំង​នេះ ដោយ​ចែក​ចេញ​ជា​ប្រាំ​ប្រភេទ៖

១) សំពះវ័យស្មើគ្នា៖ ត្រូវយកដៃទាំងពីរប្រណមម្រាមចូលគ្នា ឲ្យចេញជារៀងផ្កាឈូក រួចលើកឡើងត្រឹម​ដើម​ទ្រូង។
២) សំពះចំពោះវ័យចាស់ជាងគ្នា៖ ត្រូវយកដៃទាំងពីរប្រណមចូលគ្នា ហើយលើកកម្ពស់ចុងចង្ការ។
៣) សំពះចំពោះជីដូនជីតាឬគ្រូអាចារ្យ៖ ត្រូវយកដៃទាំងពីប្រណមចូលគ្នា ហើយលើកត្រឹមចុងច្រមុះ។
៤) សំពះព្រះមហាក្សត្រ ឬវត្ថុស័ក្កិសិទ្ធិ៖ ត្រូវលើកដៃសំពះចុងម្រាមដៃទាំងពីរ ត្រឹមគល់ចិញ្ចើម។
៥) សំពះព្រះរតនត្រ័យ ឬការបួងសួងផ្សេងៗ៖ គឺត្រូវលើកដៃទាំងពីរដាក់លើថ្ងាស មេដៃទាំងពីរត្រឹម​គល់​ចិញ្ចើម។

បែបសំពះទាំងប្រាំខាងលើ បញ្ជាក់យ៉ាងច្បាស់ពីភាពខុសគ្នា និងមានការគោរពផ្សេងៗគ្នា ហើយក្នុងនោះ​ប្រជាជនខ្មែរជំនាន់មុន ឬអ្នកដែលបានសិក្សា ភាគច្រើនសុទ្ធតែបានដឹង និងប្រព្រឹត្តធ្វើជារៀង​រហូតដល់​សព្វ​ថ្ងៃ។

ព្រះតេជគុណ ហុក សុវណ្ណ ព្រះចៅអធិកាវត្ត សាមគ្គីរង្សី នៅប្រទេសកាណាដា ធ្លាប់មានសង្ឃដីកា ពីក្បួន​ខ្នាត​នៃការសំពះរបស់ខ្មែរ ថាមានសភាពទន់ភ្លន់ និងរឹងមាំ ដែលជាទីចាប់អារម្មណ៍ នៃមនុស្សទាំងឡាយ​នៅ​លើ​ពីភពលោក ដែលមានការគោរពផ្សេងៗពីគ្នា។ ហើយវាជាចំណុចសំខាន់ ដែលដក់ជាប់​ក្នុងចិត្តកូនខ្មែរ​គ្រប់​រូប នៅរៀងរាល់ពេលជូបគ្នាមិនថាគ្រាដំបូង ឬក៏បានបែកគ្នាជាច្រើនថ្ងៃហើយនោះទេ។

ប៉ុន្តែសំនួរដែលត្រូវចោទសួរ ថាតើកូនខ្មែរក្នុសម័យនេះ ចេះប្រើប្រាស់ការសំពះ បានដូចម្ដេច និងដល់​កម្រិត​ណា? កុំថា​ឡើយយុវជនយុវនារី ដែលគ្នាមិនសូវយល់ បើសូម្បីហ្វូងតារាដែលរះចិញ្ចែងចិញ្ចាច ពេញផ្ទៃ​មេឃ​ស្រុកខ្មែរ​សព្វ​ថ្ងៃនេះ ក៏កម្រនឹងឃើញថា ហ្វូងតារាដែលគួរតែផ្ដល់ជាគំរូ សម្រាប់វប្បធម៌និង​ទំនៀមទំលាប់​ជាតិ​នោះ លើក​ដៃ​មកសំពះទស្សនិកជនរបស់ខ្លួនណាស់។ បច្ចប្បន្ននេះ ភាសា«ថោកអ្វីនឹងដៃ» មិនសូវ​ជា​ត្រូវ​បាន​​គេ​​ចាប់​​អារម្មណ៍​ទេ តែផ្ទុយទៅវិញ គេកំពុងតែភ្លេចខ្លួនថា បើដៃមិនហ៊ានធ្វើថោកហើយ គឺរូបគេ​ទាំង​មូល​​តែ​ម្ដង ដែល​កំពុង«ថោក»៕

សូមទស្សនាវីដេអូខាងក្រោម ហើយអាចរៀនធ្វើតាម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...