កម្មវិធី«បង្ហាញម្ហូបអាហារខ្មែរ» ដើម្បីខ្មែរនិងកូនខ្មែរ
- ដោយ: ក. សេងហុង ដោយ ក. សេងហុង និង ស្រ៊ុន ទិត្យ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មីនា ២០១៤
- កែប្រែចុងក្រោយ: March 31, 2014
- ប្រធានបទ: ម្ហូប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សិល្បៈធ្វើម្ហូប - «មានអារម្មណ៏ សប្បាយរីករាយ ដែលបានភ្លក់ម្ហូបខ្មែរគ្រប់បែបយ៉ាង» នេះជាក្ដីរំភើបលើកឡើងយ៉ាងខ្លី របស់អ្នកស្នេហាម្ហូបចំណីខ្មែរមួយរូប ឈ្មោះពិសិដ្ឋ ដែលបានមកចូលរួមក្នុងកម្មពិធី «បង្ហាញម្ហូបអាហារខ្មែរប្រចាំឆ្នាំ២០១៤» រៀបចំឡើងដោយ អង្គការស្នាមញញឹមនៃកុមារ ក្នុងពហុកីឡាជាតិអូឡាំពិក។
ចំណែកអ្នកស្នេហាម្ហូបចំណីមួយរូបទៀត អ្នកស្រី ណយ ចាន់ធី ក៏បានថ្លែងយ៉ាងក្បោះក្បាយថា៖ «សប្បាយរីករាយ ដែលបានឃើញម្ហូបប្លែកៗ នៅតាមតំបន់ផ្សេងៗ ដាក់បង្ហាញ ជូនខ្មែរយើងនិងកូនខ្មែរយើង ឲ្យបានស្គាល់ម្ហូបខ្មែរនៅតាមតំបន់ មានអ្វីខ្លះដូចជាអាមុកជាដើម។ (...) ដោយសារស្រឡាញ់ម្ភូបខ្មែរ ទើបខ្ញុំមកទស្សនានៅទីនេះ។»
កម្មពិធីបង្ហាញម្ហូបអាហារ បានប្រមូលផ្តុំនូវចុងភៅ មកពីបណ្តាលខេត្តចំនួន១៨ ដើម្បីចំអិន និងបង្ហាញម្ហូបបែបប្រណៃណីចំនួន៤៦មុខ និងម្ហូបអាហារនាសម័យបច្ចុប្បន្នជាច្រើនផ្សេងៗទៀត។ ក្នុងឱកាសនោះដែរ ក៏មានការសម្ដែងសិល្បៈរបាំប្រពៃណី សម័យរួមនឹងការលែងល្បែងប្រជាប្រិយខ្មែរ ល្បែងសម្រាប់កុមារតូចៗនិងការរាំកំសាន្តដើម្បីអបអរសារទរការជិតចូលមកដល់ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខ ។ ចំណែកការតាំងផលិតផលចំរុះ របស់បណ្តាលក្រុមហ៊ុនផ្សេងៗ ក៏ត្រូវដាក់លក់ក្នុងកម្មពិធីនេះផងដែរ។
ស្ត្រីវ័យចំណាក់ម្នាក់ទៀត ឈ្មោះ ម៉េង យឿន ក៏បានសរសើកម្មវិធីនេះដែរថា កម្មវិធីតាំងម្ហូបខ្មែរនេះ បានធ្វើឲ្យគាត់ស្គាល់រសជាតិ ម្ហូបខ្មែរប្លែកមួយបែបទៀតខុសពីធម្មតា។
កម្មវិធី ដែលបានធ្វើឡើងនៅពេលយប់ ក្នងរយៈពេលពីរថ្ងៃ (ថ្ងៃទី២៨ និង២៩ ខែមីនា) នេះ ក្នុងបំណងដើម្បីរៃអង្គាសថវិកា ក្នុងការគាំទ្រការអប់រំដល់កុមារក្រីក្រ និងកម្មពិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់កុមារក្នុងអង្គការស្នាមញញឹមនៃកុមារ បន្ថែមទៀត។ អតីតយុវសិស្សមួយរូប ដែលធ្លាប់រៀននៅអង្គការស្នាមញញឹមនៃកុមារ ឈ្មោះ អាន សុធារី បានអំពានាវដល់ម្ចាស់ជំនួយទាំងក្នុងស្រុក និងក្រៅស្រុកទាំងអស់ មេត្តាជួយឧបត្ថម្ភដល់អង្គការស្នាមញញឹមនៃកុមារបន្ថែមទៀត ដើម្បីជួយដល់កុមារឲ្យបានបន្តការសិក្សារបស់ពួកគេ។
យ៉ាងណាក៏ដោយ ទាំងលោក ពិសិដ្ឋ ក៏ដូចជាអ្នកស្រី ម៉េង យឿន ដែរ សុទ្ធតែបានថ្លែងថា លោក និងអ្នកស្រី នឹងនៅតែគាំទ្រកម្មពិធីនេះ ដើម្បីឧបត្ថម្ភដល់កុមារកំព្រា នៅក្នុងកម្មវិធីលើកក្រោយៗ៕