អ៊ីតាលី៖ ព្រឹទ្ធ​សមាជិក​មួយ​រូប ប្រៀប​ធៀប​រដ្ឋ​មន្ត្រី​សម្បុរ​ខ្មៅម្នាក់ ទៅ​នឹង​«ស្វា»

ព្រឹទ្ធសមាជិកមួយរូប ដែលមកពីគណបក្សមិនចូលចិត្តជនធ្វើចំណាកស្រុក មានឈ្មោះថា «សម្ព័ន្ធភាពខាងជើង» បាន​ប្រៀបធៀបលោកស្រី សេស៊ីល គេនហ្ស៍ (Cecile Kyenge) រដ្ឋមន្ត្រីសម្បុរខ្មៅលើកទីមួយ នៅក្នុងរដ្ឋាភិបាលអ៊ីតាលី ទៅនឹង​សត្វស្វា​អូរ៉ង់-អ៊ូតង់ (orang-outan)។ ជាពាក្យសម្ដីប្រៀបធៀប ដែលប្រមុខរដ្ឋាភិបាលអ៊ីតាលី លោក អង់រីកូ ឡេតា (Enrico Letta) បានចាត់ទុកកាលពីថ្ងៃអាទិត្យទី១៤ខែកក្កដា ថា«ទទួលយកមិនបាន»។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: July 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រឹទ្ធសមាជិកមួយរូប ដែលមកពីគណបក្សមិនចូលចិត្តជនធ្វើចំណាកស្រុក មានឈ្មោះថា «សម្ព័ន្ធភាពខាងជើង» បាន​ប្រៀបធៀបលោកស្រី សេស៊ីល គេនហ្ស៍ (Cecile Kyenge) រដ្ឋមន្ត្រីសម្បុរខ្មៅលើកទីមួយ នៅក្នុងរដ្ឋាភិបាលអ៊ីតាលី ទៅនឹង​សត្វស្វា​អូរ៉ង់-អ៊ូតង់ (orang-outan)។ ជាពាក្យសម្ដីប្រៀបធៀប ដែលប្រមុខរដ្ឋាភិបាលអ៊ីតាលី លោក អង់រីកូ ឡេតា (Enrico Letta) បានចាត់ទុកកាលពីថ្ងៃអាទិត្យទី១៤ខែកក្កដា ថា«ទទួលយកមិនបាន»។


លោកស្រី សេស៊ីល គេនហ្ស៍ រដ្ឋមន្ត្រីក្រសួងរួមបញ្ចូល (ក្នុងសង្គម)។ (រូបថត FILIPPO MONTEFORTE/AFP)

នៅថ្ងៃសៅរ៍ ទី១៣ខែកក្កដា ក្នុងកិច្ចប្រជុំនៃគណបក្សរបស់គាត់ នៅក្នុងទីក្រុងមួយភាគខាងជើងនៃប្រទេសអ៊ីតាលី លោក រ៉ូប៊ែតូ កាដឺរ៉ូលី (Roberto Calderoli) សមាជិកព្រឹទ្ធសភា ដែលគេស្គាល់ថាជាអ្នកពូកែបង្កឲ្យមានការជជែកគ្នាកន្លងមកនោះ បានធ្វើ​សេចក្ដីប្រកាសមួយទាក់ទងនឹងលោកស្រីរដ្ឋមន្ត្រី ដែលមានដើមកំណើតពីប្រទេសកុងហ្គូ យ៉ាងដូច្នេះថា «សេស៊ីល គេនហ្ស៍ អាចធ្វើជារដ្ឋមន្ត្រី តែជារដ្ឋមន្ត្រីនៅក្នុងប្រទេសរបស់គាត់ (...) ខ្ញុំខំប្រឹងទប់ខ្លួនណាស់ នៅពេលខ្ញុំចុចចូល​ទៅ​អាំងធើណែត ហើយឃើញរូបថត​រដ្ឋាភិបាលសព្វថ្ងៃ។ ខ្ញុំស្រឡាញ់សត្វ (...) តែនៅពេលខ្ញុំឃើញ រូបភាពរបស់លោកស្រី សេស៊ីល គេនហ្ស៍ ខ្ញុំមិនអាចឃាត់ខ្លួនមិនឲ្យគិតថា មានភាពប្រហាក់ប្រហែលទៅនឹងសត្វស្វាអូរ៉ង់-អ៊ូតង់។»

សេចក្ដីប្រកាសនេះបាន ចែកផ្សាយនៅតាមបណ្ដាញផ្សព្វផ្សាយ ហើយបានបង្កឲ្យមានប្រតិកម្មក្ដៅក្រហាយ ឆាបឆេះឡើង​យ៉ាងសន្ធោសន្ធៅ នៅលើបណ្ដាញសង្គម។ នៅព្រឹកថ្ងៃអាទិត្យ នៅក្នុងសេចក្ដីប្រកាសព័ត៌មានជាផ្លូវការមួយ របស់នាយក​រដ្ឋមន្ត្រីអ៊ីតាលី លោក អង់រីតា ឡេតា បានបញ្ចេញកំហឹងក្រេវក្រោបខ្លាំងៗថា «ពាក្យសម្ដីដែលរាយការណ៍នៅថ្ងៃនេះ ដោយ​បណ្ដាញផ្សព្វផ្សាយ និងបាននិយាយចេញពីព្រឹទ្ធសមាជិក កាដឺរ៉ូលី ទាក់ទងលោកស្រី សេស៊ីល គេនហ្ស៍ មិនអាចអោយ​ទទួល​យកបានទេ និងបានទៅហួសជ្រុលពីព្រំដែន»។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន​នោះដដែល លោកនាយករដ្ឋមន្ត្រី​បានបញ្ជាក់ ពីសាមគ្គីភាព និងផ្ដល់ការគាំទ្រទាំងស្រុង ទៅលោកស្រី សេស៊ីល។

ប្រធានព្រឺទ្ធសភាអ៊ីតាលី លោក ភីអេត្រូ ហ្គ្រាសូ (Pietro Grass) បានទាមទារឲ្យលោក កាដឺរ៉ូលី ធ្វើការសុំទោសលោកស្រី សេស៊ីល គេនហ្ស៍ ដូចគ្នានឹងប្រធានសភាជាតិ លោកស្រី ល័រ៉ា ប៊ូឌ្រីនី (Laura Boldrini) ក៏បានសម្ដែងសាមគ្គីភាព ជាមួយ​លោកស្រី​រដ្ឋមន្ត្រីដែរ ដោយថែមទាំងបានថ្កោលទោស ពីពាក្សសម្ដីនេះ ថាគ្រោកគ្រាត និងប្រាសចាកពីច្បាប់។

ចំណែកឯលោកស្រី សេស៊ីល គេនហ្ស៍ វិញ បានប្រកាសនៅថ្ងៃអាទិត្យដដែល ទៅកាន់ភ្នាក់ងារអាន់សា (Ansa) របស់​ប្រទេស​អ៊ីតាលីថា «ខ្ញុំមិនចាត់ទុកពាក្យសម្ដីរបស់លោក កាដឺរ៉ូលី នេះ ជារឿងផ្ទាល់ខ្លួននោះទេ តែវាបានធ្វើឲ្យខ្ញុំមានកង្វល់ ទាក់ទង​នឹង​រូបភាពរបស់ប្រទេសអ៊ីតាលីទាំងមូល»។ លោកស្រីបន្ថែមថា «ខ្ញុំជឿជាក់ថា គ្រប់កម្លាំងនយោបាយទាំងអស់ ត្រូវត្រិះរិះ​ពិចារណា ពីពាក្យសម្ដីដែលត្រូវនិយាយ»។

លោក កាដឺរ៉ូលី ធ្លាប់បង្កើតបញ្ហាម្ដងហើយ កាលពីឆ្នាំ២០០៦ ដែលនៅពេលនោះ លោកបានលាលែងចេញពីរដ្ឋាភិបាល របស់​លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) នៅបន្ទាប់ពីរឿងអាស្រូវពាក់អាវយឺតមួយ ដែលមានចរិក​ប្រឆាំង​អ៊ីស្លាម។

គួរបញ្ជាក់ថា នៅក្រោយមានការតែងតាំងជាសមាជិក នៅក្នុងរដ្ឋាភិបាលនោះមក លោកស្រី សេស៊ីល គេនហ្ស៍ តែង​បានរង​ជា​រឿយៗ នូវការប្រមាថកាតទាន ពីសំណាក់គណបក្សសម្ព័ន្ធភាពខាងជើងដែលជាគណបក្សប្រឆាំងសព្វថ្ងៃ។ នៅក្នុងទំព័រ​ផ្លូវ​ការរបស់លោកស្រី នៅលើបណ្ដាញហ្វេសប៊ុក លោកស្រី គេនហ្ស៍ ថែមទាំងបានរងដោយពាក្យសម្ដី នូវការស្អប់ខ្ពើម​ប្រកាន់ពូជសាសន៍ និងការគម្រាមដល់អាយុជីវិតនោះផងទៀត៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...