ជិះតាក់ស៊ីដោយមិនអស់ប្រាក់ បើស្រវឹងខ្លាំង នៅកាណាដា
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៩ មេសា ២០១៥
- កែប្រែចុងក្រោយ: April 20, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រាន់តែផ្លុំខ្យល់ ចូលទៅក្នុងម៉ាស៊ីនមួយ ដែលដាក់តាមដងផ្លូវ ក្នុងពេលឥឡូវនេះ គេអាចហៅរថយន្ដតាក់ស៊ី ឲ្យមកទទួល យកទៅផ្ទះបាន នៅក្រុង តូរ៉ុងតូ ប្រទេសកាណាដា។ សេវាកម្មនេះ ទើបនឹងដាក់ឲ្យដំណើរការ នៅក្នុងរយៈពេលចុងក្រោយនេះ ដើម្បីធានាដល់សុវត្ថិភាព ចរាចរណ៍ជើងគោង និងដើម្បីឲ្យក្រុមអ្នកស្រវឹង ឈប់កាន់ចង្កូតរថយន្ដ ដោយខ្លួនឯង ត្រឡប់ទៅផ្ទះវិញ។
ប្រអប់សម្រាប់ធ្វើការត្រួតពិនិត្យដោយស្វ័យប្រវត្តិនោះ មានឈ្មោះថា Uber safe ហើយត្រូវបានយកមកដាក់ នៅក្បែរនឹងរង្គសាល ឬកន្លែងកំសាន្ដសំខាន់ៗ សម្រាប់ឲ្យមនុស្ស ដែលចេញពីទីនោះ ធ្វើការផ្លុំសាកល្បង ពីជាតិអាល់កុល នៅក្នុងខ្លួន។ ដើម្បីដឹងពីលទ្ធផល គេត្រូវផ្លុំឲ្យបានយូរ ក្នុងរយៈពេល៦នាទី ហើយបើលទ្ធផលចេញមក បង្ហាញថា កម្រិតជាតិសុរា នៅក្នុងខ្លួន មានហួសកំណត់នោះ រថយន្ដតាក់ស៊ីមួយ នឹងត្រូវបានហៅ ដោយស្វ័យប្រវត្តិ ដើម្បីមកដឹកអ្នកស្រវឹងនោះ ទៅផ្ទះ។
ប្រសើរណាស់មែនទេ?
ពិតហើយ! ជាសារដ៏សំខាន់មួយ សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ តែមិនអាចមាន រយៈពេលយូរបានទេ ព្រោះបើមានបែបនេះ មនុស្សនឹងនាំគ្នា សេពសុរាឲ្យកាន់តែស្រវឹងឡើង ដោយអាងថា បើស្រវឹងខ្លាំង នឹងមានរថយន្ដតាក់ស៊ី មិនបង់ប្រាក់ មកជូនខ្លួន ឲ្យត្រឡប់ទៅផ្ទះវិញ។ តែបើនិយាយឲ្យស៊ីជម្រៅ វាជាផ្នែកមួយ នៃការផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុន Uber ដែលត្រៀមនឹងបញ្ចេញ សេវាកម្មមួយទៀត ក្នុងពេលខាងមុខ នេះប៉ុណ្ណោះ៕