សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍កើនឡើង តែដំណោះស្រាយនៅឆ្ងាយ
ក្នុងពេលបច្ចុប្បន្ននេះ បញ្ហាគ្រោះថា្នក់ចរាចរណ៍បានបណ្តាលឲ្យពលរដ្ឋកម្ពុជាស្លាប់ យ៉ាងហោចណាស់ក៏៣ទៅ៦នាក់ដែរក្នុងមួយថ្ងៃ ហើយតួលេខខ្ពស់ និងគួរឲ្យមានការព្រួយបារម្ភនេះ បានជម្រុញឲ្យមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល លើកឡើងថា វាជាសោតនាដកម្មធ្ងន់ធ្ងរនៅក្នុងគ្រួសារជនរងគ្រោះ និងសង្គមជាតិទាំងមូល ហើយចាំចាច់ត្រូវរួមគ្នាពីគ្រប់ភាគី ដើម្បីដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព។
មើលមួយភ្លែតដូចការជួបប្រជុំគ្នា ឬជាផ្សារណាត់មួយ ក្នុងផ្លូវបែកជាបួន។ តែមិនមែនទេ ព្រោះអ្នកប្រើប្រាស់យាន្តទាំងអស់នេះ កំពុងតែធ្វើចរាចរណ៍ និងស្វែងរកច្រកចេញ ទៅតាម«សម្មាអាជីវោ» រៀងៗខ្លួនទៅហោង។
គ្រោះថ្នាក់ចរាចរណ៍ - ថ្លែងក្នុងពិធីមួយនៅក្រសួងព័ត៌មាន ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះលោក ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានលើកឡើងថា តួលេខជាមធ្យមដែលប្រជាពលរដ្ឋកម្ពុជា បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃពី៣ទៅ៦នាក់ គេអាចគិតថាមិនច្រើន ប៉ុន្តែបើគេគិតពីផលប៉ះពាល់ដល់គ្រួរសារ និងសង្គមក្រោយពេលអ្នកនោះស្លាប់ វាពិតជាមានភាពធ្ងន់ធ្ងរ ជាពិសេសបើជនរងគ្រោះនោះជាមេគ្រួសារ។
លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា៖ «បើយើងនិយាយតែចំនួនតួលេខអត់មានអីច្រើនទេ តែបើយើងគិតថាអ្នកស្លាប់ជាមេគ្រួសារ ជាឆ្នាំងបាយរបស់គេ គ្រួសារមួយដែលធ្លាប់មានជីវភាពខ្ពស់នោះ តើមានជីវភាពធ្លាក់ចុះប៉ុណ្ណា(...) ទាល់តែយើងគិតញ្ចឹង បានយើងឃើញសោតនាដកម្មប៉ុណ្ណា»។
តំណាងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ឈួន វ៉ន់ ក្នុងពិធីដដែលនេះ បានលើកឡើងថា មូលហេតុដែលណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនបណ្តាលមកពីកំហុសផ្សេងៗ មានជាអាទិ៍ៈការបើកហួសល្បឿនកំណត់មានចំនួន(៥២%) បើកក្រោមឥទ្ធិពលជាតិស្រវឹង(១៣%) ការមិនគោរពសិទ្ធិអាទិភាព(៩%) និងការបើកបរប្រជែងដោយមិនមានការប្រុងប្រយ័ត្ន(៩%)...។ល។
តំណាងគណៈកម្មាធិការដដែលនេះ អះអាងថាជនរងគ្រោះដែលស្លាប់ភាគច្រើន ជាយុវជនមានអាយុតិចជាង៣០ឆ្នាំ ដែលពួកគេប្រកបដោយថាមពល សម្រាប់ការអភិវឌ្ឍន៍ប្រទេស។ ដូច្នេះតាមរយៈច្បាប់ចរាចរណ៍ថ្មី ដែលកំពុងតែធ្វើវិសោធនកម្ម ហើយដែលអាចមានការដាក់ទោសធ្ងន់ធ្ងរជាង មុនពេលធ្វើវិសោធនកម្មនោះ រដ្ឋាភិបាលនឹងអនុវត្តច្បាប់ថ្មីនេះឲ្យមានប្រសិទ្ធិភាព។
គួររម្លឹកថា ដើម្បីឆ្លើយតបនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកនិងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ជាពិសេសកាកបាទក្រហម វិស័យឯកជនបានសហការគ្នារៀបចំនូវសេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី គោលនយោបាយជាតិ ស្តីពីសុវត្ថិភាពចរាចរណ៍ ផែនការសកម្មភាពជាតិទសវត្សន៍សុវត្ថិភាព ចរាចរណ៍ផ្លូវគោកឆ្នាំ២០១១ - ២០២០ និងផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ជាច្រើន ទៀត ក្នុងទិសដៅចាត់វិធានការទប់ស្កាត់ កាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ ចរាចរណ៍ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។
លើសពីនេះ ស្ថាប័នទាំងនោះបានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយស្ពតអប់រំ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីកត្តាហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងកម្មវិធីផ្សេងៗទៀត ដែលការផ្សព្វផ្សាយទាំងនោះមានលក្ខណៈទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដើម្បីបង្កើនការ យល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឲ្យជ្រួតជ្រាបដល់ប្រជាជនគ្រប់ស្រទាប់ ធានាបាន នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព។
គ្រោះថ្នាក់ចរាចរណ៍ ... តោះ យើងនាំគ្នាបន់ស្រន់ កុំឲ្យជួបវានៅថ្ងៃស្អែក !
បើទោះជាមានការលើកឡើងពីការអប់រំកែប្រែ និងការពង្រឹងការអនុវត្តច្បាប់យ៉ាងនេះក្តី ក៏អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជាបានកត់សម្គាល់ថា ច្បាប់ប្រាកដជាមិនអាចអនុវត្តមានប្រសិទ្ធិភាពនោះទេ ប្រសិនបើរដ្ឋាភិបាលមិនអាចលប់បំបាត់អំពើពុករលួយ និងការផ្តល់ប្រាក់ខែសមរម្យដល់មន្រ្តីនគរបាលចរាចរណ៍។ ម្យ៉ាងទៀត គេត្រូវនិយាយទៅលើសមត្ថភាពរបស់មន្ត្រីមេដឹកនាំនៃក្រុមសមត្ថកិច្ចទាំងនោះ ថាតើមានដល់កម្រិតណា ដើម្បីអាចចាត់វិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដ៏រង្គាលនេះ ខណៈដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជិត៣០ឆ្នាំ បែរជាបានបន់ស្រន់សំពះទេវតា សុំកុំឲ្យថ្ងៃស្អែកមានគ្រោះថ្នាក់ចរាចរណ៍នោះ៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ