គ្រូ​បង្វឹក​វាយ ហុកឃី លួច​ថត​សិស្ស​ស្រី​ស្រាត​ខោ​អាវ នៅ​ហូឡង់

គ្រូបង្វឹកកីឡា ហុកឃី មួយរូប ត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសហូឡង់ ពីបទបាន«លួចថត» តាំងពីជាង៥ឆ្នាំមកហើយ សិស្សស្រីរបស់ខ្លួនផ្លាស់ខោអាវ នៅក្នុងបន្ទប់។ ហេតុការណ៍បានកើតឡើង នៅក្នុងក្លឹប ហុកឃី ដ៏ល្បី នាទីក្រុងឡាអេ។ ក្នុងចំណោមសិស្សស្រីរងគ្រោះទាំងនោះ មានសិស្សស្រីបីនាក់ ជាខ្សែររាជវង្សហូឡង់នោះផង។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៥ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 06, 2014
  • ប្រធានបទ: លួចថត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សំនុំរឿងនេះ បានផ្ទុះឡើងធ្វើឲ្យកក្រើក ទូទាំងប្រទេសហូឡង់ ព្រោះវាបានប៉ះពាល់ទៅដល់ សមាជិក​រាជ​វង្ស​របស់ប្រទេសនេះ។ គ្រូបង្វឹក ហុកឃី (ជាកីឡាវាយកូនបាល់កៅស៊ូ លើស្មៅ ឬនៅលើទឹកកក) មួយរូប ត្រូវ​បានឃាត់ខ្លួន ពីបទបាន«លួចថតវីដេអូ»សិស្សស្រីរបស់ខ្លួន កំពុងផ្លាស់ប្ដូរខោអាវ នៅក្នុងក្លឹប ហុកឃី HGC ដ៏ល្បីឈ្មោះ នាទីក្រុង ឡាអេ។ គ្រូបង្វឹកអាយុ៤៥ឆ្នាំរូបនេះ បានប្រព្រឹត្តិអំពើនេះ តាំង​ពី​ជាង​៥​ឆ្នាំ​មក​ហើយ ដោយបានដាក់កាម៉េរ៉ាវីដេអូ យ៉ាងសំងាត់មួយ នៅលើពិដាននៃបន្ទប់ផ្លាស់ខោអាវ របស់​សិស្ស​ស្រីៗ​ទាំង​នោះ។

ការិយាល័យរាជអាជ្ញា ប្រចាំក្រុងឡាអេ បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ថាស ឌីវីឌី ជា​ច្រើន ត្រូវបានរកឃើញ និងមានផ្ទុករូបភាពលួចថតជាសំងាត់ ពីបន្ទប់ផ្លាស់ខោអាវរបស់សិស្សស្រី។ នៅ​ក្នុង​រូបភាពទាំងនោះ គេអាចមើលឃើញថា កូនសិស្សស្រីទាំងនោះ កំពុងដោះដូរខោអាវ និងមួយចំនួនទៀត មិន​មាន​ខោអាវស្លៀកពាក់ឡើយ។»

ក្លឹប ហុកឃី HGC ដ៏ល្បី ជាកន្លែងបង្ហាត់កីឡាដ៏ពិសេស នៅប្រទេសហូឡង់ រហូតដល់មានបុត្រីបីអង្គ ជា​សមាជិក​រាជវង្ស ត្រូវបានបញ្ជូនឲ្យមកហាត់រៀន នៅទីនោះផង។ ក្នុងចំណោមម្ចាស់ក្សត្រីក្មេងទាំងបីអង្គ មាន​មួយអង្គជារាជទាយាទ ត្រៀមនឹងស្នងរាជបល្ល័ង្គ ព្រះជន្មាយុ ១០ព្រះវស្សា ថែមទៀត។ ការិយាល័យ​រាជអាជ្ញា បានបញ្ជាក់ទៀតថា៖ «ម្ចាស់ក្សត្រីទាំងបី មិនមានឃើញនៅក្នុងរូបភាពវីដេអូទាំងនោះទេ។ ប៉ុន្តែ​ភាគច្រើន ពីក្នុងចំណោមសិស្សស្រីទាំងនោះ មានអាយុពី ១៦ ដល់១៨ឆ្នាំ និងមួយចំនួនទៀត ជាសិស្ស​ទើប​នឹងអាយុ ១២ឆ្នាំ។»

ក្រុមអ្នកស៊ើបអង្កេត បានឲ្យដឹងទៀតថា រូបភាពលួចថត ត្រូវបានធ្វើរវាងពីឆ្នាំ២០០៦ មកឆ្នាំ២០១១ ហើយ​គេ​កំពុងបន្តការស៊ើបបន្តទៀត ដើម្បីឲ្យច្បាស់ ថាតើរយៈពេលនៃការប្រព្រឹត្តិល្មើសនេះ មានច្រើនជាងនេះឬ​យ៉ាងណា។

ជន​ប្រព្រឹត្តិ អាយុ៤៤ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីចុងខែសីហាកន្លងទៅ។ ជនត្រូវបានកំណត់​អត្តសញ្ញាណ​បាន ដោយសារសម្ភារៈដែលខ្លួនបានតម្លើង នៅក្នុងបន្ទប់ផ្លាស់ខោអាវនោះ។ នៅក្នុងវីដេអូ គេឃើញ​បុរស​ចំណាស់​នេះ តែងបានទៅត្រួតពិនិត្យដំណើរការ របស់កាម៉េរ៉ា ដែលខ្លួនបានដាក់តម្លើងនៅក្នុងពិដាន។ នៅ​ពេល​កង​នគរបាលចូលទៅឆែកឆេរ ក្នុងលំនៅដ្ឋានរបស់ជនសង្ស័យ គេបានរកឃើញវីដេអូ អាសអាភាស​នៃ​កុមារ​មិន​ទាន់គ្រប់អាយុជាច្រើន។ កាលពីថ្ងៃព្រហស្បត្ត៍កន្លងមក បុរសនេះ ត្រូវបានបង្ហាញខ្លួននៅមុខ​ចៅក្រម មុន​នឹង​ត្រូវ​បានយកទៅឃុំខ្លួន រងចាំសវនាការកាត់ទោស នៅពេលខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...