យន្ដហោះ TransAsia ធ្លាក់នៅតៃវ៉ាន់ យ៉ាងហោច២៥នាក់ស្លាប់ (vdo)
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 04, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្ស១៥នាក់ បានរួចរស់មានជីវិត ពីហេតុការណ៍ធ្លាក់យន្ដហោះនេះ ដែលទើបតែហោះងើបខ្លួន បានបន្តិចពីព្រលានយន្ដហោះ នៅវេលាម៉ោង ១០ និង៥៥នាទី ព្រឹកថ្ងៃពុធ ទី០៤ ខែកុម្ភៈនេះ។ បើតាមអាជ្ញាធរផ្នែកអាកាសចរណ៍ស៊ីវិលរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា មានមនុស្ស១៧នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។
វីដេអូមួយដែលថតដោយ អ្នកបើកបររថយន្ដម្នាក់ បានបង្ហាញថា យន្ដហោះធុន ATR 72-600 បានធ្លាក់ក្នុងសភាពផ្អៀងខ្លួនទៅមួយចំហៀង នៅលើផ្លូវស្ពានមួយ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រលានយន្ដហោះ។ បន្ទាប់មកយន្ដហោះ ដែលទំនងជាបានគេចខ្លួនរួច ចេញពីការប៉ះទង្គិចជាមួយអាគារធំៗនោះ បានបញ្ចប់វាសនារបស់ខ្លួន នៅក្នុងស្ទឹង។
អ្នកដំណើរមួយចំនួនដែលមានពាក់អាវការពារ បានបណ្ដោះខ្លួនចេញម្ដងម្នាក់ ពីតួបាក់បែកនៃយន្ដហោះ និងពីទឹក ខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះ បានជិះកាណូតផ្លុំខ្យល់របស់ពួកគេមកដល់។
បើតាមការថតសម្លេងបានរវាងការិយាល័យត្រួតពិនិត្យការហោះហើរ និងយន្ដហោះ បានឲ្យដឹងពីសម្លេងចុងក្រោយរបស់អ្នកបើកបរយន្ដហោះថា៖ «សុំជំនួយ ៗ ម៉ាស៊ីនប្រតិកម្មយន្ដហោះរលត់!»។
ប្រសិនបើយន្ដហោះប្រភេទ ATR 72-600 អាចហោះរួចជាមួយនឹងម៉ាស៊ីនប្រតិកម្មយន្ដហោះតែមួយចំហៀង ប៉ុន្តែហេតុការណ៍នេះ ទំនងជាមិនអាចទៅរួចទេ នៅពេលដែលយន្ដហោះទើបនឹងហោះងើបពីដី ដែលទាមទារឲ្យមានកម្លាំងធាក់រួម របស់ម៉ាស៊ីនប្រតិកម្មទាំងពីរ។
អាជ្ញាធរបានបញ្ជាក់ទៀតថា ពីក្នុងចំណោមអ្នកដំណើរទាំង៥៨នាក់ មាន៣១នាក់ ជាទេសចរណ៍មកពីប្រទេសចិនដីគោក។ ពីប្រទេសចិន នាយករដ្ឋមន្ត្រីរបស់ប្រទេសកុម្មុយនីស លោក លី កេកៀន (Li Keqiang) បានថ្លែងថាក្រុងប៉េកាំង មានបំណងចង់ជួយឈឺឆ្អាល ក្នុងករណីនេះ។
ក្រុមហ៊ុនអាកាសចរណ៍ តេនអេសៀ ជាក្រុមហ៊ុនទីបីនៅកោះតៃវ៉ាន់។ កាលពីខែកក្កដាកន្លងទៅ យន្ដហោះធុនដដែល (ATR 72-500) នេះ បានធ្លាក់នៅលើកោះប៉េនហ្គូ (Penghu) បង្កឲ្យមនុស្ស៤៨នាក់ ពីក្នុងអ្នកដំណើរទាំង៥៨នាក់ បានស្លាប់។
នាយកក្រុមហ៊ុនអាកាសចរណ៍នេះ លោក ឆេន ស៊ីនដេ (Chen Xinde) បានថ្លែងសុំទោសទៅដល់ក្រុមគ្រួសារនៃជនរងគ្រោះ នៅក្នុងសន្និសីទការសែតមួយផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍។ បើតាមអាជ្ញាធរ បានថ្លែងបញ្ជាក់ដែរថា យន្ដហោះដែលទើបនឹងធ្លាក់នេះ បានទទួលការត្រួតពិនិត្យ កាលពីថ្ងៃទី២៦ ខែមករាកន្លងទៅនេះ រីឯអ្នកបើកបរយន្ដហោះវិញមានបទពិសោធន៍ក្នុងការហោះហើរ ចំនួន៤៩១៦ម៉ោង ខណៈឯជំនួយការបើកបរយន្ដហោះ មានបទពិសោធន៍ក្នុងការហោះហើរ ចំនួន ៦៩២២ម៉ោង៕