ហ៊ុន ម៉ាណែត លើក​ពី​ទស្សនៈ​«ទឹក​កន្លះ​កែវ»

តើអ្វីទៅ ជាទឹកកន្លះកែវ? បើតាមលក្ខណៈវិទ្យាសាស្ត្រ ពាក្យ«ទឹកកន្លះកែវ» មិន​ពិបាក​ពន្យល់​ទេ ហើយ​ក៏​មិន​ពិបាក មើលឃើញនឹងភ្នែកផ្ទាល់ដែរ។ តែលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់ លោក ហ៊ុន សែន បាន​យក​ពាក្យ​នេះ មក​ពន្យល់​ទាក់​ទង នឹង​ករណី​ផ្សេង​ទៅ​វិញ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៧ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 18, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនបើលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា ពូកែវោហា និយាយនៅជាប់នឹងមេក្រូ អាច​រហូតបានដល់ទៅ៥ម៉ោង តែម្នាក់ឯងនោះ មើលទៅលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ក៏​ពូកែ​វោហា មិនចាញ់ឪពុករបស់លោកដែរ។ ជាពិសេស ទស្សនៈដែលលោកលើកឡើង ទាក់ទងនឹង«ទឹក​កន្លះ​កែវ» នៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យកម្មវិធីមួយ របស់ទូរទស្សន៍អូស្ត្រាលី «ABC» កាល​ពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៥​កន្លងមក។

តបនឹងសំនួរ របស់អ្នកសារព័ត៌មាន អ្នកស្រី «Beverley O’Connor» ដែលសួរថា «ឪពុក​របស់លោក​ដឹកនាំ​ប្រទេស​ អស់​រយៈពេល​៣០​ឆ្នាំ បានរងការ​រិះគន់ថា មានការ​ជិះជាន់ អំពើពុករលួយ និង​បក្សពួកនិយម តើ​​លោក​គិតថា គួរ​មាន​ទស្សនៈ​ផ្សេង​ ពីឪពុកលោក ឬ​យ៉ាងណា​?​»នោះ លោក ហ៊ុន ម៉ាណែត ដំបូងឡើយ បាន​ជ្រើស​រើសយក ការពង្វាងសំនួរ ដោយលើកយកឧទាហរណ៍ ទាក់ទងនឹង«វិទ្យាសាស្ត្រពិត»មួយមកនិយាយ។

លោកបានឆ្លើយនូវឃ្លាដំបូងថា៖ «គ្មាន​ផ្លូវ​ណា ដែល​យើង​អាចបំពេញ និង​តម្រូវ​មនុស្ស​គ្រប់គ្នា ​បាន​នោះទេ​»។ បន្ទាប់មក ទើបលោកបានយកទស្សនៈ«ទឹកកន្លះកែវ» មករៀបរាប់ថា៖ «អ្នកខ្លះ​មើលឃើញថា ទឹក​កន្លះ​កែវ អ្នក​ខ្លះ​ថា​គ្មាន​ទឹក ហើយ​អ្នក​ខ្លះ​ មើលឃើញ​ទឹក​កន្លះ​កែវ​ ថា​ទឹក​ពេញ។ នេះ​ជា​ទស្ស​នះ​របស់​ពួកគេ ហើយ​ការ​សម្រេច​ចិត្ត​របស់​ពួកគេ យើង​គោរព​ការសម្រេច​របស់​ពួកគេ។»។

ការអះអាងរបស់ អតីតនិស្សិត នៃសាលាបណ្ឌិតសភាយោធា សហរដ្ឋអាមេរិក (ហៅជាភាសាអង់គ្លេស «West Point Academy») រូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ របស់លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ខ្មែរមួយរូប ដែល​បានចូលនិវត្តន៍ នៅប្រទេសបារាំង ឲ្យធ្វើការពន្យល់តបវិញ។ ថ្លែងតាមទូរស័ព្ទ ប្រាប់ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ លោក ព្រហ្ម គិត បាន​យល់ឃើញថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ពោរពេញ​ដោយ​ភាព​អាថ៌កំបាំង ដោយសារតែការដឹកនាំនៅក្នុងប្រទេសមួយ មិនអាចប្រៀបផ្ទឹម មកត្រឹមតែ​«ទឹក​កន្លះ​កែវ»​នោះ​ឡើយ។

អតីតមន្ត្រីច្បាប់ បានថ្លែងឡើងថា៖ «សម្ដីរបស់លោក ហ៊ុន ម៉ាណែត ចង់បង្ហាញថា នៅកម្ពុជា មានមនុស្ស​ឃើញ​អញ្ចេះ ទៅថាអញ្ចុះ ឬមនុស្សនិយាយខុសពីការពិត ដល់ទៅពីរភាគបីហើយ។ តែលោក ហ៊ុន ម៉ាណែត មិន​បានពន្យល់តទៅទៀតទេ ថាតើកែវនោះ មានលក្ខណៈយ៉ាងដូចម្ដេច ថ្លាឈ្វង់ ឬស្រអាប់? ហើយទឹកនោះ ជា​ទឹក​មែនទែន ឬគ្រាន់ជាគំនូសបន្លំធ្វើទឹក?»។ លោក ព្រហ្ម គិត បានពន្យល់ពីឧទាហរណ៍ បែប«វិទ្យាសាស្ត្រ​ពិត» របស់លោក ហ៊ុន ម៉ាណែត ថាបើកែវស្រអាប់ ធ្វើម៉េចគេមើលឃើញទឹក? ហើយបើគ្រាន់តែគូស ជា​គំនូស​ថា​មាន​ទឹក នោះលោក ហ៊ុន ម៉ាណែត គួរអរគុណអ្នកដែលមើលឃើញ ខាងក្នុងកែវ ហើយហ៊ាននិយាយថា កែវ​នេះ​គ្មាន​ទឹកទេ៕


» កិច្ចសម្ភាសទាំងស្រុង របស់លោក ហ៊ុន ម៉ាណែត ក្នុងកម្មវិធីទូរទស្សន៍អូស្ត្រាលីដូចតទៅ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...