ហ៊ុន សែន៖ កម្ពុជាចាំបាច់ត្រូវមាន«ច្បាប់»គ្រប់គ្រង NGO
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 05, 2015
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពមន្ទិលសង្ស័យ ទៅលើច្បាប់ស្ដីពី សមាគម អង្គការក្រៅរដ្ឋាភិបាល នឹងលែងមានតទៅទៀតហើយ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការក្រើនរំលឹកជាថ្មីថា កម្ពុជាចាំបាច់ណាស់ កម្ពុជាត្រូវមានច្បាប់គ្រប់គ្រង មួយជាក់លាក់។
ថ្លែងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៤១ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាល នឹងត្រូវគណៈរដ្ឋមន្ត្រី ធ្វើការអនុម័ត នាពេលខាងមុខនេះ ហើយបន្ទាប់មក នឹងបញ្ជូនទៅកាន់រដ្ឋសភា។ លោកបានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ មានការពិគ្រោះយោបល់ច្រើនមកហើយ រួមទាំងការទទួលយក នូវធាតុថ្មីៗ ដែលបានស្នើសុំ បញ្ចូលក្នុងច្បាប់នេះ។
លោកបានបង្ហាញថា មូលហេតុ ដែលនាំឲ្យមានការបង្កើតច្បាប់ សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ ព្រោះលោក ចង់ឲ្យមានការទ្រទ្រង់ និងលើកទឹកចិត្ត សកម្មភាពរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលនឹងប្រព្រឹត្តទៅ ស្របតាមច្បាប់ធានា។ លោកថា ភាពចាំបាច់នៃការធ្វើច្បាប់នេះ ព្រោះមានអង្គការ ក្រៅរដ្ឋាភិបាល មួយចំនួន អស់ពីឲ្យលុយទៅពលរដ្ឋខ្ចី ឥឡូវមានអង្គការក្រៅរដ្ឋាភិបាល មួយចំនួនទៀត បែរជា ទៅយកលុយពីពលរដ្ឋវិញ។
លោក ហ៊ុន សែន បានស្នើឲ្យ សមាគម និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ កុំមានការព្រួយបារម្ភពីច្បាប់នេះ ដែលមានតួនាទីសំខាន់ ក្នុងការការពារ នូវសិទ្ធិបុគ្គលគ្រប់រូបនោះ។ លោកបានថ្លែងឡើងថា៖ «ច្បាប់នេះ នឹងបើកទូលាយសកម្មភាព ឲ្យអ្នកទៅតាមផ្លូវច្បាប់មួយ។ ការធានា ទៅតាមផ្លូវច្បាប់មួយ បានសេចក្តីថា ធ្វើអ្វីក៏ដោយ មានច្បាប់គ្រប់គ្រង។ ហើយច្បាប់នេះ រដ្ឋធម្មនុញ្ញតម្រូវក្នុងមាត្រាទី៤២ ចែងថា ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបង្កើតសមាគម និងបក្សនយោបាយ។ សិទ្ធិនេះ ត្រូវកំណត់ស្តីពី ការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល និងសមាគម ដោយច្បាប់។ យើងបានធ្វើច្បាប់ ស្តីពីបក្សនយោបាយរួចហើយ តែមិនទាន់បានធ្វើច្បាប់ ស្តីពី ការបង្កើតសមាគម និងបក្សនយោបាយ។»៕