ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថារដ្ឋាភិបាលប្រើ«ផែនទីក្លែងក្លាយ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៨ សីហា២០១៥
- កែប្រែចុងក្រោយ: September 04, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ សម្រាប់បោះបង្គោលសព្វថ្ងៃនេះ ជាផែនទីមួយ ដែលប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថា ធ្លាប់បានថ្វាយ អង្គព្រះបរមរតនៈកោដ្ឋ ដែលកាលនោះព្រះអង្គ បានបញ្ជាក់ថា នោះជា«ផែនទីក្លែងក្លាយ»។ នេះជាការអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក្នុងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥នេះ ទាក់ទងនឹងផែនទីព្រំដែន ដែលរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ក្នុងពេលកន្លងមក ដើម្បីយកទៅចរចា ជាមួយប្រទេសវៀតណាម ហើយក្រុមនេះ បានបញ្ជាក់ទៀតថា ខ្លួនមិនដែលទទួលស្គាល់ ជាដាច់ខាត ចំពោះសន្ធិសញ្ញា ព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ទៅលើសន្ធិសញ្ញាព្រំដែនរដ្ឋខុសច្បាប់ កម្ពុជា- វៀតណាម ឆ្នាំ១៩៨៥ ឡើយ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានលោក ប៉ែន ណាត ជាប្រធាន បានស្រង់នូវព្រះឱង្ការ នៃអតីតអង្គព្រះមហាក្សត្រ នរោត្តម សីហនុ មកសរសេរ ក្នុងសេចក្ដីថ្លែងការណ៍នេះថា៖ «ឯកឧត្តម វ៉ា គឹមហុង ហ៊ានបង្ហាញខ្ញុំ នូវផែនទីក្លែងក្លាយ ជាផែនទីពីសម័យសង្គមរាស្រ្តនិយម។ (...) ផែនទីទាំងឡាយណា ដែលផ្ទុយពីការកំណត់ ក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជាផែនទី មិនអាចយកប្រើប្រាស់ ក្នុងការបោះបង្គោល ជាមួយវៀតណាមជាដាច់ខាត។»
បន្ថែមពីលើការដកស្រង់ខាងលើ លោក ប៉ែន ណាត បានយកសំណេរ ដែលមាននៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ២០០៥ មករំលឹកឡើងវិញថា៖ «“សូមចូលរួមកាន់ទុក្ខ ចំពោះភាពគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ នៃបញ្ហាបូរណភាពទឹកដីខ្មែរ”។ តំណាងរាស្រ្តបក្សសមរង្ស៊ី ២៤ រូប (នៅពេលនោះ បាន) ដើរចេញ ពីរដ្ឋសភា ប្រឆាំងសន្ធិសញ្ញានេះដែរ។»
ការប្រកាសខាងលើ របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាន នៅប្រទេសណ័រវេស បានផ្សាយចេញ បន្ទាប់ពីការផ្ទៀងផ្ទាត់ ផែនទីព្រំដែនកម្ពុជា ត្រូវបានធ្វើឡើង យ៉ាងគគ្រឹកគគ្រេង រវាងផែនទីព្រំដែន ដែលរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ ជាមួយនឹងផែនទី ផ្ញើរទុកនៅប្រទេសមហាអំណាចនានា និងនៅអង្គការសហប្រជាជាតិ។ បន្ទាប់ពីការផ្ទៀងផ្ទាត់នោះ រដ្ឋាភិបាលខ្លួនឯង ក៏ដូចជារាជបណ្ឌិតសភាកម្ពុជា (ដែលជាស្ថាប័នមួយ របស់រដ្ឋាភិបាលដដែល) តែងបានប្រកាសថា ផែនទីទាំងអស់ មានលក្ខណៈដូចគ្នាទាំងស្រុង។ តែការប្រកាសនោះ មិនទាន់ត្រូវបានគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រគណបក្សនេះ បង្ហាញពីជំហរទទួលយកនៅឡើយ។
លោក អ៊ុំ សំអាន តំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ ធ្លាប់បានអះអាង និងទទួលស្គាល់ថា អង្គអតីតព្រះមហាក្សត្រកម្ពុជា ធ្លាប់មានព្រះបន្ទូលថា លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា បានយក«ផែនទីក្លែងក្លាយ ថ្វាយទ្រង់ទត។
» សូមអានអត្ថបទលម្អិត និងទស្សនាជាវីដេអូបន្ថែម ដោយចុចនៅលើទីនេះ។
តែការលើកឡើង ថារដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់«ផែនទីក្លែងក្លាយ» ត្រូវបានទាត់ចោល ដោយរដ្ឋាភិបាលខ្លួនឯង និងតាមរយៈមន្ត្រីជាន់ខ្ពស់ ជាបន្តបន្ទាប់។ រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា (ដែលកំពុងកាន់អំណាច) បានហៅការចោទរដ្ឋាភិបាល ថាប្រើ «ផែនទីក្លែងក្លាយ» នេះ គ្រាន់តែចង់បានប្រជាប្រិយភាពពីពលរដ្ឋ របស់ក្រុម ឬគណបក្សនោះប៉ុណ្ណោះ។ ហើយដើម្បីជម្រះមន្ទិលនេះ យុទ្ធនាការផ្ទៀងផ្ទាត់ផែនទី ត្រូវបានរដ្ឋាភិបាលយកមកប្រើប្រាស់ រហូតឈានទៅដល់ការព្រមាន ថានឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងនរណា ឬក្រុមណាក៏ដោយ ដែលនៅតែហ៊ាននិយាយថា រដ្ឋាភិបាលប្រើ«ផែនទីក្លែងក្លាយ»។
» សូមអានអត្ថបទលម្អិត និងទស្សនាជាវីដេអូបន្ថែម ដោយចុចនៅលើទីនេះ។
ផ្ទុយទៅវិញ យុទ្ធនាការផ្ទៀងផ្ទាត់ផែនទីនោះ ត្រូវបានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដដែល វាយតម្លៃថា មានបំណងដើម្បីលុបលាងកំហុសប្រវត្តិសាស្ត្រ ដែលរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន សែន ធ្វើឡើងក្នុងអំឡុងពេល នៃការដឹកនាំរបស់ខ្លួន។ សេចក្ដីថ្លែងការណ៍ បានសរសេរថា៖ «រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ផែនទីផ្សេង មកផ្ទៀងផ្ទាត់ ក្នុងបំណងចង់ស្តារប្រជាប្រិយភាពនយោបាយ, ចង់លុបលាងកំហុសប្រវត្តិសាស្រ្ត និងចង់ឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត។ ប៉ុន្តែការបោះបង្គោលព្រំដែន លើដីជាក់ស្តែង រដ្ឋាភិបាលប្រីប្រាស់ផែនទីមិនត្រឹមត្រូវ "ក្លែងក្លាយ" ជាផែនទីអមសន្ធិសញ្ញាព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាមឆ្នាំ១៩៨៥។»៕
» សូមអានសេចក្តីថ្លែងការណ៍លំអិត ដូចខាងក្រោម៖