អ្នកកាសែតចូលរដ្ឋសភា ដើម្បីទៅឆក់ប្លន់ ប៉ះពាល់ដល់សន្ដិសុខ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១៧ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 18, 2015
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីបណ្ដេញអ្នកសារព័ត៌មាន ចេញពីរដ្ឋសភាព ទំនងជាត្រូវបានលោក ឈាង វុន និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្លែងពង្វាង ដោយនិយាយយោង ពីសន្ដិសុខរបស់រដ្ឋសភាទៅវិញ នេះបើតាម លិខិតមួយច្បាប់ ចេញដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បន្ទាប់ពីការថ្លែង របស់លោក ឈាង វុន នៅក្នុងសន្និសីទសារព័ត៌មាន ដែលប្រាប់លោក ខៀវ កាញារីទ្ធ ទាក់ទងនឹង«អធិបតេយ្យភាព» នៃបរិវេណរបស់រដ្ឋសភា។
លិខិតចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ របសអគ្គលេខសធិការដ្ឋាន រដ្ឋសភា បានឲ្យដឹងថា រដ្ឋសភាព ជាស្ថាប័នសាធារណៈរបស់រដ្ឋ មិនមែនជាកន្លែងសាធារណៈ ដូចទីលានប្រជាធិបតេយ្យ និងសួនច្បារសាធារណៈ នោះទេ។ ប៉ុន្តែចំពោះអ្នកសារព័ត៌មាន ពុំមានការហាមឃាត់ ក្នុងការទាក់ទង ធ្វើការចេញចូលណាមួយឡើយ ដោយគ្រាន់តែអ្នកសារព័ត៌មាន (១) ត្រូវមានប័ណ្ណអ្នកសារព័ត៌មាន ចេញដោយក្រសួងព័ត៌មាន ហើយត្រូវប្ដូរយកប័ណ្ណចេញចូល ពីមន្ត្រីសន្តិសុខរបស់រដ្ឋសភា និង (២) ត្រូវគោរពតាមការចាត់ចែង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
ទៅរៀនសូត្រឡើងវិញ ព្រោះរដ្ឋសភាមិនមែនជាផ្សារត្រី...
លិខិត ដែលចុះហត្ថលេខាដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរបស់រដ្ឋសភា បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា និងចេញផ្សាយ មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃទី១៨ ខែកក្កដា ក្រោយការថ្លែង ទៅកាន់អ្នកសារព័ត៌មាន របស់លោក ឈាង វុន អ្នកនាំពាក្យ និងជាប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដែលបានរំលឹកប្រដៅ ឲ្យរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ទៅ«រៀនសូត្រ»ឡើងវិញ ដោយបានអះអាថា រដ្ឋសភាមិនមែនជាទីផ្សារ«លក់ត្រី» សម្រាប់អ្នកណាចូលក៏បាននោះឡើយ។
ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា លោក ឈាង វុន បានថ្លែងថា នឹងផ្ញើលិខិត ព្រមទាំងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ឲ្យលោក ខៀវ កាញារីទ្ធ បានអាន។ លោក ឈាង វុន និយាយថា៖ «ខ្ញុំសុំផ្ញើរ ម៉េសសេក (សារ) ហ្នឹង ជូនឯកឧត្តម ខៀវ កញារិទ្ធ មិនមែនចេះតែចូលមកទេ។ ត្រូវបង្ហាញខ្លួននៅមុខសន្តិសុខ។ ហ្នឹង គេរៀបចំអញ្ចឹង។ ត្រូវទទួលយកស្លាកសញ្ញាភ្ញៀវ សម្រាប់ពាក់សម្គាល់។ (...) មិនមែនផ្សារត្រីទេណា! ផ្សារថ្មី ផ្សារត្រី ក៏មានបទបញ្ជារបស់គេ ក្នុងនោះដែរ ត្រូវធ្វើយ៉ាងម៉េចខ្លះ។ មិនមែនសួនច្បារ មុខវត្តបុទុមទេ។ (...) សូមប្រយ័ត្នប្រយ៉ែងអាហ្នឹងៗ។ ដោយខ្ញុំគ្រាន់តែថា សូមអភ័យទោសឧត្តម ខៀវ កញារិទ្ធ បើគាត់មិនបាននិយាយទេ សុំទុកក្នុងធុងសម្រាមចុះ កុំលើកមកនិយាយ តែបើគាត់បាននិយាយពិតប្រាកដមែន សូមឲ្យគាត់មើលច្បាប់ ទាំងឡាយឡើងវិញ។»
ប្រតិកម្មទាំងប៉ុន្មាន ខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងមកកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងមកនេះ ដោយបានអះអាងថា «រដ្ឋសភា»គឺជាកន្លែងសាធារណៈ ដែលអ្នកសារព័ត៌មាន អាចចេញចូលធ្វើការរបស់ខ្លួន ដោយមិនត្រូវបាន មន្ត្រីសាធារណៈណាម្នាក់ មានសិទ្ធិបណ្ដេញចេញឡើយ។ ការថ្លែងរបស់លោក ខៀវ កាញារីទ្ធ ធ្វើឲ្យគេនឹកឃើញ ទៅដល់សកម្មភាព របស់លោក ឈាង វុន ដែលធ្លាប់បានបណ្តេញ អ្នកសារព័ត៌មាន ឲ្យចេញពីបរិវេណរដ្ឋសភា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ខណៈពេលអ្នកសារព័ត៌មាន កំពុងធ្វើកិច្ចសម្ភាស ជាមួយតំណាងរាស្រ្ត មកពីគណបក្សប្រឆាំង។
» សូមអានអត្ថបទទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្ម ពីលោក ខៀវ កាញារីទ្ធ បានទេ នូវការលើកឡើងខាងលើ ហើយគេក៏មិនទាន់ឃើញលោករដ្ឋមន្ត្រី បានប្រតិកម្មតប ជាសាធារណៈវិញដែរ មកទល់នឹងពេលនេះ។ ប៉ុន្តែការលើកឡើង រវាងលោក រដ្ឋមន្ត្រី និងលោក ឈាង វុន ដែលត្រូវបានអគ្គលេខាធិការរដ្ឋសភា បញ្ជាក់បន្ថែម នៅក្នុងលិខិតនោះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្នុងបរិបទខុសគ្នា។ លោក ខៀវ កាញារីទ្ធ និយាយអំពីកិច្ចការ និងសិទ្ធិរបស់អ្នកសារព័ត៌មាន ខណៈលោក ឈាង វុន និងលោក ឡេង ប៉េងឡុង ហាក់ដូចជានិយាយពង្វាង ពីសន្តិសុខរបស់រដ្ឋសភាពទៅវិញ (ជាឧទារហរណ៍៖ តើអ្នកសារព័ត៌មាន ចូលទៅលួចឆក់ នៅក្នុងរដ្ឋសភាឬ? ឬដើម្បីសម្ភាសនរណាម្នាក់ ចាំបាច់ទៅសុំការអនុញ្ញាត ពីមន្ត្រីសន្តិសុខ ពីអគ្គលេខាធិការ ឬពីប្រធានរដ្ឋសភាពឬ?)។
មន្រ្តីមួយរូប មកពីគណបក្សប្រឆាំង ដែលមានវត្តមាន ក្នុងសន្និសីទសារព័ត៌មាន បានខ្សឹបដោយសុំមិនបញ្ចេញឈ្មោះ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា៖ «ពេលនោះ (ពេលលោក ឈាង វុន ដេញអ្នកសារព័ត៌មាន ដែលកំពុងសម្ភាស តំណាងរាស្ត្រគណបក្សប្រឆាំង) អ្នកសារព័ត៌មាន ក៏ចង់បានប្រតិកម្មភ្លាមៗ ពីភាគីបដិបក្ស ដូច្នេះក៏ត្រូវសម្ភាស ឬសួរនាំនៅចំពោះមុខ ភ្លាមៗដែរ។ តែលោក ឈាង វុន បែរជាមក ដេញចេញ មិនឲ្យនិយាយ ដោយអះអាងថា មិនទាន់សុំការអនុញ្ញាត ពីប្រធានរដ្ឋសភា មុននឹងឆ្លើយនោះ។ (…) នេះជាចំណុចដែលលោក ឈាង វុន ធ្វើខុស ឆ្លើយខុស និងប្រតិកម្មខុស។»៕
» សូមស្តាប់ខ្លឹមសារទាំងស្រុង នៃការថ្លែងរបស់លោក ឈាង វុន នៅក្នុងសន្និសីទសារព័ត៌មាន ដូចខាងក្រោម៖
» រំលឹករូបភាពឡើងវិញ នៃការបណ្ដេញអ្នកសារព័ត៌មាន របស់លោក ឈាង វុន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥៖
» លិខិត របស់លោក ឡេង ប៉េងឡុង៖