អ៊ុំ សំអាន ថា ឈាង វុន ត្រូវមើលមាត្រា៨០ នៃរដ្ឋធម្មនុញសិន
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 22, 2015
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការវាយប្រហារ ដោយពាក្យសំដី នៃអ្នកតំណាងរាស្រ្តពីរនាក់ មកពីគណបក្សផ្សេងគ្នា បានធ្វើឲ្យល្បីរន្ទឺរ កក្រើកពេញពិភពកម្ពុជា ព្រោះម្ខាង ចង់ការពារប្រធានរដ្ឋសភា និងម្ខាងទៀត ចោទប្រកាន់ប្រធានរដ្ឋសភា ថាបានរំលោភរដ្ឋធម្មនុញ្ញ។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៧ ខែកក្កដានេះ លោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា អ្នកនាំពាក្យ និងជាប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានចោទប្រកាន់តំណាងរាស្រ្តមួយរូប មកពីគណបក្សសង្គ្រោះជាតិ ពីករណី«ថ្លើមធំ» ប៉ុនប៉ងប្តឹងប្រធានរដ្ឋសភា លោក ហេង សំរិន ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ លោកថា បើតំណាងរាស្រ្ត អ៊ុំ សំអាន ដែលល្បីខាងបញ្ហាព្រំដែននោះ មិនដកចិត្ត មិនដកបណ្តឹង ប្តឹងប្រធានរដ្ឋសភានោះទេ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងធ្វើការជំនួសសភាពេញអង្គ ដើម្បីឈានទៅដកអភ័យឯកសិទ្ធិសភា ពីលោក អ៊ុំ សំអាន មុននឹងប្រគល់លោក ឲ្យទៅតុលាការកម្ពុជាកាត់ទោស។
» សូមអានអត្ថបទដែលទាក់ទងឡើវិញ ដោយចុចនៅលើទីនេះ។
ប៉ុន្តែ ការថ្លែងព្រមាន នៅសន្និសីទសារព័ត៌មាន របស់លោក ឈាង វុន មិនអាចទុកឲ្យលោក អ៊ុំ សំអាន បិតមាត់សង្កត់ចិត្ត នៅស្ងៀមមិនតបតរនោះទេ។ តំណាងរាស្ត្រមកពីគណបក្សប្រឆាំង បានសរសេរតប នៅលើទំព័រហ្វេសប៊ុក របស់លោកវិញថា៖ «លោក ឈាង វុន ព្រមានព្យួរអភ័យឯកសិទិ្ធ តំណាងរាស្រ្តរបស់ខ្ញុំ។ សូមលោក ឈាង វុន មើលមាត្រា៨០នៃរដ្ឋធម្មនុញផង។»
មាត្រា ៨០ នៃរដ្ឋធម្មនុញ្ញចែងថា៖ «តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍ របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ច ត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍ របស់រដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច។ សេចក្ដីសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើន ពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឱ្យផ្អាក តាមមតិភាគច្រើនបីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។»
សូមរំលឹកថា នៅក្នុងរយៈពេលចុងក្រោយនេះ ក្រុមអ្នកតំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ ពិសេសលោក អ៊ុំ សំអាន បានធ្វើការចោទប្រកាន់ប្រធានរដ្ឋសភា លោក ហេង សំរិន ថា បានរំលោភមាត្រា៩៦ និងមាត្រា១៥០ថ្មី នៃរដ្ឋធម្មនុញ និងរំលោភប្រការ ៣២នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ម្តងជាពីរដង។ លោក អ៊ុំ សំអាន បានលើកឡើងថា ក្នុងលិខិតរបស់លោក រួមជាមួយតំណាងរាស្រ្តចំនួន៧នាក់ កាលពីថ្ងៃទី១០ ខែកកក្កដា ឆ្នាំ២០១៥ ស្នើទៅកាន់ឲ្យលោក ហោ ណាំហុង កោះហៅលោកឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា មកបំភ្លឺរឿងយួនបង្កហឹង្សា លើខ្មែរនៅជាយដែន និងការរំលោភដីខ្មែរ តាមរយៈរដ្ឋសភា តែត្រូវបានលោក ហេង សំរិន ទុកចោល មិនចុះហត្ថលេខារហូតដល់១០ថ្ងៃ។ លោកបានថ្លែងទៀតថា តាមរដ្ឋធម្មនុញ្ញ យ៉ាងយូរលិខិត របស់តំណាងរាស្រ្ត អាចទុកបានត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ត្រូវបញ្ជូនចេញពីដៃប្រធានរដ្ឋសភា។
អមជាមួយលិខិតនោះ ដែលបានបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់លោក តំណាងរាស្រ្តរូបនេះ បានសរសេរថា៖ «លិខិតនេះ បានដាក់ជូនសម្តេច១០ថ្ងៃហើយ មិនទាន់ឃើញសម្តេចស៊ីញ៉េ វាយត្រាបញ្ជូនទៅរដ្ឋាភិបាល នៅឡើយទេ។ តាមធម្មតាលិខិតមួយ ចំណាយពេលពី២ ទៅ៣ថ្ងៃប៉ុណ្ណោះ សម្រាប់ស៊ីញ៉េបោះត្រា។ សម្តេចធ្វើប្រធានសភា តាំងពីឆ្នាំ២០០៦មក គឺ៩ឆ្នាំហើយ។ ក្នុង១ខែ សម្តេចបដិសេធមិនបញ្ជូនលិខិត យ៉ាងតិចលិខិត៤ ក្នុង១ខែ។ ដូច្នេះ៩ឆ្នាំ បដិសេធ មិនបញ្ជូនលិខិតតំណាងរាស្រ្ត យ៉ាងតិច ៤៣២លិខិត។»
លោកបានធ្វើការចោទប្រកាន់ ប្រធានរដ្ឋសភាថា៖ «ការបដិសេធ មិនបញ្ជូនលិខិតតំណាងរាស្រ្ត គឺជាការរំលោភសិទ្ធិតំណាងរាស្រ្ត និងសិទ្ធិប្រជាពលរដ្ឋ។ ព្រោះប្រជាពលរដ្ឋ យ៉ាងតិច៥ម៉ឺននាក់ បានបោះឆ្នោតឲ្យតំណាងរាស្រ្តម្នាក់។ ហើយសំណើរបស់ប្រជាពលរដ្ឋ តាមរយៈតំណាងរាស្រ្ត ត្រូវបានផ្អាប់ទុក។ តំណាងរាស្រ្ត គួរតែពិចារណារឿងនេះ កុំទុកឲ្យគេរំលោភសិទ្ធិទៀត។ សិទ្ធិតំណាងរាស្រ្ត ត្រូវបានគេរំលោភ ចុះទំរាំសិទ្ធិប្រជាពលរដ្ឋ ត្រូវបានគេរំលោភយ៉ាងណា?»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចស្វែងរកប្រតិកម្ម ត្រឡប់ពីអ្នកនាំពាក្យរដ្ឋសភាបានទេ ក្នុងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ៕