«ហេង សំរិន ធ្លាប់​អាន​អក្សរ​"ច្រឡំ"​ជួរ!»

សាក្សី ដែលបានចូលរួម ពិធីបើកបវេសនកាល កាលពីអំឡុងដើមទសវត្សឆ្នាំ៨០ បានរំលឹកប្រាប់ថា លោក ហេង សំរិន ប្រធាន​រដ្ឋសភា​សព្វ​ថ្ងៃ​នេះ ធ្លាប់អានច្រឡំអក្សរ និងច្រឡំបន្ទាត់ជាច្រើនដង។
«ហេង សំរិន ធ្លាប់​អាន​អក្សរ​"ច្រឡំ"​ជួរ!»
លោក ហេង សំរិន ប្រធានរដ្ឋសភាសព្វថ្ងៃ។ (រូបថត monoROOM.info/ O. Vary)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២០ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 22, 2015
  • ប្រធានបទ: ប្រវត្តិមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បក្ខជន ដែលបានចូលរួមផ្ដួលរំលំ របបខ្មែរក្រហម នាឆ្នាំ១៩៧៩ ហើយត្រូវបានរបបថ្មី ហៅថា «សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា» លើកបន្តុបដោយវៀតណាម ឲ្យឡើងកាន់តំណែង មានអំណាចដើម្បីដឹកនាំប្រទេស​នោះ មួយភាគធំសុទ្ធសឹង ជាមនុស្សមិនចេះអក្សរ ឬមានចំណេះដឹងតិចតួច។ ពីក្នុងចំណោមនោះ មានមេ​ដឹកនាំ​«គ្រាក់ៗ» របស់គណបក្សប្រជាជនកម្ពុជា សព្វថ្ងៃ ដូចជាលោក ហេង សំរិន នេះជាដើម ដែលបើសូម្បី អាន​អក្សរ ក៏មិនត្រូវជ្រុងផងនោះ។ នេះ បើតាមការអះអាង របស់អតីតសាស្ត្រាចារ្យមួយរូប។

ពីរដ្ឋធានីប៉ារីស អ្នកស្រី វ.អ. អតីតសាស្ត្រចារ្យផ្នែកអក្សរសាស្ត្រ នៅវិទ្យាល័យបាក់ទូក ដែលបានចេញមក​រស់​នៅ ក្នុងប្រទេសបារាំង តាំងពីច្រើនឆ្នាំមកហើយ បានរំលឹករឿងនេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា លោក ហេង សំរិន អតីតប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ និងជា​អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តកម្ពុជា បានអាន​អក្សរ នៅ​ក្នុង​លិខិត​ដដែលៗ សរសេរដោយមនុស្សដដែល តាំងពីលោកមានតំណែងខ្ពស់ ក្នុងបក្សនិងរដ្ឋាភិបាល នៅ​ក្រោយ​ឆ្នាំ១៩៧៩។ តែបញ្ហាដែលសំខាន់នោះ គឺលោក ហេង សំរិន បានអាន​អក្សរ​ទាំង​នោះ​ខុស និង​ពេល​ខ្លះ បាន​អាន​ច្រឡំ​ឃ្លា ជាញឹកញាប់។

អ្នកស្រី បានថ្លែងឡើងថា៖ «កាលនោះ នាដើមទសវត្សន៍ឆ្នាំ៨០ ក្នុងសាលាបាក់ទូក គេមានធ្វើពិធីបើក​បវេសន​កាល ហើយនៅពេលនោះ សាលាត្រូវបានគេជ្រើសរើស ដើម្បីឲ្យលោក ហេង សំរិន មកចូលរួម ក្នុងពិធី​នោះ។ គេហៅលោក ហេង សំរិន ថា ជាសមមិត្ត ហេង សំរិន ហើយគាត់មានថានៈធំណាស់ ជាប្រធានរដ្ឋ និងជា​ប្រធាន​បក្សនោះផង ច៎ា។»

«បនប្រតិកិរិយា... និងបនអនុត្តរភាព...»

ពាក្យដែលអ្នកស្រីចាំច្បាស់ ជាមួយនឹងមនុស្សជាច្រើន នៅក្នុងវិទ្យាល័យនោះ គឺអ្នកស្រីបានឮលោក ហេង សំរិន អានតែឃ្លាដដែលៗ ដែលគេឮ សឹងតែរាល់សុន្ទរកថា របស់ក្រុមមេដឹកនាំសម័យនោះ មានន័យថា៖ «ប្រឆាំង​ដាច់ខាត និងធ្វើការថ្កោលទោស យ៉ាងខ្លាំងក្លា នូវខ្មាំង បនក្បត់ប្រតិកិរិយា ចាស់ថ្មីមាន ប៉ុលពត អៀង សារី ខៀវ សំផន សឺន សាន សីហនុ រួមនឹងបនអនុត្តរភាព វាតទីនិយម ចិនប៉េកាំង និងចក្រពត្តិ​អាមេរិក»។ តែ​រំពេច​នោះ លោក ហេង សំរិន បានអានឃ្លាមួយច្រឡំជួរ ដោយអានឡើងវិញ នូវឃ្លាដដែលមួយនោះ ម្ដង​ទៀត។

អ្នកស្រីសាស្ត្រាចារ្យ ដែលមានអាយុជាង៦០ឆ្នាំ បានថ្លែងឡើងថា៖ «ច៎ា សម្រាប់អ្នកមិនយកចិត្តទុកដាក់ ប្រហែល​ជាស្ដាប់មិនទាន់ទេ ក្នុងនោះមានកូនសិស្ស និងមនុស្សមួយចំនួន ដែលមកចូលរួម ដើម្បីឲ្យតែមាន​វត្តមានប៉ុណ្ណោះ។ ជាពិសេស នៅមុនពេលនោះ ខ្ញុំតែងឮគេខ្សិបខ្សៀវគ្នា ថាលោក ហេង សំរិន អានអក្សរខុស និងច្រឡំជួរ ច្រើនដងណាស់ តែខ្ញុំមិនជឿងទេ រហូតមកដល់ថ្ងៃបើកបវេសនកាលនេះ ទើបខ្ញុំបានស្ដាប់ឮ ឃ្លា​មួយនោះ ដែលត្រូវបានលោក ហេង សំរិន អានឡើងពីរដង។ ហើយ​គ្រូៗប៉ុន្មាននាក់ទៀត ដែលនៅជិតខ្ញុំ ក៏​បាន​ស្ដាប់ឮដែរ តែពួកគេមិនទាន់មានប្រតិកម្មវិញទេ ព្រោះខ្លាចគេថា​ យើងប្រឆាំងបដិវត្ត។»

នៅក្នុងជីវប្រវត្តិ ដែលសរសេរឡើង ដោយក្រុមអ្នកនិពន្ធឯករាជ្យ នៅបស្ចឹមលោក បានអះអាងថា លោក ហេង សំរិន បានរៀនមិនទាន់ចប់កម្រិត បឋមសិក្សានៅឡើយ នៅមុនលោក បានចេញទៅចូលរួម ក្នុង​ចលនា​ខ្មែរ​ឥស្សរៈ​ប្រឆាំងបារាំង នាឆ្នាំ១៩៥៤។ ប៉ុន្តែផ្ទុយទៅវិញ លោក ហេង សំរិន បានទទួលការបំពាក់បំប៉ន ថ្នាក់​នយោបាយ​​«ជាន់ខ្ពស់» ពីសំណាក់ សាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅឆ្នាំ១៩៨១ ពោលគឺ២ឆ្នាំបន្ទាប់ ពី​​វៀតណាម​​បានលុកលុយ ប្រទេសកម្ពុជា ផ្ដួលរបបខ្មែរក្រហម ហើយបានបន្តុបរបប សាធារណរដ្ឋ​ប្រជា​មានិត​​​កម្ពុជា​នោះ  លោក ហេង សំរិន បានក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋ នៃរបបថ្មីនេះ ដែលត្រូវបាន គេ​ហៅ​លោ​ក​​ថា ជា​«សមមិត្តអគ្គលេខាធិការបក្ស»។

ទាក់ទងនឹងសំនួរសួរថា បើលោក ហេង សំរិន អានអក្សរមិនត្រូវជ្រុង ហេតុអ្វីលោក ត្រូវបានតម្លើងឲ្យមាន​តំណែង និងមានកិត្តិយស រហូតមកដល់សព្វថ្ងៃ? អ្នកស្រី វ.អ. ដែលហាក់ដូចជា ជិនណាយពីបញ្ហា​នយោបាយ ក្នុងប្រទេសកម្ពុជា បានថ្លែងថា៖ «រឿងនេះ ខ្ញុំមិនចង់បកស្រាយវែងឆ្ងាយទេ តែខ្ញុំគ្រាន់តែនិយាយថា នៅក្នុង​តែ​រយៈពេលប៉ុន្មានឆ្នាំដំបូង រាប់ពីឆ្នាំ១៩៧៩មកនោះ តើមានមនុស្សប៉ុន្មាននាក់ ដែលបានបាត់ខ្លួន ត្រូវបាន​ចាប់​ខ្លួន ឬត្រូវបានសម្លាប់នោះ? ក្នុងនោះមានលោក ចាន់ ស៊ី លោក ប៉ែន សុវណ្ណ និងលោក កែវ ចិន្តា ជាដើម។ ចម្លើយ មានតែម្យ៉ាងទេ មកពីអ្នកទាំងនោះ មានចំណេះដឹងច្រើនក្នុងខ្លួន ហើយតែមានចំណេះដឹងហើយ នោះ​មូលដ្ឋាន​គ្រឹះ សម្រាប់ធ្វើការងារ ឬដឹកនាំស្រុក ក៏វាមានទៅតាមណ្នឹងដែរ មិនមែននរណាៗ ចេះតែមកញ៉ាក់​ឲ្យលោតតាមនោះទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...